រាជធានីភ្នំពេញ ៖ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារួមជាមួយសមាជិក ព្រមទាំងដៃគូពាក់ព័ន្ធនានាបាននឹងកំពុងអនុវត្តគម្រោង បរិយាប័ន្នហរិញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដំណាក់កាលទី ២ ដែលរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ ក្នុងទំហំទឹកប្រាក់ប្រមាណពីរលានដុល្លារអាមេរិក ។ គម្រោងនេះត្រូវបានលោក សុខ វឿន បញ្ជាក់ឲ្យដឹងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យនាថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ ។
លោក សុខ វឿនបានឲ្យដឹងទៀតថា គម្រោងដំណាក់កាលទី ២ ដែលបានរៀបចំឡើងនេះផ្តោតអាទិភាពលើកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ក្នុងចំណោមប្រជាជនកម្ពុជា ,ការលើកកម្ពស់តួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ និងការពង្រឹងភាពធន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុថ្នាក់ជាតិក្នុងនោះក៏មានគម្រោងការផលិតអត្ថបទអប់រំអំពីការលើកកម្ពស់បរិយាប័ន្នហរិញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ឱ្យបានទូលំទូលាយផងដែរ ។
សូមរំលឹកឲ្យដឹងដែរថា តាមរយៈរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២៣ នេះបានបង្ហាញថា នៅក្នុងស្រុកព្រះនេត្រព្រះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង ១៤ បានផ្តល់សេវាឥណទានដល់ប្រជាពលរដ្ឋនៅស្រុកនេះបានជាង ១០.០០០ គ្រួសារ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណជា ៤៨,៨ លានដុល្លារអាមេរិក ។ ចំណែកឯអតិថិជនប្រាក់បញ្ញើវិញមានចំនួនប្រមាណ ១៦.៦០០ នាក់ ដែលមានសមតុល្យប្រាក់បញ្ញើសរុបចំនួន ៣,៩ លានដុល្លារអាមេរិក ។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា បច្ចុប្បន្ន វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេស ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅតាមតំបន់ជនបទ។ដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់វិស័យនេះតាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍច្បាស់លាស់ថែមទៀតមួយចំនួនក្នុងនោះបានអនុញ្ញាតឱ្យវិស័យនេះមានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាពនិងទំនុកចិត្ត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុ ក្នុងគោលដៅផ្តល់ជូនប្រជាជនកម្ពុជានូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ។
នៅក្នុងនោះដែរសិក្ខាសាលា បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋានឲ្យចូលរួមអប់រំ និងជួយពន្យល់ប្រជាជនអ្នកប្រើប្រាស់ប្រាក់កម្ចី ក្នុងមូលដ្ឋានខ្លួនឲ្យបានយល់ពីផលប្រយោជន៍ នៃការប្រលប្រាក់កម្ចី ពិសេសកុំលង់តាមការឃោសនាមិនសមហេតុផលរបស់ជនបោកប្រាស់ ដូចករណីថ្មីៗនេះ ដែលបានខ្ចីលុយពីគ្រឹះស្ថានមីក្រូយកទៅវិនិយោគដីឡូត៍ជាដើម ។ ពោលរាល់ប្រាក់កម្ចីត្រូវប្រើឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។ ជាមួយនេះត្រូវជួយក្រើន រំលឹក ដល់ ប្រជាជនឲ្យ មានការប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនដែលផ្ដល់ការប្រាក់ខ្ពស់ និងពិនិត្យស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនឲ្យបានម៉ត់ចត់ មុននឹងចេញលិខិតបញ្ជាក់សម្រាប់ការស្នើសុំប្រាក់កម្ចី ។ ហើយរាល់ការខ្ចីត្រូវធ្វើនៅតាមគ្រឹះស្ថានមីក្រូ ដែលទទួលស្គាល់ដោយច្បាប់ទើបចាកផុតពីបំណុលវន្ត័ករនិងទទួលបានការរីកចម្រើនសម្រាប់គ្រួសារ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ