ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម​កម្ពុជា ចុះ MoU ​ជាមួយ​ក្រុមហ៊ុន LANTON CLOUD SERVICE TECHNOLOGY CO., LTD. ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ កាលពី​រសៀល​ថ្ងៃ​ទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ឡាន​តុ​ន ក្លៅ​ដ៏…

រាជធានី​ភ្នំពេញ ​៖ កាលពី​រសៀល​ថ្ងៃ​ទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន​ឡាន​តុ​ន ក្លៅ​ដ៏ សឺ​វី​ស ថេ​កណ​ឡ​ជី ឯ​.​ក ដើម្បី​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា ព្រមទាំង​ជំរុញ​ដល់​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​កម្ពុជា​សម្រាប់​ទីផ្សារ​ក្នុងស្រុក ក្នុង​តំបន់ និង​ទៅ​កាន់​ពិភពលោក ​។

ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ បាន​ធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ឯកឧត្តម​-​លោក​ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក​, ឯកឧត្តម លោក លោកស្រី ប្រធាន​នាយកដ្ឋាន​/​វិទ្យាស្ថាន​, លោក​បណ្ឌិត លី គន់ (LI KUN) ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ឡាន​តុ​ន ក្លៅ​ដ៏ សឺ​វី​ស ថេ​កណ​ឡ​ជី ឯ​.​ក និង​សហការី ព្រមទាំង លោក លោកស្រី ដែល​ជា​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួងពាណិជ្ជកម្ម​ជា​ច្រើន​រូប​ ។

គោលបំណង​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​មាន​ដូច​ខាងក្រោម ​៖
​១. ធ្វើ​សហប្រតិបត្តិការ​ក្នុង​ការ​ជំរុញ​កិច្ច​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។
​២. ជំរុញ​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ក្នុង​ការងារ​ផ្សព្វផ្សាយ​សក្តានុពល​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ ប្រទេស​ចិន និង​ទីផ្សារ​ពិភពលោក ​។
​៣. លើកកំពស់​ភាព​ជា​ដៃគូ​នៃ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​រដ្ឋ​និង​ឯកជន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​និង​ការ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​។
​៤. បង្កើន​ការ​ស្ថាបនា ការ​អភិវឌ្ឍ​យ៉ាង​ទូលំទូលាយ និង​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ដូច​ជា ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ឆ្លង​ដែន ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ប្រព័ន្ធ​ឡូ​ជី​ស្ទីក សេវា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ការ​បំពេញ​កាតព្វកិច្ច​ពន្ធ​និង​អាករ ការ​រក្សា​ទិន្នន័យ​ឯកជន ការ​ការពារ​អ្នក​ប្រើប្រាស់ ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុងស្រុក​ និង​អន្តរជាតិ និង​វិស័យ​ផ្សេង​ៗ​ទៀត ​។

ក្នុង​ឱកាស​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ឯកឧត្តម សុខ សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ធ្វើ​របាយការណ៍​ជូន ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​មាន​វត្តមាន​ក្នុង​ពិធី​នេះ​ ។ លោក​បាន​ណែនាំ​ថា វិសាលភាព​កិច្ច​សហប្រតិបត្តិការ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នឹង​គ្របដណ្តប់​លើ​ការ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​នៅ​ក្រៅប្រទេស នៅ​យុទ្ធនាការ «​ភូមិ​មួយ​ផលិតផល​មួយ​» និង​ការ​គាំទ្រ​សម្រាប់​សហគ្រាស​កម្ពុជា​ក្នុង​ការ​ចូល​ទៅ​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ​។ លើស​ពី​នេះ លោក​ក៏​បាន​បញ្ជាក់​ពី​គោលដៅ​សំខាន់​ៗ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ និង​ទិស​ដៅ​សំខាន់​ៗ​មួយ​ចំនួន​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា ហើយ​បាន​ណែនាំ​ថា Lanton Cloud នឹង​ផ្តល់​នូវ​ការ​លក់​ផលិតផល ការ​ផ្សព្វផ្សាយ​ក្រុមហ៊ុន​អាកាសចរណ៍ និង​ការ​គាំទ្រ​សេវាកម្ម​ស្វ័យប្រវត្តិ​សម្រាប់​កា​រត​ភ្ជាប់​ជាមួយ Platform ផ្នែក​ឯកជន និង​ផ្តល់ សេវាកម្ម​សម្រាប់​ក្រសួងពាណិជ្ជកម្ម ផ្តល់​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ​។

ឯកឧត្តម សុខ សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ធ្វើ​របាយការណ៍ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏ បាន​លើក​ឡើង​ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុង​ការ​កសាង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​សម្រាប់​ទីផ្សារ​ក្នុងស្រុក ក្នុង​តំបន់ និង​ទៅ​កាន់​ពិភពលោក ហើយ​តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ នឹង​បង្កើត​ឱ្យ​មានការ​ត​ភ្ជាប់​រវាង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួងពាណិជ្ជកម្ម ជាមួយនឹង Platform ដែល​បង្កើត​ដោយ​វិស័យ​ឯកជន ក្រោម​កម្មវិធី Lanton Cloud ក្នុង​ការ​ជំរុញ​ឱ្យ​ផលិតផល​របស់​កម្ពុជា​មាន​លទ្ធភាព​ពង្រីក​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ក្ដី​រំពឹង​ថា តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ នឹង​រួម​ចំ​ណែ​ក្នុង​ការ​ជំរុញ​ការងារ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ជា​ពិសេស​គឺ​ការ​ពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា ការ​ការពារ​អ្នក​ប្រើប្រាស់ ការ​ទាញ​យក​ប្រយោជន៍​ពី​បរិ​វដ្ត​កម្ម (Transformation of Digitalization) និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ (Industrial Revolution 4.0) ក៏​ដូច​ជា​ការ​កសាង​សមត្ថភាព​របស់​មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម សម្រាប់​ការ​ប្រឡូក​ក្នុង​កិច្ចចរចា​ផ្នែក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ឱ្យ​កាន់តែ​ប្រសើ​ឡើង​បន្ថែម​ទៀត ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ពី​ក្រសួងពាណិជ្ជកម្ម (​លេខ ០០០១ ព​ណ​.​ចប​ព​.​អ ចុះ​ថ្ងៃ​ទី ២៩ ខែកញ្ញា ឆ្នាំ​២០២១) និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ Lanmei Aviation Group ដែល​បង្កើត​ឡើង​ដោយ​លោក​បណ្ឌិត លី គន់ បេសកកម្ម​របស់ ក្រុមហ៊ុន​ឡាន​តុ​ន ក្លៅ​ដ៏ គឺ​នាំ​យក​ប្រាជ្ញា​ចូល​ទៅ​ក្នុង​ជីវិត ធ្វើ​ឱ្យ​ការ​ផ្តល់​សេវាកម្ម​ប្រចាំ​ថ្ងៃ​មាន​ទំនាក់ទំនង​គ្នា អភិវឌ្ឍ​ឌី​ជី​ថ​ល​ភាវូបនីយកម្ម​នៃ​ប្រទេស​កម្ពុជា​ឱ្យ​មាន​សន្ទុះ​ទៅ​មុខ​កាន់តែ​ប្រសើរ និង​ឱ្យធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់ និង​ប្រកបដោយ​គុណភាព​ខ្ពស់​ ។ Lanton Cloud ប្តេជ្ញា​ចូលរួម​ពង្រីក និង​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និករ​បស់​ប្រទេស​កម្ពុជា ណែនាំ​ពិភពលោក​ឱ្យ​ស្គាល់​អំពី​ប្រទេស​កម្ពុជា និង​ផ្សព្វផ្សាយ​សក្តានុពល​ផលិតផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន និង​ទីផ្សារ​ពិភពលោក​។ នា​ពេល​បច្ចុប្បន្ន​នេះ Lanton Cloud បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​ដូច​ជា China Southern Airlines ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច JD.com របស់​ប្រទេស​ចិន ក្រុមហ៊ុន AVIS ផ្តល់​សេវាកម្ម​ជួល​រថយន្ត ក្រុមហ៊ុន​រោង​ភាពយន្ត Legend Cinema របស់​កម្ពុជា ធនាគារ ABA ធនាគារ Wing ។​ល​។

ទន្ទឹម​នឹង​នេះ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ នឹង​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍន៍​នៃ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​កម្ពុជា និង​ការ​កែ​លម្អ​បរិយាកាស​អាជីវកម្ម ពង្រីក​វិស័យ​សេវាកម្ម​អេ​ឡិច​ត្រូ​និក លើកកម្ពស់​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ដៃគូ​សាជីវកម្ម ពង្រីក​វិសាលភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​កម្ពុជា និង​ទាញ​យក​សក្តានុពល​ទីផ្សារ​ស្នូល​នៃ​ផលិតផល​កម្ពុជា ​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ថ្មី​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន Lanton Cloud នឹង​រួមចំណែក​ដល់​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ «​ត្បូង​ពេជ្រ​» ចិន​-​កម្ពុជា ​។

លើស​ពី​នេះ​ទៅ​ទៀត “Lanton Express” ដែល​ជា​ម៉ាក​នៃ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​របស់​ឡាន​តុ​ន ពឹងផ្អែក​លើ​កម្មវិធី “Lanton Cloud” និង​ក្រុមហ៊ុន​អាកាស​ចរ Lanmei Airlines ដែល​ឈរ​លើ​មូលដ្ឋាន​គំនិត​ផ្ដួចផ្ដើម «​ខ្សែ​ក្រ​វ៉ា​ត់​១ និង​ផ្លូវ​១» ដើម្បី​សម្រេច​បាន​នូវ​សេវាកម្ម​តែ​មួយ​នៃ​ខ្សែ​សង្វា​ក់​ទាំងមូល រួម​ប​ញ្ជូ​ល​ទាំងលទ្ធកម្ម ការ​ដឹក​ជញ្ជូន ការ​ប្រកាស​ពន្ធគយ និង​ការ​ចែកចាយ​ ។ ភស្តុ​ភារ និង​ថ្នាល​ធុរកិច្ច​ដ៏​ទូលំទូលាយ​នឹង​ត្រូវ​បាន​អភិវឌ្ឍ​រួម​គ្នា​មួយ​ជំហាន​ម្តង​ៗ ដោយ​ផ្តល់​ឱ្យ​សហគ្រាស​នូវ​ការ​ផ្គត់ផ្គង់​ជា​គោល ដែល​មាន​តម្លៃ​ទាប និង​សេវាកម្ម​ចែកចាយ​ប្រកបដោយ​គុណភាព​ខ្ពស់​ ៕ អត្ថបទសហការ