ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងអគ្គលេខាធិកា​ក្រុមប្រឹក្សា​ទឹក​អាស៊ី​ ស្វែងរក​ដំណោះស្រាយ​រួម​គ្នា ស្តី​ពី​បញ្ហា​ទឹក​ថ្នាក់​ជាតិ និង​តំបន់​អាស៊ី

2 ឆ្នាំ មុន

រាជធានីភ្នំំពេញ ៖ រសៀល​ថ្ងៃ​ទី ១៩ ខែមករា ឆ្នាំ ២០២៣ នា​ទីស្តីការក្រសួង ឯកឧត្តម លឹ​ម…

រាជធានីភ្នំំពេញ ៖ រសៀល​ថ្ងៃ​ទី ១៩ ខែមករា ឆ្នាំ ២០២៣ នា​ទីស្តីការក្រសួង ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុញាត​ឲ្យ​ឯកឧត្តម Jong-seong Lim សមាជិក​សភា​សាធារណរដ្ឋ​កូរ៉េ​, Dr. Yong-deok Cho អគ្គលេខាធិកា​ក្រុមប្រឹក្សា​ទឹក​អាស៊ី (AWC SG), តំណាង UNDP នៅ​កម្ពុជា និង​សហការី ចូល​ជួប​សម្តែង​ការ​គួ​សម និង​ជួប​ប្រជុំ​ទ្វេភាគី ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និងពិភាក្សា​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា ស្តី​ពី​បញ្ហា​ទឹក​ថ្នាក់​ជាតិ និង​តំបន់​អាស៊ី ។

ក្នុង​ឱកាស​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ស្វាគមន៍​វត្តមាន​របស់​ឯកឧត្តម​សមាជិក​សភា ឯកឧត្តម​អគ្គលេខាធិការ និង​សូម​ថ្លែងអំណរគុណ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជា​ច្រើន​ដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ បាន​នឹង​កំពុង​បន្ត​ជួយ​ឧបត្ថម្ភ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​វិស័យ​ធនធានទឹក​ត្រូវ​បាន​ពង្រឹង ពង្រីក និង​ធ្វើការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ហើយនឹង​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​ដែល​មាន​ទំនាក់ទំនង​ល្អជា​ប្រវត្តិសាស្ត្រ​យូរលង់​ណាស់​មក​ហើយ ឲ្យ​កាន់តែ​ល្អ​ប្រសើរ និង​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ជា​ពិសេស​ជាមួយ K-Water, K-Eximbank/EDCF, Koica, AWC, Korea Environment Industry and Technology Institute, KMI & KMA ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​គណៈប្រតិភូ អំពី​សមិទ្ធផល និង​ការងារ​ដែល​ក្រសួង​សម្រេច​បាន និង​កំពុង​អនុវត្ត​ព្រមទាំង​កិច្ច​ការងារ​ចំពោះ​មុខ​ក្នុង​ក្រប​ខណ្ឌ​វិស័យ​ធនធានទឹក និង​ឧតុនិយម ដើម្បី​រួមចំណែក​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នៃ​បម្រែបម្រួល​អាកាសធាតុ សំដៅ​ធានា​បាន​នូវ​សន្តិសុខ​ទឹក​សម្រាប់​បំពេញតម្រូវការ​ប្រើប្រាស់ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ ស្ថិត​ក្នុង​បរិបទ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សំណូមពរ​ដល់​ភាគី​កូរ៉េ ឲ្យ​ជួយ​ដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម លើ​មូលដ្ឋាន​បច្ចេកទេស (​ប្រព័ន្ធ​ផ្កាយ​រណប​, ឧតុនិយម និង​ជល​សាស្ត្រ​……) និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ។

ឯកឧត្តម Jong-seong Lim បាន​បង្ហាញ​នូវ​សេចក្តី​រីករាយ ដោយ​បាន​ជួប​ពិភាក្សា​ការងារ​ដោយ​ផ្ទាល់​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​នា​ពេល​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម ដែល​ក្រសួង​សម្រេច​បាន ក៏​ដូច​ជា​កិច្ចការ​បន្ត​ដែល​ត្រូវ​អនុវត្ត​ក្នុង​បេសកកម្ម​រួមចំណែក​ដល់​ការ​អភិវឌ្ឍ និង​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត ។ សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នា​ពេល​កន្លង​មក ប្រទេស​កូរ៉េ​បាន​រួមចំណែក​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍ​វិស័យ​ធនធានទឹក និង​បាន​ផ្តល់​ភាព​វិជ្ជមាន​ជា​ច្រើន​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ។ ឯកឧត្តម Jong-seong Lim នឹង​ពាំនាំ​នូវ​សំណូមពរ​ខាងលើ​ជូន​ដល់​រាជរដ្ឋាភិបាល​កូរ៉េ និង​បាន​បញ្ជាក់​ថា ចំពោះ​អនាគត​ទៅ​មុខ​ទៀត ប្រទេស​កូរ៉េ​នឹង​ធ្វើការ​ជាមួយ​គ្នា​ពាក់ព័ន្ធ​នឹង​វិស័យ​ធនធានទឹក ពុំ​មែន​សម្រាប់​តែ​កម្ពុជា​ទេ គឺ​នៅ​ក្នុង​ប្រទេស​អាស៊ី​ទាំងមូល ។

គិត​មក​ដល់​បច្ចុប្បន្ន​នេះ ជំនួយ​របស់​រាជរដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​នឹង​កំពុង​ដំណើរការ​ប្រតិបត្តិការ​លើ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី ក្នុង​ខេត្តបាត់ដំបង​, គម្រោង​អភិវឌ្ឍន៍​ធារាសាស្ត្រ និង​កាត់​បន្ថយ​ទឹកជំនន់​ខេត្ត បន្ទាយ​មាន​ជ័យ​, គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព​ព្រែក​នាល ក្នុង​ខេត្តស្វាយរៀង គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព 4P-IWRM ព្រែក​គ្រៀល ព្រែក​ព្រះ ព្រែក​កាំ​ពី និង​ព្រែក​ទេរ ក្នុង​ខេត្តក្រចេះ​, គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព​សម្រាប់​ផែនការមេ​គ្រប់គ្រង​ទឹក និង​ប្រព័ន្ធ​ជូនដំណឹង​ស្ទឹង​សែន ក្នុង​ខេត្តកំពង់ធំ​, គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​ការ​រៀបចំ​ផែនការមេ ការ​គ្រប់គ្រង​ទឹក​ចម្រុះ​របស់​អនុ​អាង​ទន្លេមេគង្គ​ទាំង ០៥ ក្រុម​នៅ​កម្ពុជា​, ប្រព័ន្ធ​ទទួល​រូបភាព​ពី​ផ្កាយ​រណប​ឧតុនិយម​កូរ៉េ និង​ទើបបាន​តម្លើង​រួចរាល់​នូវ​ស្ថានីយឧតុនិយម​ស្វ័យប្រវត្តិ​ចំនួន ២៧ កន្លែង នៅ​លើ​បណ្តា​រាជធានី ខេត្ត​ចំនួន ១១ ៕ អត្ថបទសហការ