ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម លឹ​ម គាន​ហោ ចុះ​ត្រួតពិនិត្យ​ស្ថានភាព ​ទឹកស្ទឹង​ព្រែក​ត្នោត នៅភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ នៅថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម…

រាជធានីភ្នំពេញ៖ នៅថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង ​រួម​មាន ឯកឧត្ដម ជួន ប៊ិ​ត​ថុ​ល អនុរដ្ឋលេខាធិការ ឯកឧត្ដម ម៉ៅ ហាក់ ដែល​ជា​ប្រធាន​មុខព្រួញ​រាជធានី​ភ្នំពេញ លោក​ថាំង វី​យុទ្ធ​ដា ប្រធាន​មុខព្រួញ​ខេត្តកណ្តាល លោក ហៀ​ង ម៉េ​ង ប្រធាន​មុខព្រួញ​ខេត្តកំពង់ស្ពឺ ព្រមទាំង​ក្រុម​មន្ត្រី​បច្ចេកទេស បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ ទឹកស្ទឹង​ព្រែក​ត្នោត​ នៅ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​មាន​គោលបំណង​សំខាន់​ៗ ​ចំនួន ០៣ រួម​មាន ៖

១- ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ ​អនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ព្រែក​ត្នោត ស្ថិត​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដែល​ទទួល​ជំនួយ​ហិរញ្ញប្បទាន ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​សម្រេចការ​សាង​សាង់​ប្រមាណ ៧០% ដោយ​បាន​ចូលរួម​ចំណែក​ជួយ​សម្រួល​លំហូរ​ទឹកបាន​យ៉ាងច្រើន បើ​ប្រៀបធៀប​ស្ថានភាព ​កម្ពស់​ទឹកស្ទឹង​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

២ – ពិនិត្យ​ស្ថានភាព​ទឹក​តាម​ខ្នង​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដែល​បច្ចុប្បន្ន​មិន​ទាន់​មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ ,​បើ​ទោះជា​យ៉ាងនេះ​ក្តី​ក្រុម​មន្ត្រី​បច្ចេកទេស​ក្រសួង និង​គ្រឿងចក្រ​បាន​ប្រចាំការ​ត្រៀម តាំងពី​ខែសីហា ឆ្នាំ​២០២២ មក​ម្លេះ ។

៣- ជា​សំណូមពរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ​ដែល​មាន​លំនៅ​ឋាន​នៅ​តាម​បណ្តោយ​ស្ទឹង ​ក្នុងភូមិ​សាស្ត្រ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មេត្តា​រក្សា​នូវ​ទំហំ ឬ ច្រក​មុខទឹក​ចាស់ ដើម្បី​ធានា​ដល់​ការ​ដោះ​ទឹក ​ឲ្យ​មាន​ប្រសិទ្ធភាព​ទាន់​ពេលវេលា បើ​ពុំនោះ​ទេ​រាជធានី​ភ្នំពេញ​នឹង​ទទួល​រង​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ។

គួរបញ្ជាក់ផងដែរថា ​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សំណង់​ទ្វារ​ទឹក​ទំនប់​អាង​៧​មក​រា នា​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង ៦:០០ នាទី​ព្រឹក ៖

  • កម្ពស់​ទឹក​ខាង​មុខទ្វារ ៤,៨០ ម៉ែត្រ​, កម្ពស់​ទឹក​ប្រុង​ប្រយ័ត្ន ៥,៣០ ម៉ែត្រ
  • កម្ពស់​ទឹក​ហូរ​លើ​ទំនប់​បង្ហៀរ ០,០០​ម៉ែត្រ (​ស្មើ​កម្ពស់​ទំនប់​បង្ហៀរ​)
  • កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ ៥,៤០​ម៉ែត្រ​, កម្ពស់​ទឹក​ប្រុង​ប្រយ័ត្ន ៧,០០ ម៉ែត្រ ។

ព្រឹក​នេះ​កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត បាន​បន្ត​ស្រក​ចុះ ០,៣០​ម៉ែត្រ ធៀប​នឹង​ព្រឹក​ម្សិលមិញ​ ៕ អត្ថបទសហការ