ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលារៀន​សហគមន៍ ​២១ សាខា​ទី ​២ ​ព្រែក​អញ្ចាញ​ សម្ពោធ​ជា​ផ្លូវការ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ថាប័ន​អប់រំ​ថ្មី​មួយ​របស់​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប គឺ​សាលារៀន​សហគមន៍​ ២១ សាខា​ទី ​២​…

រាជធានីភ្នំពេញ ៖ ស្ថាប័ន​អប់រំ​ថ្មី​មួយ​របស់​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប គឺ​សាលារៀន​សហគមន៍​ ២១ សាខា​ទី ​២​ ព្រែក​អញ្ចាញ​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នា​ថ្ងៃ​ទី ​២២ ខែកញ្ញា ឆ្នាំ ​២០២២ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​សហគមន៍​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ។

នា​ឱកាស​បើក​សាលារៀន​សហគមន៍ ​២១ សាខា​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មាន​ប្រសាសន៍​ថា «​ការ​បើក​សាលារៀន​មិនមែន​ត្រឹមតែ​រក​ប្រាក់​ចំណេញ​ជា​គោល​នោះ​ទេ គឺ​ដើម្បី​ផលិត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផង​ដែរ ​។ ជាក់ស្តែង​ការ​បើក​សាលារៀន​សហគមន៍​ ២១​ នេះ​គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​នៅ​ក្នុង​សហគមន៍​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ព្រោះថា​សាលា​ក្រៅពី​មានកម្ម​វិធី​សិក្សា​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា​ហើយ សាលារៀន​សហគមន៍ ​២១ ក៏​មាន​បញ្ចូល​នូវ​កម្មវិធី​សិក្សា​តាម​បែប​ទំនើប​ដូច​ជា​កម្មវិធី​សិក្សា​តាម​បំ​ណិ​ន​ជីវិត​សតវត្សរ៍​ទី ​២១ ដែល​នឹង​ជួយ​ឱ្យ​សិស្ស​ចេះ​ជំនាញ​ត្រិះ​រិះ​ពិចារណា ចេះ​សហការ ចេះ​ធ្វើការ​ជា​ក្រុម ចេះ​ជំនាញ​បច្ចេកវិទ្យា និង​ជំនាញ​កុំព្យូទ័រ​ជាដើម​» ។​

ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​លើក​ឡើង​ទៀត​ថា សាលា​ក៏​បាន​បញ្ចូល​កម្មវិធី​សិក្សា​ទំលាប់​ល្អ​ទាំង​ ៧ របស់​បុគ្គល​ឆ្នើម​មក​ពី​សហរដ្ឋអាមេរិក ដែល​ជួយ​អប់រំ​ផ្នត់គំនិត​សិស្ស​មាន​អត្ថ​ច​រិ​ក និង​ឥរិយាបថ​ល្អ កម្មវិធី​សិក្សា​ចំណេះដឹង​ហិរញ្ញវត្ថុ​មក​ពី​ប្រទេស​សឹ​ង្ហ​បុរី សម្រាប់​បង្រៀន​ឱ្យ​សិស្ស​ចេះ​ប្រើប្រាស់​និង​គ្រប់គ្រង​ថវិកា​បាន​ល្អ ចៀស​ផុត​ពី​សម្ភារ​និយម ចេះ​វិនិយោគ និង​ចេះ​សន្សំ​សំចៃ ​។

ម្ចាស់​គ្រឹះ​អប់រំ​ខាងលើ​បាន​បញ្ជាក់​ថា ចំពោះ​គ្រូបង្រៀន​ជនជាតិ​ខ្មែរ និង​បរទេស​មានបទពិសោធន៍ និង​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល និង​វគ្គ​បំប៉ន​សមត្ថភាព​ផ្សេង​ៗ ចំណែកឯ​កម្មវិធី​សិក្សា និង​កម្មវិធី​គាំទ្រ​វិញ​មាន​ដូច​បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ដទៃ​ទៀត​ដែរ​ ។ លើស​ពី​នេះ សាលារៀន​សហគមន៍​២១ ​នឹង​បញ្ចូល​ជំនាញ​វិជ្ជាជីវៈ​ដល់​សិស្ស​ថ្នាក់​ទី​ ១០​ ឡើង​ទៅ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ជំនាញ​មួយ​ច្បាស់លាស់​សម្រាប់​ខ្លួនឯង ក្រោយ​ពី​បញ្ចប់​ថ្នាក់​ទី ​១២ ហើយ​ពួក​គាត់​អាច​នឹង​ទទួល​បានការ​ងារ និង​ចំណូល​សមរម្យ​សម្រាប់​គាំទ្រ​ជីវភាព​ខ្លួនឯង និង​ក្រុម​គ្រួសារ​ទៀត​ផង​ ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី ដឹប អេ​ង អភិបាលរង​ស្រុក​មុខកំពូល​បាន​សម្តែង​ចូលរួម​អបអរសាទរ និង​បាន​ចាត់​ទុក​សាលារៀន​សហគមន៍​២១ មាន​សារសំខាន់​ណាស់​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។ លោកស្រី​ក៏​បាន​ជំរុញ​ឱ្យ​មាតាបិតា​យកចិត្តទុកដាក់​បណ្តុះបណ្តាល​បុត្រ​ធីតា របស់​ខ្លួន​ឱ្យ​បាន​ល្អ​ព្រោះថា​ពួក​គាត់ គឺជា​ធនធាន​ដ៏​មាន​សក្តានុពល​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​ ។

សូម​បញ្ជាក់​ថា សាលារៀន​សហគមន៍​ ២១ គឺជា​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​មាន​៣​សាខា​៖ សាខា​ក្រាំ​ធ្នង់ សាខា​ព្រែក​អញ្ចាញ និង​សាខា​ផ្សារ​គគីរ ព្រមទាំង​មានកម្ម​វិធី​អប់រំ​ទូទៅ​ភាសា​ខ្មែរ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​កម្រិត​បឋម​សិក្សា​ដោយ​អនុវត្ត​តាម​ប្រព័ន្ធ​អប់រំ​ជាតិ កម្មវិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​នៅ​កម្រិត​វិទ្យាល័យ​ក្នុង​តម្លៃ​សមរម្យ ថ្នាក់រៀន​មាន​ម៉ាស៊ីនត្រជាក់ អនាម័យ​ល្អ វិន័យ​ល្អ និង​សុវត្ថិភាព ព្រមទាំង​មាន​ប្រព័ន្ធ​ទំនាក់ទំនង​បច្ចេកវិទ្យា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ​៕ អត្ថបទសហការ