ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ​​ចុះ​ MoU ជាមួយ​ក្រុមហ៊ុន មេគង្គ ម៉ា​យ​ក្រូ​អ៊ិ​ន​សួ​រេ​ន ដើម្បីធានា​សុវត្ថិភាព​ការ​សិក្សា​របស់​សិស្សានុសិស្ស

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​១២ ខែសីហា ឆ្នាំ​ ២០២២ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន…

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ​១២ ខែសីហា ឆ្នាំ​ ២០២២ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន មេគង្គ ម៉ា​យ​ក្រូ​អ៊ិ​ន​សួ​រេ​ន គោលបំណង​ធានា​សុវត្ថិភាព​ការ​សិក្សា​របស់​សិស្សានុសិស្ស​ ឲ្យ​បាន​យូរអង្វែង តាម​រយៈ​ការ​បញ្ជៀប​ការ​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​សេវា​ធានា​រ៉ាប់រង​ជូន​ដល់​មាតាបិតា ឬ​អ្នក​អាណាព្យាបាល​សិស្ស ព្រមទាំង​ជួយ​លើកកម្ពស់​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​ឲ្យ​កាន់​រីក​ចម្រើន​បន្ថែម​ទៀត ​។

ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ឲ្យ​ដឹង​ថា ៖ «​ការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន មេគង្គ ម៉ា​ក្រូ​អ៊ី​ន​សួ​រេ​ន ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពី​សេវាកម្ម​ធានា​រ៉ាប់រង​របស់​ខ្លួន​ដល់​មាតា​មាតាបិតា​សិក្សា ដើម្បី​ចូលរួម​ចំណែក និង​គាំទ្រ​វិស័យ​អប់រំ​តាម​រយៈ​ការ​លើក​ស្ទួយ​សុភមង្គល​គ្រួសារ​ប្រជាជន និង​និរន្ត​ភាព​សិក្សា​របស់​សិស្ស​តាម​រយៈ​ការ​គ្រប់គ្រង​ហានិភ័យ​លើ​ហិរញ្ញវត្ថុ​របស់​ពួក​គាត់​ក្នុង​យថាហេតុ​ចៃដន្យ​ណាមួយ​» ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា ៖ «​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជា​ច្រើន​បាន​បង្កើត​ឡើងជា​បន្តបន្ទាប់ ដើម្បី​បំពេញ និង​ឆ្លើយ​តប​តម្រូវ​អភិ​ថិ​ជន ហើយ​នេះ​ក៏​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​មាន​សេ្ថ​រ​ភាព​នយោបាយ និង​សេដ្ឋកិច្ច​ល្អ​ប្រសើរ ដែល​កត្តា​ទាក់ទាញ​អ្នក​វិនិយោគិន​បរទេស​បន្ថែម​ទៀត​» ។

លោក ហ៊ុយ ឃៀង ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន មេគង្គ​ម៉ា​យ​ក្រូ​អ៊ិ​ន​សួ​រេ​ន បាន​លើក​ឡើង​ថា ៖ «​សេវា​ធានា​រ៉ាប់រង មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​ហានិភ័យ​ឲ្យ​បាន​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​មួយ​សម្រាប់​ថ្ងៃ​អនាគត ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​យើង​មាន​លំនឹង ក្នុង​ករណី​មានការ​ខូចខាត ឬ​បាត់បង់​ដែល​បណ្តាល​មក​ពី គ្រោះថ្នាក់​ចៃដន្យ ណាមួយ​» ។

លោក​ប្រធាន​បាន​បញ្ចា​ក់ថា ៖ «​កិច្ចសហការ​នៅ​ថ្ងៃនេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញច្បាស់​អំពី​សារៈសំខាន់​នៃ​ភាព​ជា​ដៃគូ​រវាង​វិស័យ​ធានា​រ៉ាប់រង និង​វិស័យ​អប់រំ​ ។ នេះ​បាន​ន័យ​ថា ប្រព័ន្ធ​អប់រំ​របស់​វេស​ឡាញ អេ​ឌ្យ​ខេ​សិន គ្រុប គឺជា​ប្រព័ន្ធ​អប់រំ​ដែល​រៀបចំ​កសាង​អនាគត​របស់​សិស្សានុសិស្ស ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ចំណែក​ការ​ធានា​រ៉ាប់រង​របស់​ក្រុមហ៊ុន មេគង្គ ម៉ា​យ​ក្រូ​អ៊ុ​ន​សូ​រេ​ន គឺជា​ការ​ធានា​រក្សា​នូវ​ស្ថិរភាព​អនាគត​នោះ​ឲ្យ​មាន​ភាព​ពិតប្រាកដ តាម​រយៈ​ការ​ផ្ដល់​សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ ក្នុង​ករណី​មាន​ហានិភ័យ​ជាយថាហេតុ​ណាមួយ​កើតឡើង​» ​។

ដោយសារ​សេវាកម្ម​ធានា​រ៉ាប់រង​លើកកម្ពស់​គុណ​តម្លៃ​ជីវិត និង​រក្សា​សេ្ថ​រ​ភាព​អនាគត​បុត្រ​ធីតា លោក​ឧកញ៉ា ប៉ិច បូ​ឡែ​ន បាន​លើកទឹកចិត្ត​អ្នក​អាណាព្យាបាល​ពិចារណា និង​សិក្សា​លទ្ធភាព​ប្រើប្រាស់​សេវា​ណាមួយ​សម្រាប់​កូន​ៗ និង​ក្រុម​គ្រួសារ​ ។

សូម​ជម្រាប់​ថា ក្រុមហ៊ុន មេគង្គ ម៉ា​យ​ក្រូ​អ៊ិ​ន​សួ​រេ​ន គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ២០១៥ ក្នុង​គោលបំណង​លើកកម្ពស់​គុណ​តម្លៃ​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​ការ​ការពារ​ហិរញ្ញវត្ថុ តាម​រយ​:​ការ​ផ្តល់​សេវា​ធានា​រ៉ាប់រង ​។ មក​ដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​យើង​បាន​ផ្តល់​ការ​ការពារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ជាង ២០ ​ម៉ឺន​នាក់​។

គួរ​បញ្ជាក់​ថា បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​និង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ក្នុង​ការ​ធានា​ការ​សិក្សា​របស់​សិស្សានុសិស្ស​រហូត​ដល់​ ៥ ​ឆ្នាំ ក្នុង​ករណី​មាតាបិតា ឬ​អ្នក​អាណាព្យាបាល​មាន​ហានិភ័យ​ដោយ​ចៃដន្យ​ណាមួយ​ដែល​មិន​អាច​ផ្តល់​ការ​សិក្សា​ពេញលេញ​ទៅ​កាន់​កូន​ៗ ៕ អត្ថបទសហការ