ខេត្តសៀមរាប ៖ ជាមួយគុណតម្លៃ និងទឹកចិត្ត ក្នុងការចូលរួមទ្រទ្រង់ ដល់ដំណើរការប្រចាំថ្ងៃ របស់មន្ទីរពេទ្យកុមារអង្គរ ក្រុមហ៊ុន មីជាតិ បានបន្តចូលរួមឧបត្ថម្ភធំ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី ៨» ដែលបានប្រព្រឹត្តឡើងនៅក្រុងសៀមរាប កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ សហការរៀបចំដោយ គណៈកម្មការរៀបចំព្រឹត្តិការណ៍ជិះកង់ (CFC) និងមន្ទីរពេទ្យកុមារអង្គរ ដោយមានការចូលរួមប្រមាណ ១០០០ នាក់ ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងរៃអង្គាសថវិកា ពីសាធារណជន វិស័យឯកជន និងស្ថាប័ននានា ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាល និងជួយសង្គ្រោះអាយុជីវិតរបស់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ ។ មន្ទីរពេទ្យកុមារអង្គរ គឺពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស ដែលបានបើកបំរើសេវាសុខភាព ជូនកុមារកម្ពុជា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ។ ទោះបីជាមានបញ្ហាកង្វះថវិកា នៅក្នុងដំណើរការប្រតិបត្តិយ៉ាងណាក៏ដោយ មន្ទីរពេទ្យមួយនេះ មិនដែលរួញរាក្នុងការជួយសង្ក្រោះអាយុជីវិតកុមារឡើយ ។
លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ «មីជាតិ ពិតជាមានសេចក្តីរីករាយ ដែលបានបន្តចូលរួមឧបត្ថម្ភគាំទ្រ ក្នុងព្រឹត្តិការណ៍ជិះកង់នេះជាថ្មីម្តងទៀត ។ ព្រឹត្តិការណ៍ឆ្នាំទី ៨ នេះ នឹងនៅបន្តជានិមិត្តរូប នៃស្មារតីសាមគ្គី ការរួបរួមគ្នា និងការបង្ហាញក្តីស្រលាញ់ របស់ប្រជាជាតិខ្មែរ ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងបន្តចូលរួមគាំទ្រព្រឹត្តិការណ៍ដ៏ធំមួយនេះ ដើម្បីបុព្ធហេតុកុមារកម្ពុជា ។ បន្ថែមពីនេះខ្ញុំសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តផ្តល់ការគាំទ្រ និងប្រើប្រាស់ផលិតផលមីជាតិ ដែលមានច្រើនជម្រើស និងរសជាតិ ក៏ដូចជាផលិតផលខ្មែរដទៃទៀត ដែលនេះបានបង្ហាញពីស្មារតីនៃការគាំទ្រផលិតផលក្នុងស្រុក និងរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាមោទនភាពរបស់ជាតិយើង» ។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏ពិសេសមួយ របស់ប្រជាពលរដ្ឋទូទៅ ក្នុងការចូលរួមថែរក្សាបរិស្ថាន និងសុខភាព ជាពិសេសគឺការចូលរួមចំណែក ក្នុងការបរិច្ចាគនូវថវិកា ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ។ លោក បន្តថា បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ កំពុងមានភាពមមាញឹក ក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺដល់កុមារ ដែលកំពុងមានការកើនឡើងឥតឈប់ឈរ ហើយក្នុងនោះមានតម្រូវការព្យាបាល ដោយឯកទេសជំនាញ មានចំនួនកាន់តែច្រើន ដែលជំងឺទាំងនោះមានដូចជា ជំងឺមហារីក តម្រងនោម ប្រព័ន្ធប្រសាទ ជំងឺទារក និងជំងឺមួយចំនួនទៀត ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នាឆ្នាំនេះ ទទួលបានការចូលរួមពីសាធារណជន ក្រុមហ៊ុនឯកជន និងសា្ថប័ននានា ប្រមាណ ១០០០ នាក់ ដែលការជិះកង់នេះ ចាប់ផ្តើមចេញពី គ្រឹះស្ថានអង្គរ(នៅផ្លូវ៦០ ម៉ែត្រ) ឆ្ពោះទៅឧទ្យានព្រៃអង្គរ ជាមួយការឆ្លងកាត់ប្រាសាទបាយ័ន លានជល់ដំរី សំដៅទៅសាលាបឋមសិក្សានគរក្រៅ ដែលជាទីតាំងបញ្ចប់កម្មវិធី បន្ថែមពីនេះ មីជាតិក៏បានចូលរួមផ្តល់ជាកញ្ចប់អំណោយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សានគរក្រៅផងដែរ ។
ក្នុងនាមជាផលិតផលជាតិ មីជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌នានា ក៏ដូចជាផលិតផលជាតិ ដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិប្តេជ្ញាចិត្តបន្តចូលរួមចំណែក ក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្ថែមទៀត ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ