ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ អេ​ស៊ី​លី​ដា សហការ​ជាមួយក្រុមហ៊ុន Western Union Network (Ireland) Ltd. ដាក់​ឱ្យដំណើរការ​ជា​ផ្លូវការ​សេវា​ផ្ទេរ​ប្រាក់ឆ្លង​ប្រទេស តាម​រយៈ អេ​ស៊ី​លី​ដា​ម៉ូ​បាល

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី ​២២ ខែមិថុនា ឆ្នាំ ​២០២២ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី…

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី ​២២ ខែមិថុនា ឆ្នាំ ​២០២២ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី (​ធនាគារ អេ​ស៊ី​លី​ដា​) “​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត​” បាន​ប្រកាស​ជាសាធារណៈ​ នៅ​ថ្ងៃនេះ​ថា ធនាគារ អេ​ស៊ី​លី​ដា បាន​សហការ​ជាមួយ​ក្រុមហ៊ុន វ៉េ​ស​ស្ទឺ​ន យូ​ញៀន (WU) ដែល​ជាក្រុមហ៊ុន​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេសលំដាប់​ពិភពលោក ដើម្បី​ដាក់​ឱ្យ​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស តាម​រយៈ អេ​ស៊ី​លី​ដា​ម៉ូ​បាល ទៅ​កាន់​បណ្តាញ​ប្រតិបត្តិការ​ជាង​ ២០០ ​ប្រទេស​នៅ​ទូ​ទាំង​សកលលោក ​។

ឥឡូវនេះអតិថិជន​ដែល​ប្រើប្រាស់ ​អេ​ស៊ី​លី​ដា​ម៉ូ​បាល អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ដល់​ក្រុម​គ្រួសារ​នៅ​ក្រៅប្រទេស​បាន​គ្រប់ពេលវេលា ដោយ​ពួក​គាត់​អាច​ធ្វើការ​ផ្ទេរ និង​ទទួល​ប្រាក់​ពី​ប្រទេស​ផ្សេង​ៗ​ជាង ២០០ ប្រទេស​នៅ​ទូ​ទាំង​សកលលោក ​។

អតិថិជន​ដែល​ប្រើប្រាស់​អេ​ស៊ី​លី​ដា​ម៉ូ​បាល អាច​ទទួល​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​ធនាគារ អេ​ស៊ី​លី​ដា ឬ គណនី​វ៉​ល​ឡេ​តរបស់​ពួក​គេ ដោយ​គ្រាន់តែ​បញ្ចូល​លេខ​សម្ងាត់​ផ្ទេរ​ប្រាក់ (Money Transfer Control Number “MTCN”) ទៅ​ក្នុង​អេ​ស៊ី​លី​ដា​ម៉ូ​បាល​។ ម្យ៉ាងវិញទៀត អតិថិជន​ក៏​អាច​ទទួល​សាច់ប្រាក់​ដែល​ផ្ទេរ​ជូន​ពួក​គាត់​នៅ​ទីតាំង​ធនាគារ អេ​ស៊ី​លី​ដា ដែល​នៅ​ជិត​បំផុត​ ។

បណ្ឌិត អ៉ិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ អេ​ស៊ី​លី​ដា និង​ក្រុមហ៊ុន វ៉េ​ស​ស្ទឺ​ន យូ​ញៀន ​ផ្តល់​នូវ​មធ្យោបាយ​យ៉ាង​ឆាប់រហ័ស មាន​ភាព​ងាយស្រួល ប្រកបដោយ​ទំនុកចិត្ត​ក្នុង​ការ​ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​តាម​រយៈ អេ​ស៊ី​លី​ដា​ម៉ូ​បាល បាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​ ។ តាម​រយៈ​ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​នេះ អតិថិជន​អាច​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស ហើយ​អ្នក​ទទួល​ប្រាក់​អាច​ដក​សាច់ប្រាក់​នៅ​ទីតាំង​ដែល​បម្រើសេវា​ផ្ទេរ​ប្រាក់ វ៉េ​ស​ស្ទឺ​ន យូ​ញៀន នៅ​ទូ​ទាំង​សកលលោក ​។ អតិថិជន​ដែល​ប្រើប្រាស់ អេ​ស៊ី​លី​ដា​ម៉ូ​បាល មាន​ជម្រើស​ច្រើន​ក្នុង​ការ​ផ្ទេរ​ប្រាក់ រួម​មានការ​ផ្ទេរ​ប្រាក់​ទៅ​ក្នុង​គណនី​ធនាគារ និង​គណនី​វ៉​ល​ឡេ​ត អេ​ស៊ី​លី​ដា​» ​។

បណ្ឌិត អ៉ិ​ន ចាន់​នី បាន​បន្ថែម​ទៀត​ថា ៖ «​កិច្ច​សហប្រតិបត្តិការ​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​ផ្សារ​ភា្ជ​ប់​អតិថិជន​ទៅ​នឹង​ឱកាស ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ក្នុង​ការ​ចាត់ចែង​សាច់ប្រាក់​របស់​ពួក​គាត់​តាម​មធ្យោបាយ​ដែល​អតិថិជន​មាន​តម្រូវការ​ប្រើប្រាស់​សាច់ប្រាក់​» ។

លោក Jeffrey Navarro ប្រធាន​ប្រចាំ​ប្រទេស​ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី ប្រ៊ុ​យ​ណេ និង​ឥណ្ឌូចិន របស់​ក្រុមហ៊ុន វ៉េ​ស​ស្ទឺ​ន យូ​ញៀន បាន​មាន​ប្រសាសន៍​ថា ៖ «​ស្ថាប័ន​យើង​រីករាយ​ក្នុង​ការ​បម្រើសេវា​ផ្ទេរ​ប្រាក់ វ៉េ​ស​ស្ទឺ​ន យូ​ញៀន តាម​រយៈ អេ​ស៊ី​លី​ដា​ម៉ូ​បាល ដោយ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​បែប​ឌី​ជី​ថ​ល​ជូន​ដល់​អតិថិជន និង​សាធារណជន​អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ដោយ​ខ្លួនឯង​បាន ​។ ក្រុមហ៊ុន វ៉េ​ស​ស្ទឺ​ន យូ​ញៀន បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន​ជាង ២០០ ប្រទេស​នៅ​ទូ​ទាំង​សកលលោក ហើយ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ យើង​បន្ត​បង្កើន​សមត្ថភាព ឌី​ជី​ថ​ល​របស់​យើង ដើម្បី​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន និង​ធ្វើ​ឲ្យ​ពួក​គាត់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​បាន​យ៉ាង​ទូលំទូលាយ​» ។

អំពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី
ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន ​៤ គឺ ១) វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា ២) អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី ៣) ធនាគារ អេ​ស៊ី​លី​ដា ឡាវ លី​មី​ធី​ត និង ៤) ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេ​ស៊ី​លី​ដា មី​យ៉ា​ន់​ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា ​។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៨,១៦​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក សមតុល្យ​ឥណទាន​សរុប​ចំនួន ៥,៧៩​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៥,៩០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​អតិថិជន​ប្រមាណ​ជាង ៣,៤៤​ លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ​២០២២ នេះ​ ៕ ដោយសហការ