រាជធានីភ្នំពេញ ៖ ក្នុងចេតនាចូលរួមសម្រួលទៅដល់ស្ថានភាពលំបាករយៈពេលខ្លីរបស់លោកតាស៊ីក្លូ ជនចាស់ជរាដែលមានជីវ ភាពខ្សត់ខ្សោយក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនទឹកពិសា វីតាល់ និងមីជាតិ បានសហការរៀបចំកម្មវិធី «ចែករំលែកភាពកក់ក្តៅលើកទី ៦» នាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នេះ នៅបរិវេណសួនច្បារវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ ដើម្បីចែកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ថ្នាំសង្កូវ និងថវិកាមួយចំនួន ជូនលោកតា លោកយាយ ចាស់ជរា និងប្រជាជនមានជីវភាពខ្សត់ខ្សោយប្រមាណជិត ៣០០ នាក់ ក្នុងរាជធានីភ្នំពេញ ។
កម្មវិធីសប្បុរសធម៌នេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ និងផលិតផលមីជាតិ ព្រមទាំងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត និងក្រុមការងារជាច្រើននាក់ ។
លោកជំទាវ អគ្គនាយិកានៃក្រុមហ៊ុន បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍សប្បុរសធម៌ ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណង និងគុណតម្លៃយ៉ាងច្បាស់លាស់ ក្នុងការផ្សាយមេត្តាចិត្ត ជាមួយគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ ក្នុងនាមជាមនុស្សជាតិតែមួយ តាមរយៈការចែករំលែកនូវស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនដល់លោកតា លោកយាយ លោកពូ អ្នកមីង បងៗ អ្នកខ្សត់ខ្សោយ ខ្វះខាត ដែលជួបប្រទះការលំបាក ។
បន្ថែមពីនេះ លោកជំទាវ អគ្គនាយិកា បានបន្តថា «ស្ថានភាពកូវីដ ១៩ មានសភាពល្អប្រសើរ ប៉ុន្តែវានៅជាការលំបាកសម្រាប់ជនចាស់ជរា និងប្រជាជនមួយចំនួនដែលមានជីវភាពខ្សត់ខ្សោយ ។ អាស្រ័យហេតុដូចនេះ វីតាល់ និងមីជាតិ នៅតែបន្តរៀបចំកម្មវិធីនេះឡើងដោយសង្ឃឹមថា នឹងអាចចូលរួមចំណែក សម្រួលនូវការលំបាកមួយចំនួន និងផ្តល់ភាពកក់ក្តៅជូនដល់លោកតា លោកយាយ និងប្រជាជនដែលជួបការលំបាក បានមួយរយៈខ្លីផងដែរ» ។
ចំពោះអំណោយ ដែលក្រុមហ៊ុនបានចែកជូននាថ្ងៃនេះរួមមាន អង្ករ ទឹកពិសាវីតាល់ មីជាតិ ត្រីខ អាវ ក្រមា ថ្នាំសង្កូវ និងថវិកាមួយចំនួនផងដែរ ។ ចាស់ជរា និងប្រជាជន ដែលចូលរួមឱកាសនោះ ភាគច្រើនប្រកបរបរតិចតួច ដើម្បីជីវភាពប្រចាំថ្ងៃ តួយ៉ាងធាក់ស៊ីក្លូ លក់អំបោស សំលៀងកាំបិត ឬកាន់ជញ្ជីងថ្លឹងគីឡូជាដើម ។
គួរបញ្ជាក់ផងដែរ កម្មវិធីសប្បុរសធម៌ «ចែករំលែកផ្តល់ភាពកក់ក្តៅ» ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយក្រុមហ៊ុនទឹកពិសា វីតាល់ តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ហើយមកដល់សព្វថ្ងៃនេះ គឺមានរយៈពេល ៦ ឆ្នាំ ។ ចំពោះក្រុមហ៊ុនមីជាតិ នេះក៏ជាឆ្នាំទី ៣ ដែលក្រុមហ៊ុនមីជាតិ បានចូលរួមសហការជាមួយក្រុមហ៊ុន វីតាល់ ក្នុងការរៀបចំកម្មវិធីនេះឡើង ។
ក្រុមហ៊ុនទាំងពីរ ប្តេជ្ញាបន្តសកម្មភាពរបស់ខ្លួននៅក្នុងការងារសប្បុរសធម៌ ក្នុងបុព្វហេតុជួយដល់សង្គមលើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយបន្តទៅទៀត ដើម្បីសង្គមជាតិយើងទាំងអស់គ្នា ក្នុងស្មារតី ខ្មែរតែមួយជួយគ្នាក្នុងគ្រាលំបាក ៕ ដោយសហការ
ចែករំលែកព័តមាននេះ