ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធុរកិច្ច​ថ្មី​មី​ត​ដុក​ទ័​រ ដែល​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្តាល​ក្នុង​កម្មវិធី Angkor 500 របស់​សហគ្រិន​ខ្មែរ ទទួល​បាន​ទុន​វិនិយោគ​ដំបូង​បំផុតពី​សំណាក់​ក្រុមហ៊ុន​បរិវត្ត​កម្ម​ក្នុងស្រុក អាយ​ជី​គ្រុប

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អាយ​ជី​គ្រុប បាន​សម្រេច​វិនិយោគ ធុរកិច្ច​ថ្មី មី​ត​ដុក​ទ័​រ ដែល​បង្កើត​ឡើង​ដោយ លោក​បណ្ឌិត ប៊ុ​ន​តុង…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អាយ​ជី​គ្រុប បាន​សម្រេច​វិនិយោគ ធុរកិច្ច​ថ្មី មី​ត​ដុក​ទ័​រ ដែល​បង្កើត​ឡើង​ដោយ លោក​បណ្ឌិត ប៊ុ​ន​តុង យី​និ​ត ដែល​ជា​និស្សិត​បញ្ចប់​ការ​សិក្សា Angkor500 ពី​កម្មវិធី incubation ដែល សហគ្រិន​ខ្មែរ បាន​ផ្តួចផ្តើម​ឡើង​ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៤ ខែមករា ឆ្នាំ ​២០២២ នៅ​សាល​ប្រជុំ​របស់ សហគ្រិន​ខ្មែរ ក្នុង​ឱកាស​រំលឹក​ខួប​នៃ​ការ​ចុះហត្ថលេខា​លើ​ភាព​ជា​ដៃគូ​រវាង IG Group និង Meet Doctor ។ តាម​រយៈ​ការ​ផ្ដល់​ទុន​ដំបូង​បំផុត​តាម​ការ​ស្នើ ជាមួយនឹង​ការ​វាយតម្លៃ​ខ្ទង់សែន​ដុល្លារ​អា​មេ​រិ​ក​នេះ មាន​គោលបំណង គាំទ្រ​ដល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា ការ​ចុះ​បញ្ជីកា​ក្រុមហ៊ុន​នៅ​កម្ពុជា ការ​លូតលាស់ និង​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន មី​ត​ដុក​ទ័​រ​នៅ​រាជធានី​ភ្នំពេញ តាម​បណ្តា​ខេត្ត និង​នៅ​ក្រៅប្រទេស​ផង​ដែរ​ ។

ឯកឧត្ដម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​សហគ្រិន​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា​ ៖ “​នៅ​ពេល​ដែល​សហគ្រិន​ខ្មែរ​ចាប់​ដៃគូ​ជាមួយ 500Global ក្នុង​ការ​បង្កើត​កម្មវិធី Angkor500 នៅ​កម្ពុជា សហគ្រិន​ខ្មែរបាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​ជាមួយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ដើម្បី​ជួយ​ឲ្យ​សហគ្រិន សម្រប​ខ្លួន​ទៅ​នឹង​កម្មវិធី​សិក្សា​ថ្នាក់​អន្តរជាតិ​ ។ ដោយ​មើលឃើញ​ថា​សហគ្រិន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​សហគ្រិន​ខ្មែរទទួល​បានការ​វិនិយោគ និង​វិវត្តន៍​បន្ត​ទៅ​មុខ​ទៀត បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រទេស​កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​វិនិយោគ​ក្នុង និង​ក្រៅប្រទេស ​។ សហគ្រិន​ខ្មែរ សង្ឃឹមថា​ ធុរកិច្ច​ថ្មី​ដែល​មាន​សក្តានុពល​ក្នុង​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​ឱកាស​ថ្មី​ៗ ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​ខ្លួន​បន្ត​ទៅ​មុខ​ទៀត​នៅ​ថ្ងៃ​អនាគត ​។

ពិធី​ចុះហត្ថលេខា​វិនិយោគ​វាង​ក្រុមហ៊ុន អាយ​ជី​គ្រុប និង មី​ត​ដុក​ទ័​រ ត្រូវ​បាន​ប្រារព្ធ​ឡើង ដោយ​មាន​វត្តមាន​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​បាន​ចូលរួម ក្នុង​នោះ​រួម​មាន​តំណាង​មក​ពី ImpactHub, UNDP និង​ស្ថាប័ន​ជា​ច្រើន​ទៀត​ ។ កិច្ចព្រមព្រៀង​វិនិយោគ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក ឈ សុ​ផា​ណា​ក់ អគ្គនាយករង​ផ្នែក​បច្ចេកវិទ្យា និង​នវានុវត្តន៍​របស់ អាយ​ជី​គ្រុប ជាមួយនឹង លោក​វេជ្ជបណ្ឌិត និ​ត ប៊ុ​ន​តុង​យី ស្ថាបនិក មី​ត​ដុក​ទ័​រ ដោយ​មាន លោក គឹ​ម ពុធ​គី​រី ប្រធាន​ក្រុមប្រឹក្សាភិបាល អាយ​ជី​គ្រុប ជាស​ក្សី ​។

លោក គឹ​ម ពុធ​គី​រី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អាយ​ជី​គ្រុប បាន​មាន​ប្រសាសន៍​ថា “​បេសកកម្ម​របស់ អាយ​ជី​គ្រុប គឺ ការ​ចូលរួម​ធ្វើ​បរិវត្តន៍​កម្ម កែ​លម្អ និង​គាំទ្រ​ ។ បរិវត្តន៍​កម្ម​របៀប​ដែល​យើង​ធ្វើការ កែ​លម្អ​បរិស្ថាន​ដែល​យើង​រស់នៅ និង​គាំទ្រ​រដ្ឋាភិបាល វិស័យ​សាធារណៈ​ និង​ឯកជន ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យ​ប្រទេស​ជាតិ​មាន​កំណើន​ និង​តុល្យភាព​ ។ ខ្ញុំ​មាន​សេចក្តី​រំភើប​រីករាយ ដោយ​ឃើញ​ថា ប្រព័ន្ធ​វេជ្ជសាស្ត្រ​ដែល​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​ដែល​ត្រូវ​បាន​គេ​មើល​រំលង​បំផុត​សម្រាប់​ការ​ធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម ក៏​ដូច​ជា​ការ​កែ​លម្អ​ជា​ទូទៅ​នៅ​កម្ពុជា​កន្លង​មក បាន​និង​កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​ច្រើន​គួរសម​នា​ពេល​បច្ចុប្បន្ន​ ។ ខ្ញុំ​សូម​ជូនពរ មី​ត​ដុក​ទ័​រ អាយ​ជី​គ្រុប សហគ្រិន និង​អ្នកជំនាញ​វិជ្ជាជីវៈ​ជា​ច្រើន​ទៀត​ជួប​តែ​សំណាងល្អ​ក្នុង​ដំណើរ​បរិវត្តន៍​កម្ម​របស់​យើង និង​សូម​ឱ្យ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំងអស់​គ្នា​ទទួល​បាន​ពរ​ជ័យ និង​ជោគជ័យ ខណៈ​ដែល​វិស័យ​សុខាភិបាល​បាន​និង​កំពុង​ក្លាយជា​កត្តា​សំខាន់​ចម្បង​ក្នុង​ការ​កំណត់​នូវ​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​” ​។

លោក ឈ សុ​ផា​ណា​ក់ អគ្គនាយករង​ផ្នែក​បច្ចេកវិទ្យា និង​នវានុវត្តន៍​នៃ​ក្រុមហ៊ុន អាយ​ជី​គ្រុប បាន​ធ្វើការ​កត់​សម្គាល់ថា មី​ត​ដុក​ទ័​រ និង​អាយ​ជី​គ្រុប​នឹង​បន្ត​ផ្ដោត​លើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​នៅ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​នៅ​ក្នុង​ប្រទេស ដោយ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា ការ​ពិបាក​ទទួល​បាន​សេវា​សុខាភិបាល ការ​ចំណាយ​លើសលុប​លើ​សេវា​សុខាភិបាល ទទួល​បាន​នូវ​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ដែល​មាន​វិជ្ជាជីវៈ​ពិតប្រាកដ ទទួល​បាន​នូវ​ការ​ធានា​រ៉ាប់រង និង​ហិរញ្ញប្បទាន​ហិរញ្ញវត្ថុ​សុខាភិបាល ទិន្នន័យ​វេជ្ជសាស្ត្រ ការ​ចែករំលែក និង​វិភាគ​ដោយ​ប្រព័ន្ធ​បញ្ញា​សិប្ប​និ​មិ​ត្ម និង​សេវា​ឌី​ជី​ថ​ល​ជា​ច្រើន​ទៀត ​។

លោក​វេជ្ជបណ្ឌិត និ​ត ប៊ុ​ន​តុង​យី ស្ថាបនិក មី​ត​ដុក​ទ័​រ បាន​មាន​ប្រសាសន៍​ថា “​មី​ត​ដុក​ទ័​រ​មាន​មហិច្ឆតា​ធំ ក្នុង​ការ​ផ្ដល់​នូវ​សេវា​សុខាភិបាល​ទៅ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប​ដល់​ផ្ទះ​របស់​ពួក​គាត់​តែ​ម្ដង ក្នុង​តម្លៃ​សម​ស្រប​ទទួលយក​បាន ជាមួយនឹង​បទដ្ឋាន​ព្យាបាល និង​ក្រុម​គ្រូពេទ្យ​ក្នុងស្រុក និង​អន្តរជាតិ ប្រកប​នឹង​វិជ្ជាជីវៈ​ខ្ពស់​ ។ ហើយ​នេះ​នឹង​មិន​អាច​ទៅ​រួច​នោះ​ទេ ប្រសិនបើ​យើង​មិន​បង្កើត​អាជីវកម្ម​ថ្មី​ទាំងស្រុង និង​ផ្លាស់​ប្តូរ​ការ​ថែទាំ​សុខភាព​នៅ​ក្នុង​ប្រទេស​តាម​រយៈ​មធ្យោបាយ​ឌី​ជី​ថ​ល​ ។ ជាមួយនឹង​ការ​លើក​ឡើង​បែប​នេះ ខ្ញុំ​ពិតជា​មានសំណាង​ណាស់​ដែល​មានការ​គាំទ្រ​ពី អាយ​ជី​គ្រុប ដើម្បី​បង្កើត​នូវ​កំពូល​កម្មវិធី​ថែទាំ​សុខភាព (healthcare superapp) មួយ​ដែល​ទៅ​ដល់​ប្រជាជន​ទូ​ទាំង​ប្រទេស ជាមួយនឹង​គោលដៅ​ដែល មី​ត​ដុក​ទ័​រ មាន គឺ​លើកកម្ពស់​លទ្ធភាព​ទទួល​បានការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៃ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​សេដ្ឋកិច្ច សង្គម សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​” ​។

ក្នុង​ពិធី ក៏​មានការ​ចូលរួម​ផង​ដែរ​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនអាយ​ជី​គ្រុប លោក Tomas Pokorny សមាជិក​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គលេខាធិការ CAFT ទីប្រឹក្សា​ក្រុមហ៊ុន អាយ​ជី​គ្រុប នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ផាយ ផេ ស្ថាបនិក​ក្រុមហ៊ុន D.Q.D ខន​សាល់​ធី​ង និង​ជា​សមាជិក​ឯករាជ្យ​នៃ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន FWD អ៊ិ​ន​ស៊ូ​រិ​ន (​ខេ​ម​បូ​ឌា​) និង​លោកស្រី Jitka Markova ជា​ប្រធាន​កម្មវិធី Angkor 500 ក៏​បាន​ចូលរួម​អបអរសាទរ​ផង​ដែរ​ដល់ មី​ត​ដុក​ទ័​រ ចំពោះ​ជំ​ហ៊ាន​ជោគជ័យ​មួយ​នេះ​ ។ “​ខ្ញុំ​ចាំ​ថា​ ខ្ញុំ​ស្ញប់ស្ញែង​ពេល​ឃើញ​ធុរកិច្ច​ថ្មី​របស់​អ្នក ដែល​បង្ហាញ​ថា ​ទីបំផុត​កម្ពុជា​មានការ​វិនិយោគ​ចូល​ទៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​សុខាភិបាល ហើយ​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល Angkor500 អាច​ជា​ផ្នែក​មួយ​នៃ​ដំណើរ​រីក​ចម្រើន​របស់​អ្នក ​។ ខ្ញុំ​សូម​ជូនពរ​ឱ្យ​កិច្ចសហការ​វិនិយោគ​នេះ​ក្លាយជា​ជំហាន​ដ៏​សំខាន់​មួយ ទោះ​វា​ជា​ជំហាន​តូច​ក្តី ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រភេទ​អាជីវកម្ម​សុខាភិបាល​ថ្មី​ទាំងស្រុង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​” ​។

អំពី​សហគ្រិន​ខ្មែរ
សហគ្រិន​ខ្មែរ ដែល​បង្កើត​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​គោលបំណង​កៀរគរ វិនិយោគ និង​គ្រប់គ្រង​ធនធាន ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន​ដ៏​រស់​រវើក​នៅ​កម្ពុជា ដោយហេតុ​នេះ​ជំរុញ​សកម្មភាព​សហគ្រិន ទៅ​ដល់​ការ​ច្នៃប្រឌិត និង​ការ​បង្កើត​តម្លៃបន្ថែម​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ។ សហគ្រិន​ខ្មែរ​មាន​ចក្ខុវិស័យ ក្លាយជា​វេទិកា​ថ្នាល​ជាតិ​សម្រាប់​ការ​លើកកម្ពស់​សកម្មភាព​សហគ្រិន​ក្នុង​វិស័យ​អាទិភាព​ចំនួន​បួន​៖ វិស័យ​បច្ចេកវិទ្យា ផ្តោត​លើ​បច្ចេកវិទ្យា​ក្នុង​ធុរកិច្ច​ថ្មី វិស័យ​សេវាកម្ម​ផ្តោត​លើ​ផ្នែក​បដិសណ្ឋារកិច្ច និង​ផ្នែក​ដឹក​ជញ្ជូន វិស័យ​កសិកម្ម​ផ្តោត​លើ​ផលិតផល​កែ​ច្នៃ​សម្រាប់​ការ​ប្រើប្រាស់​ក្នុងស្រុក និង ការ​នាំ​ចេញ និង​វិស័យ កម្មន្តសាល​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ផលិតកម្ម​ជំនួស​ការ​នាំ​ចូល និង​បណ្តុំ​ឧស្សាហកម្ម​សហគ្រាស​ធុន​តូច​និង​មធ្យម ​។

អំពី​ក្រុមហ៊ុន អាយ​ជី​គ្រុប
អាយ​ជី​គ្រុប គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពាណិជ្ជកម្ម កសិកម្ម បរិវត្ត​កម្ម ន​វា​នុ​ត្តន៍ និង​ធុរកិច្ច​ថ្មី​ ។ ក្ដី​សុបិន​របស់​យើង​ គឺ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី (Ecosystem) និង​ជា​ផ្នែក​មួយ​របស់​វា ​។ ប្រព័ន្ធ​អេកូឡូស៊ី​នេះ ដែល​ក្នុង​នោះ​អាជីវកម្ម​នានា នឹង​ជួយ​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ និង​សង្គម ជួយ​ដល់​ការ​ត្រៀម​ប​ង្កើ​ម​ថា មវន្ត​រវាង​តំបន់​ជនបទ​និង​តំបន់​ប្រជុំជន ជួយ​ជំរុញ​ដល់​ការ​បង្កើត​អន្តរ​សហការ​រវាង​មនុស្ស​វ័យ​ចំណាស់​ជាមួយ​ប្រជាជន​សម័យ​ឌី​ជី​ថ​ល ជួយ​ដល់​ការ​ត្រៀមខ្លួន​របស់​កម្លាំង​សម្រាប់​ស្វ័យប្រវត្តិកម្ម និង​ឧស្សាហកម្ម ៤.០ ព្រមទាំង​ជួយ​ឱ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍​ក្លាយទៅជា​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក​ផង​ដែរ​ ។ យោង​តាម​សញ្ញាណ​ចុង​ក្រោយ​ពី​មេដឹកនាំ​ពិភពលោក ដែល​កំពុង​រៀបចំ​សម្រាប់​វិស័យ​ឌី​ជី​ថ​ល និង​ពិភពលោក​ក្រោយ​កូ​វី​ដ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន អាយ​ជី​គ្រុប គឺ​កា​គាំទ្រ​នូវ​មូលធននិយម​ប្រមូលផ្ដុំ​បែប​ថ្មី និង​សេដ្ឋកិច្ច​បរិ​យា​ប័ន្ន​ ។

អំពី​ក្រុមហ៊ុន មី​ត​ដុក​ទ័​រ
មី​ត​ដុក​ទ័​រ​ គឺជា​វេទិកា​មួយ​ផ្តល់​សេវាកម្ម​សុខាភិបាល​ចេញចូល​តែ​មួយ រួម​មានការ​ប្រឹក្សា​យោបល់​តាម​អន​ឡាញ ជាមួយនឹង​គ្រូពេទ្យ​ឯកទេស រួម​នឹង​ការ​ដឹក​ជញ្ជូន​ថ្នាំពេទ្យ ការ​ទៅ​យក​សំណាក​ដល់​ផ្ទះ និង​ការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ ៕ ដោយសហការ