ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន HEINEKEN Cambodia អះអាង​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដោះស្រាយ «​ការ​ប្រែប្រួលអាកាសធាតុ​»

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ថ្ងៃ​ទី​ ២៨ ខែកញ្ញា ឆ្នាំ ​២០២១ ក្រុមហ៊ុន HEINEKEN Cambodia…

រាជធានី​ភ្នំពេញ​ ៖ ថ្ងៃ​ទី​ ២៨ ខែកញ្ញា ឆ្នាំ ​២០២១ ក្រុមហ៊ុន HEINEKEN Cambodia កំពុង​អះអាង​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ «ភាព​អាសន្ន​អាកាសធាតុ​» របស់​ពិភពលោក​តាម​រយៈ​ការ​ឧបត្ថម្ភ និង​ការ​ចូលរួម​ចំណែក​ដល់​កិច្ចប្រជុំ​កំពូល​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ឆ្នាំ​ ២០២១ (CCCS21) ដែល​ជា​កិច្ចប្រជុំ​កំពូល​លើក​ដំបូង​របស់​កម្ពុជា​ ។

កិច្ចប្រជុំ CCCS21 ដែល​មាន​រយៈពេល​មួយ​ថ្ងៃនេះ ​និង​រៀបចំ​ឡើង​ដោយ​ក្រសួងបរិស្ថាន (MoE) ក្រោម​ការ​សហការ​ជាមួយ​វិទ្យាស្ថាន Mekong Future Institute មានការ​ចូល​ពី​ក្រុម​អ្នកជំនាញ អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ប្រែប្រួល​អាកាសធាតុ អង្គការ​សង្គម​ស៊ី​វិល និង​ក្រុមហ៊ុន​អាជីវកម្ម​ជា​ច្រើន ដើម្បី​បង្ហាញ​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ឆ្ពោះទៅ​រក​និរន្តរភាព និង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ការ​ប្រែប្រួល​អាកាសធាតុ​ ។

លោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន HEINEKEN Cambodia បាន​ធ្វើ​ជា​តំណាង​របស់​ក្រុមហ៊ុន HEINEKEN Cambodia ដើម្បី​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​នេះ​ចំពោះ​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ ​។ លោកស្រី Ollivier បាន​រំលេច​គោលនយោបាយ​របស់​ក្រុមហ៊ុន ព្រមទាំង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​លើ​ថាមពល​កកើត​ឡើង​វិញ​ផង​ដែរ​ ។

លោកស្រី Ollivier បាន​មាន​ប្រសាសន៍​ថា​ ៖ «អ​ព្យា​ក្រឹត្យ​ភាព​កាបូន​មិនមែន​ជា​អ្វី​ថ្មី​ទេ​សម្រាប់​ក្រុមហ៊ុន HEINEKEN​ ។ យើង​កំពុង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​របស់​ក្រុមហ៊ុន​របស់​យើង​នៅ​ទូ​ទាំង​ពិភពលោក ហើយ​យើង​ក៏​កំពុង​ធ្វើ​ដូច​គ្នា​នេះ​ផង​ដែរ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ​។ យើង​ក៏​បាន​ចាប់ផ្តើម​វិនិយោគ​លើ​ដំណោះស្រាយ​ថាមពល​កកើត​ឡើង​វិញ​ផង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​របស់​យើង​ហៅ​ថា ចូលរួម​អភិវឌ្ឍ​ពិភពលោក​ដ៏​ល្អ​ប្រសើរ ដែល​បាន​ដាក់​ដំណើរការ​ក្នុង​ឆ្នាំ​ ២០១០ ​។ យុទ្ធសាស្ត្រ​នេះ​ក៏​អនុវត្ត​ផង​ដែរ​ចំពោះ​កម្ពុជា​»​ ។

គិត​ត្រឹម​ឆ្នាំ​ ២០១៣ ក្រុមហ៊ុន HEINEKEN Cambodia បាន​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​របស់​ខ្លួន​បាន ៥០%​ ។ ក្រុមហ៊ុន HEINEKEN Cambodia បាន​វិនិយោគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​លើ​រោងចក្រ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន​ក្នុង​រាជធានី​ភ្នំពេញ​ ។ ជីវឧស្ម័ន​ដែល​បញ្ចេញ​ដោយ​ការ​ដំឡើង​រោងចក្រ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​នេះ កំពុង​ត្រូវ​បាន​ប្រើប្រាស់​ធ្វើ​ជា​ថាមពល​កម្តៅ​ក្នុង​ប្រតិបត្តិការ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន ដែល​ជា​ថាមពល​កកើត​ឡើង​វិញ​មួយ​ក្នុង​ចំណោម ថាមពល​កកើត​ឡើង​វិញ​ផ្សេង​ៗ​ទៀត​ ។ ក្រៅពី​នេះ ក្រុមហ៊ុនផលិតស្រាបៀរ​មួយ​នេះ​បាន​រៀបចំ​ការ​សាងសង់​រោងចក្រ​ជីវម៉ាស​ផង​ដែរ​ ។

លោកស្រី Ollivier បាន​បន្ត​ថា ​៖ «​ប៉ុន្តែ​យើង​ក៏​ទទួលស្គាល់​ផង​ដែរ​ថា មានការ​ងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​ ។ ហើយ​យើង​ប្តេជ្ញា​ចិត្ត​ព​ន្លឿ​ន​សកម្ម ភាព​របស់​យើង​ដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ ១,៥ ​អង្សា​សេ​ដែល​កំណត់​ដោយ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​» ​។

កាលពី​ខែមេសា ឆ្នាំ​មុន ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់​ពិភពលោក​មួយ​នេះ​បាន​បង្ហាញ​គោលបំណង​ថ្មី​ៗ​នៅ​អន្តរជាតិ និង​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សម្រេច​បាន​ផែនការ​បញ្ចេញ​ឧស្ម័ន​កាបូន​សូន្យ​នៅ​ក្នុង​ផលិតកម្ម​ផ្ទាល់​របស់​ខ្លួន​នៅ​ត្រឹម​ឆ្នាំ​ ២០៣០​ ។

ក្នុង​ភាព​ជា​ដៃគូ​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​នានា ក្រុមហ៊ុន HEINEKEN មាន​បំណង​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​ឱ្យ​បាន ៣០% នៅ​ត្រឹម​ឆ្នាំ​២០៣០ នៅ​ទូ​ទាំង​ចង្វាក់​តម្លៃ​ទាំងមូល (value chain) របស់​ខ្លួន​ធៀប​នឹង​ឆ្នាំ ​២០១៨ ​។ នៅ​ឆ្នាំ ២០៤០ ក្រុមហ៊ុន​មាន​បំណង​សម្រេច​ឱ្យ​បាន​អ​ព្យា​ក្រឹត្យ​ភាព​កាបូន​នៅ​ក្នុង​ចង្វាក់​តម្លៃ​ទាំងស្រុង​របស់​ខ្លួន ​។ ក្រុមហ៊ុន​កំពុង​ចាត់វិធានការ​ផ្អែក​លើ​វិទ្យាសាស្ត្រ​តាម​រយៈ​ការ​ធ្វើ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គំនិត​ផ្តួចផ្តើម​ទិស​ដៅ​ផ្អែក​លើ​វិទ្យាសាស្ត្រ (Science Based Targets) ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ថ្មី​របស់​ក្រុមហ៊ុន ​។

លោកស្រី Ollivier បាន​បន្ថែម​ថា ​៖ «​ក្នុង​នាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​ប្រទេស និង​ជា​ម៉ាក​យីហោ​ក្នុងស្រុក​មួយ​ដែល​មានការ​គាំទ្រ​ជា​លក្ខណៈ​អន្តរជាតិ​ពី​ក្រុមហ៊ុនមេ​លំដាប់​ពិភពលោក​របស់​យើង ក្រុមហ៊ុន HEINEKEN Cambodia ជឿជាក់​ថា ក្រុមហ៊ុន​មាន​ភារកិច្ច​ដើម្បី​ជំរុញ និង​បង្ហាញ​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ថា វា​អាច​សម្រេច​បាន​យ៉ាង​ពិតប្រាកដ​» ។

ក្រៅពី​អ​ព្យា​ក្រឹត្យ​ភាព​កាបូន ក្រុមហ៊ុន HEINEKEN ក៏​កំពុង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​សម្រាប់​ក្រុមហ៊ុន និង​ការ​ប្រើប្រាស់​ទឹក​ឡើង​វិញ​ផង​ដែរ ​។ គោលបំណង​របស់​ក្រុមហ៊ុន​គឺ​ជំរុញ​ឱ្យ​មាន​ពិភពលោក​មួយ​ប្រកបដោយ​បរិ​យា​បន្ន ស្មើភាព និង​សមធម៌ ខណៈ​ដែល​ក្រុមហ៊ុន​ក៏​តស៊ូ​មតិ​ឱ្យ​ពិសារ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សម​ស្រប ​។ ទាំងនេះ​គឺជា​សរសរ​ស្តម្ភ​ពីរ​ផ្សេង​ទៀត​នៃ​គោលបំណង «​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ដ៏​ល្អ​ប្រសើរ​» របស់​ក្រុមហ៊ុន ​៕ ដោយ​សហការ