ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភម៉ូតូ Dream 2021 មួយគ្រឿងឱ្យទៅ ជៀស ស្រួច បន្ទាប់ពីបាត់ម៉ូតូចាស់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ដោយ​ក្ដី​អាណិតអាសូរ លោក​ឧកញ៉ា ឡេ​ង ប្រុស ដែល​ជា​បង​បង្កើត​របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ឧបត្ថម្ភ​ម៉ូតូ…

រាជធានី​ភ្នំពេញ ​៖ ដោយ​ក្ដី​អាណិតអាសូរ លោក​ឧកញ៉ា ឡេ​ង ប្រុស ដែល​ជា​បង​បង្កើត​របស់​អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា បាន​ឧបត្ថម្ភ​ម៉ូតូ Dream ឆ្នាំ​២០២១ ​ថ្មី​សន្លាង ១ គ្រឿង ដល់​អតីត​កីឡាករ​ប្រដាល់ ជៀស ស្រួច បន្ទាប់​ពី​លោក​បាន​ទទួល​ដំណឹង​ថា ម៉ូតូ​ចាស់ និង​ជា​ក្ដី​សង្ឃឹម​របស់​អតីត​កីឡាករ​ប្រដាល់​រូប​នេះ ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ ។

ពិធី​ប្រគល់ និង​ទទួល​ម៉ូតូ​ជា​អំណោយ​របស់​លោក​ឧកញ៉ា ឡេ​ង ប្រុស ត្រូវ​បាន​ធ្វើ​ឡើង​រវាង​លោក ហេង ឡុ​ង ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​តំណាង​ម្ចាស់​ជំនួយ ជាមួយ​សាមីខ្លួន​ជន​រង​គ្រោះ ជៀស ស្រួច នា​ព្រឹក​ថ្ងៃ​ទី ​២៧ ខែកញ្ញា ឆ្នាំ​ ២០២១​ នេះ ។ បើ​តាម​ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​លោក ហេង ឡុ​ង បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​ដំណឹង​ពី​អតីត​កីឡាករ​ប្រដាល់​លោក ជៀស ស្រួច ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ម៉ូតូ​កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​ខ្វះខាត​មធ្យោបាយ​ធ្វើ​ដំណើរ ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​នោះ លោក​ឧកញ៉ា ឡេ​ង ប្រុស ក៏​បាន​កើតការ​អាណិតអាសូរ ចំពោះ​អតីត​កីឡាករ​រូប​នេះ និង​បាន​ពឹងពាក់​ឱ្យ​លោក​ជួយ​សម្របសម្រួល កិច្ចការ​នេះ ។

ម្យ៉ាងទៀត លោក​ឧកញ៉ា​យល់​ឃើញ​ថា ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​សំខាន់ សម្រាប់​ការ​ប្រកប​របរ​ចិញ្ចឹម​ជិ​វិត ។ ហើយ​ប្រសិនបើ​អតីត​កីឡាករ ជៀស ស្រួច ទៅ​ធ្វើការ​រកស៊ី​ដោយ​ជិះ​ម៉ូតូឌុប ឬ​កង់​បី ជាដើម ប្រហែលជា​ត្រូវ​ចំណាយ​ច្រើន ដែល​នឹង​ធ្វើ​ឱ្យ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​កាន់តែ​ខ្លាំង ។

លោក ហេង ឡុ​ង មាន​ប្រសាសន៍​ថា ​៖ «​ខ្ញុំ​គិត​ថា គាត់​ (​ជៀស ស្រួច​) នឹង​មាន​ទឹកចិត្ត​ឡើង​វិញ ។ នៅ​ពេល​គាត់​មាន​ទឹកចិត្ត អាច​ប្រឹងប្រែង​ធ្វើ​ការងារ​បង្កើន​ចំណូល​សម្រាប់​ជីវភាព​របស់​គាត់ ខ្ញុំ​ជឿ​ថា គាត់​មាន​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន​» ។

ទោះបីជា​យ៉ាងណា ប្រធាន​សមាគម​លោក ហេង ឡុ​ង បាន​បង្ហាញ​ក្ដី​សង្ឃឹម​មុតមាំ​ថា ក្រោយ​ទទួល​បាន​ម៉ូតូ​មួយ​គ្រឿង​នេះ​ពី​សប្បុរសជន​ហើយ អតីត​កីឡាករ ជៀស ស្រួច នឹង​យក​ទៅ​ប្រើប្រាស់​ក្នុង​ន័យ​ដើម្បី​ស្ដារ​ជីវភាព​ឱ្យ​បាន​ល្អ​ប្រសើរ ដោយ​ប្រកប​របរ​ត្រឹមត្រូវ​ស្របច្បាប់ និង​ធ្វើ​យ៉ាងណា​ថែរក្សា​ឲ្យ​បាន ជៀសវាង​ការ​បាត់បង់​ម្ដងទៀត ដែល​ធ្វើ​ឲ្យ​សប្បុរសជន បាត់បង់​ទំនុកចិត្ត ក្នុង​ការ​បន្ត​ជួយ ។

ក្នុង​ឱ​កាស​នោះ អតីត​កី​ឡករ ជៀស ស្រួច បាន​បង្ហាញ​ក្ដី​រំភើប​រីករាយ ដែល​បាន​ទទួល​អំណោយ​ម៉ូតូ​មួយ​គ្រឿង​ថ្មី​សន្លាង​ពី​លោក​ឧកញ៉ា ឡេ​ង ប្រុស សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ និង​ប្រកប​របរ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ទៅ​ទៀត បន្ទាប់​ពី​ម៉ូតូ​ចាស់​ដែល​ជា​ក្ដី​សង្ឃឹម​តែ​មួយ​គត់ ត្រូវ​បាន​ជនសង្ស័យ​ជា​អ្នក​ស្គាល់​រាប់អាន​គ្នា​លួច​យក​ទៅ ។

លោក ជៀស ស្រួច បាន​ឆ្លើយ​តប​ថា ​៖ «​ខ្ញុំ​មិន​ធ្លាប់​នឹក​ស្មាន​ដល់​ទេ និង​អស់សង្ឃឹម​ខ្លាំង​ណាស់​! ប៉ុន្តែ​ខ្ញុំ​ពិតជា​រំភើប​រីករាយ​ណាស់ ដែល​បាន​លោក​ឧកញ៉ា ឡេ​ង ប្រុស មាន​ទឹកចិត្ត​សប្បុរសធម៌​បាន​ឧ​បត្ត​ម្ភ​ម៉ូតូ ​១ ​គ្រឿង​នេះ​ដល់​ខ្ញុំ ​។ ខ្ញុំ​នឹង​ខិតខំ​ថែរក្សា​វា​ឱ្យ​បាន​ល្អ​ទុកជា​កេរដំណែល​តទៅ និង​តាំងចិត្ត​ខិតខំ​ធ្វើ​ការងារ​ប្រកប​របរ​ចិញ្ចឹមជីវិត​ឲ្យ​បាន​ប្រសើរ​» ។

គួរ​រំឭក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​ ១៨ ខែកញ្ញា ឆ្នាំ​ ២០២១ កន្លង​ទៅ​នេះ កីឡាករ​ប្រដាល់​គុន​ខ្មែរ​លោក វង្ស ណ​យ បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ធ្វើ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ដែល​ខ្លួន​ត្រូវ​បាន​បុរស​ម្នាក់ ដែល​ជា​អ្នក​ដឹក​ងៀត​ក្របី លួច​យក​ម៉ូតូ​ចំនួន​ពីរ​គ្រឿង និង​លុយ​លក់​ងៀត​ក្របី​មួយ​ចំនួន ​។ ក្នុង​ចំណោម​ម៉ូតូ ​២ ​គ្រឿង​នោះ ក៏​មាន​ ១​ គ្រឿង​ជា​របស់​អតីត​កីឡាករ ជៀស ស្រួច ដែល​ជា​មធ្យោបាយ​ដឹក​ងៀត​ក្របី​ទៅ​ឲ្យ​អតិថិជន ។

ទោះបីជា​យ៉ាងណា ជនសង្ស័យ​ដែល​បាន​បោក​យក​ម៉ូតូ​របស់​កីឡាករ វង្ស ណ​យ និង​អតីត​កីឡាករ ជៀស ស្រួច ទៅ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី ​២៣ ខែកញ្ញា​ឆ្នាំ​ ២០២១​ កន្លង​ទៅ​នេះ ៕ ដោយ​សហការ