ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគ្រិន​ខ្មែរ និង​អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា សហការ​គ្នា​ជំរុញ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ សហគ្រិន​ខ្មែរ ដែល​ជា​ស្ថាប័ន​មួយ​ស្ថិត​នៅ​ក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ សហគ្រិន​ខ្មែរ ដែល​ជា​ស្ថាប័ន​មួយ​ស្ថិត​នៅ​ក្រោម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ទស្សនវិស័យ​ក្លាយជា​ថ្នាល​ជាតិ​សម្រាប់​ការ​លើកកម្ពស់​គ្រប់​សកម្មភាព​របស់​រិ​ស័​យ​សហគ្រិនភាព និង​អង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា (CPSA) ដែល​ជា​វេទិការ​ដៃគូ​ពហុភាគី បាន​ចូលរួម​សហការ​ជា​ដៃគូ ដើម្បី​លើកកម្ពស់​ភាព​ជា​សហគ្រិន​ក្នុង​វិស័យ​កសិកម្ម ។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ដំណើរការ​ជម្រុញ​ឱ្យ​មាន​ន​វា​នុ​វត្ត​ន៏ ការ​សម្រប​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យា​ថ្មី​ដំណោះស្រាយ​ផ្នែក​ផលិតកម្ម ការ​អភិវឌ្ឍ​ជំនាញ ការ​ផ្សារ​ភ្ជាប់​គ្រឹះស្ថាន​អប់រំ និង​វិស័យ​ឧស្សាហកម្ម និង​ភាព​ជា​សហគ្រិន​ក្នុង​វិស័យ​កសិកម្ម ព្រមទាំង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ទិន្នន័យ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ក្នុង​គោលបំណង​បង្កើត​ជា​យន្ដការ​គាំទ្រ​នានា ។

ក្នុង​ឱកាស​នេះ សហគ្រិន​ខ្មែរ និង​អង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា​បាន​ចាប់ផ្តើម​អនុវត្ត កម្មវិធី​បណ្ដុះ ធុរកិច្ច​ថ្មី សហគ្រិន​ក្នុង​សហគមន៍​កសិកម្ម ដែល​មាន​រយៈពេល​បី​ឆ្នាំ ក្នុង​គោលបំណង​បង្កើត​ឧស្សាហកម្ម​កសិកម្ម​ប្រកប ដោយ​ផលិតភាព និង​ចីរភាព ។ គម្រោង​នឹង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ចំបង​ចំនួន​ពីរ ដែល​ជះ​ឥទ្ធិពល​ដល់ វិស័យ​កសិកម្ម​នៅ​កម្ពុជា រួម​មាន ផលិតភាព​ទាប និង​ខ្វះ​ការ​ចូលរួម​ពី​យុវជន​នៅ​ក្នុង​វិស័យ​នេះ ។ គម្រោង​នេះ​មាន​សមាសធាតុ​ពីរ​សំខាន់​ៗ ទី​មួយ​គឺ “​ការ​បណ្ដុះ​ធុរកិច្ច​ថ្មី​” ដែល​យុវជន​ត្រូវ​បាន​បណ្តុះបណ្តាល​រយៈ ពេល ៤ ខែ​លើ​មុខ​វិជ្ជា​បច្ចេកទេស​កសិកម្ម សហគ្រិនភាព និង​ជំនាញ​ធុរកិច្ច និង​ទី​ពីរ​គឺ “​ការ​ចុះ​កម្មសិក្សា​” របស់​យុវជន រយៈពេល​មួយ​ឆ្នាំ​ជាមួយ​សហគមន៍​កសិកម្ម ក្នុង​ខេត្ត​គោលដៅ​មួយ​ចំនួន ដើម្បី​ជួយ​កសិករ និង​សហគមន៍​ជនបទ ។

លោក​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ សហគ្រិន​ខ្មែរ បាន​មាន​ប្រសាសន៍​ថា យោង​តាម ‘​ស្ថានភាព និង​ទស្សនៈវិស័យ​សេដ្ឋកិច្ច​កម្ពុជា​’ ដែល​បង្ហាញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ វិស័យ​កសិកម្ម​ត្រូវ​បាន​ប៉ាន់ ស្មានថា​មាន​កំណើន​វិជ្ជមាន​ប្រមាណ ០.៥ ភាគរយ ក្នុង​ឆ្នាំ​២០២០ ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​ដែល​វិស័យ​ដទៃ​ទៀត​ដូច​ជា​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ត្រូវ​បាន​ប៉ាន់ស្មាន ថា​មាន​កំណើន​អវិជ្ជមាន ។ ក្នុង​បរិបទ​ថ្មី​នេះ យើង​រំពឹង​ថា ការ​បង្កើន​ឱ្យ​មាន​នវានុវត្តន៍ និង​ជំនាញ​អាជីវកម្ម​នៅ​តាម​សហគមន៍​អាច​ជួយ​ជំរុញ វិស័យ​កសិកម្ម​ឱ្យ​មាន​សក្ដានុពល​ពេល​លេញ ។ កម្មវិធី​បណ្ដុះ​ធុរកិច្ច​ថ្មី សហគ្រិន​ក្នុង​សហគមន៍​កសិកម្ម ផ្តួចផ្តើម​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ខាងលើ​តាម​រយៈ​ការ​លើកកម្ពស់​សហគ្រិនភាព​ដល់​យុវជន និង​និស្សិត​នៅ​តាម​សកល​វិទ្យាល័យ ការ​ពង្រីក​សមត្ថភាព​របស់​សហគមន៍​កសិកម្ម​ព្រមទាំង​កសិករ និង​ការ​បង្កើន​ន​វា​នុ​វត្ត​ន៏​នៅ​ក្នុង​ខ្សែ​សង្វា​ក់​តម្លៃ កសិកម្ម ។

លោក ច័ន្ទ សេរីរ​ដ្ឋា នាយក​ប្រចាំ​ប្រទេស អង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា បង្ហាញ​សុទិដ្ឋិនិយម​ថា “​ប្រសិនបើ​អនុវត្ត​បាន​ល្អ​ប្រសើរ គម្រោង​នេះ នឹង​ចូលរួម​ចំណែក​ពង្រឹង​សេដ្ឋកិច្ច​ជនបទ តាម​របៀប​ច្រើន​យ៉ាង គឺ​ទី​មួយ​ទាក់ទាញ​យុវជន​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ការងារ និង​របរ​កសិកម្ម ដូច្នេះ​វា​នឹង​នាំ​មក​នូវ​ផ្នត់គំនិត​ថ្មី​ៗ ដែល​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រកបដោយ​និរន្តរភាព ។ លើស​ពី​នេះ​ទៀត គម្រោង​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ឆ្លងកាត់​ប្រទេស និង​ធ្វើ​ចំណាកស្រុក​ពី​ទី​ជនបទ​ទៅ​កាន់​ទីក្រុង​” ។ គាត់​ពន្យល់​ថា “​ប្រសិនបើ​កសិកម្ម នៅ​តំបន់​ជនបទ បង្ហាញ​ភាព​ទាក់ទាញ​ផ្នែក​សេដ្ឋកិច្ច យុវជន ស្ត្រី និង​បុរស នឹង​ត្រូវ​ទទួល​អត្ថប្រយោជន៍​ពី​ការងារ​នៅ​នឹង​កន្លែង ពោល​គឺ​នឹង​មិន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ដើម្បី​ស្វែងរក​ឱកាស​ការងារ​នៅ​ឆ្ងាយ​ពី​សហគមន៍​របស់​ខ្លួន​ឡើយ​” ។

គម្រោង​នេះ នឹង​ភ្ជាប់​បណ្តាញ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន មាន​ដូច​ជា សាកលវិទ្យាល័យ ក្រុម​កសិករ កសិពាណិជ្ជកម្ម ភ្នាក់ងារ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី​វិល ។ សហគ្រិន​ខ្មែរ និង​អង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា សូម​ស្វាគមន៍​ដៃគូ​ដទៃ ក្នុង​ការ​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​នេះ ។

អំពី​សហគ្រិន​ខ្មែរ ៖
សហគ្រិន​ខ្មែរ (KE) ត្រូវ​បាន​បង្កើត​ឡើងជា​ស្ថាប័ន​ប្រតិបត្តិ​ករ​មួយ ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា បរ​ធន​បាល​ទាយក ដើម្បី​អនុវត្ត​កម្មវិធី​គាំទ្រ និង​ធ្វើការ​ដោយ​ផ្ទាល់ ជាមួយ​ស្ថាប័ន​ដៃគូ និង​អត្ថគាហកៈ​នៅ​ក្នុង ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​នៅ​កម្ពុជា ។ គោលបំណង​បស់​សហគ្រិន​ខ្មែរ គឺ​ដើម្បី​កៀរគរ​, វិនិយោគ និង​គ្រប់គ្រង​បរ​ធន​ពី​ប្រភព​ស្របច្បាប់​ទាំងអស់ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ដែល​មាន​ភាព​រស់​រវើក និង​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​ដល់​អ្នក​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព ។ អ្នក​ទាំងនោះ​រួម​មាន សហគ្រិន ធុរកិច្ច​បង្កើត​ថ្មី​ដែល​មាន​លក្ខណៈ​ន​វា​នុ​វត្ត​ន៏ (Innovative Startups), សហគ្រាស ធុន​តូច​និង​មធ្យម​ដែល​មាន​សក្តានុពល (Potential SMEs) និង​ស្ថាប័ន​ដៃគូ ដែល​ចូលរួម​ជំរុញ​សកម្មភាព សហគ្រិនភាព​ផ្សេង​ៗ សំដៅ​ជម្រុញ​នវានុវត្តន៍ និង​ការ​បង្កើត​តម្លៃបន្ថែម​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​រយៈលោក ជា ស៊ុន​សត្យា ប្រធាន​គ្រប់គ្រង​ផ្នែក​អភិ​ឌ្ឍ​ន៍​សហគ្រិនភាព
អុីមែ​ល​៖ contact@khmerenterprise.info
គេហទំព័រ​៖ www.khmerenterprise.info

អំពី​អង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា (CPSA) ៖
CPSA ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​កម្ពុជា ។ CPSA (​វេទិការ​ដៃគូ​ពហុភាគី​) ដែល​ធ្វើការ​រួម​គ្នា​ជាមួយ ក្រុមហ៊ុន ភ្នាក់ងារ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ី​វិល ក្រុម​កសិករ​និង​ស្ថាប័នហិរញ្ញវត្ថុ ដើម្បី​ភ្ជាប់​កសិករ​ខ្នាត​តូច​ទៅ​នឹង​ទីផ្សារ ។ គោលដៅ​រួម​របស់​យើង​គឺ បង្កើន​ប្រាក់​ចំណូល និង​ផលិតភាព​របស់​កសិករ ព្រមទាំង​ជម្រុញ​ឱ្យ​មាន និរន្តរភាព​បរិស្ថាន​សម្រាប់​ការងារ​កសិកម្ម របស់​ពួក​គេ​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើ​ឡើង ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង ​៖ លោក ច័ន្ទ សេរីរ​ដ្ឋា នាយក​ប្រចាំ​ប្រទេស
អុី​មែ​ល​៖ ratha@growasia.org
គេហទំព័រ​៖ www.cpsa-growasia.org ៕ ដោយសហការ