ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារស៊ី​អាយ​អិ​ម​ប៊ី ឧបត្ថម្ភ​សម្ភារៈ​ពិសោធន៍​ទំនើបដល់​មជ្ឈមណ្ឌល​សូត្រ​ខ្មែរដើម្បី​លើកកម្ពស់​វិស័យ​សូត្រ​ខ្មែរ

3 ឆ្នាំ មុន

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ កន្លង​ទៅ​នេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី (​ធនាគារ CIMB) បាន​ឧបត្ថម្ភ​សម្ភារៈ​ពិសោធន៍​ទំនើប​ចំនួន…

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ កន្លង​ទៅ​នេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី (​ធនាគារ CIMB) បាន​ឧបត្ថម្ភ​សម្ភារៈ​ពិសោធន៍​ទំនើប​ចំនួន ២​គ្រឿង ដល់​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ នៃ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ និង​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ។

ក្នុង​កម្មវិធី​នេះ​ដែរ លោក ប៊ុ​ន យី​ន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB ក៏​បាន​ប្រគល់​អាហារូបករណ៍ ដល់​និស្សិត​ជីវសាស្ត្រ ចំនួន ៥​រូប នៃ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ដោយ​ស្ម័គ្រចិត្ត ក្នុង​ការ​បំពេញការងារ ក្នុង​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​។

ដោយ​យល់​ឃើញ​ថា​សូត្រ​ខ្មែរ គឺជា​អត្តសញ្ញាណ និង​បេតិកភណ្ឌ​ជាតិ ដែល​មាន​ប្រវត្តិ និង​វប្បធម៌​យូរលង់​ណាស់​មក​ហើយ ក្នុង​ជីវភាព​ប្រជាជន​ខ្មែរ ដែល​អាច​ច្នៃ​ជា​សម្លៀក​បំពាក់​ដ៏​មាន​តម្លៃ ក៏​ដូច​ជា​សម្ភារៈ​តុបតែង ក្នុង​កម្មវិធី​ប្រពៃណី​នានា​ផង​ដែរ​។ បច្ចុប្បន្ន បើ​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​សូត្រ ពី​ក្រៅប្រទេស រហូត​ដល់ ៩៩% ខណៈ​ដែល​សូត្រ​ក្នុងស្រុក អាច​ផ្គត់ផ្គង់​ទីផ្សារ បាន​ត្រឹម​ប្រមាណ ១% ប៉ុណ្ណោះ​។ ដូច្នេះ​ការ​លើកកម្ពស់ លើ​កត្តា​បច្ចេកទេស សម្ភារៈ​ទំនើប ការ​ចិញ្ចឹម និង​ការ​ថែទាំ​ដង្កូវនាង ដែល​ជា​វត្ថុធាតុដើម​ចម្បង ក្នុង​ការ​បង្កើត​សរសៃសូត្រ​ឲ្យ​បាន​ល្អ តាម​តម្រូវការ​ទីផ្សារ និង​មានគុណ​ភាព​ខ្ពស់ ដើម្បី​លើក​ស្ទួយ​វិស័យ​សូត្រ​ខ្មែរ ក៏​ដូច​ជា​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា សិប្បកម្ម​សូត្រ​ខ្មែរ និង​សេដ្ឋកិច្ចជាតិ​ជា​រួម​ផង​ដែរ​។

ថ្លែង​ក្នុង​កម្មវិធី​នេះ លោក​ប៊ុ​ន យី​ន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ CIMB បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ខ្ញុំ​មាន​មោទនភាព និង​ក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង ដែល​បានដឹង​ថា មជ្ឈមណ្ឌល​សូត្រ​ខ្មែរ បាន​កសាង​គ្រឹះ​យ៉ាង​រឹង​មាំ សម្រាប់​វិស័យ​សូត្រ ក្នុង​ការ​ស្រាវជ្រាវ​ផលិតផល​ពូជ​ដង្កូវនាង ដែល​មាន​សុខភាព​ល្អ រហូត​ដល់​ជាង ២០​ពូជ ដើម្បី​ទទួល​បាន​ទិន្នផល​សូត្រ​ខ្ពស់ ក៏​ដូច​ជា​ស្រាវជ្រាវ​អភិវឌ្ឍ​ពូជ​ដើម​មន ដែល​ជា​ចំណី​ធម្មជាតិ ព្រមទាំង​ចំណី​សិប្ប​និ​មិ​ត្ម សម្រាប់​ដង្កូវនាង​ផង​ដែរ​។ ដូច្នេះ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា សម្ភារៈ​ពិ​សោ​ន៍​ទំនើប ដែល​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ប្រគល់​ជូន​នា​ថ្ងៃនេះ នឹង​បង្ក​ភាព​កាន់តែ​ងាយស្រួល ដល់​ការ​ស្រាវជ្រាវ និង​សម្រេច​ជោគជ័យ លើ​ចំណី​សិប្បនិម្មិត និង​ការ​បង្កាត​ពូជ​ថ្មី​ៗ​កាន់តែ​ល្អ​បន្ថែម​ទៀត​ផង​ដែរ​»​។

ជាមួយ​គ្នា​នេះ លោក​ប៊ុ​ន យី​ន បាន​ផ្សា​ភ្ជាប់​អត្ថន័យ​នៃ​ការ​អភិវឌ្ឍ​ពូជ​ដង្កូវនាង ទៅ​នឹង​កត្តា​ធនធានមនុស្ស​ដូច​ជា​សិស្សានុសិស្ស និង​និស្សិត​ដែល​ជា​កម្លាំង​ច​លករ​ស្នូល​ដ៏​រឹង​មាំ​ក្នុង​ការ​បន្ត​នូវ​គំនិត​ផ្តួចផ្តើម និង​ធានា​ការ​អភិវឌ្ឍ​នេះ​បាន​ស្ថិត​ឋេ​រ​ចេរកាល​រាង​រហូត​។ លោក​បាន​ជូនពរ ដល់​ក្មួយ​ៗ​និស្សិត​អាហា​រូប​ណ៍ ផ្នែក​ជីវសាស្ត្រ​ទាំង ៥​រូប បន្ត​ខិតខំ​សិក្សា នៅ​ក្នុង​ថ្នាក់រៀន និង​អនុវត្ត​ផ្ទាល់ នៅ​ក្នុង​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ រួច​ផ្តល់​ត្រឡប់​ជូន​ម​ជ្ឍ​មណ្ឌល​វិញ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា ដើម្បី​ឲ្យ​វិស័យ​សូត្រ​ខ្មែរ​មានការ​លូតលាស់ និង​គង់​វង់​យូរអង្វែង​។

ក្នុង​នាម​ជា​អ្នក​ផ្តួចផ្តើម​បង្កើត​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​នេះ ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ និង​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ បាន​ថ្លែង​ថា​៖ «​មក​ដល់​ពេល​នេះ យើង​បាន​កសាង​គ្រឹះ​រឹង​មាំ​មួយ​ហើយ ដែល​យើង​មាន​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​នេះ ធនធានមនុស្ស បច្ចេកទេស និង​សម្ភារៈ​ទំនើប ដើម្បី​បន្តការងារ​អភិវឌ្ឍ​បន្ថែម​ទៀត ហើយ​គោលបំណង​របស់​យើង​ធំ គឺ​មិនមែន​ត្រឹមតែ​ថ្នាក់​សាលា​ឡើយ តែ​ជា​គោលដៅ​ថ្នាក់​ជាតិ ក្នុង​ការ​ស្តារ​វិស័យ​សូត្រ​ខ្មែរ​យើង​ឡើង​វិញ ដោយ​យើង​ត្រូវការ​ការ​ចូលរួម​ទាំងអស់​គ្នា​។

ឥឡូវនេះ គោលដៅ​ចម្បង​របស់​យើង គឺ​បង្កើត​គុណភាព និង​ផលិតភាព​ខ្ពស់ នៃ​ដង្កូវនាង ក្នុង​ការ​ផលិតផល​សរសៃសូត្រ​។ ក្រៅពី​ការ​បង្កាត់​ពូជ​ដង្កូវនាង ដែល​អាច​ផលិត​សរសៃសូត្រ​វែង​ជាង​មុន យើង​ក៏​កំពុង​សិក្សា​លើ​ការ​បង្កើត​ចំណី​សិប្បនិម្មិត ដើម្បី​ធ្វើ​ឲ្យ​ដង្កូវនាង​មាន​សុខភាព​ល្អ គ្មាន​ជំងឺ គ្មាន​ការ​ងាប់​ច្រើន និង​កាត់​បន្ថយ​កម្លាំង​ពលកម្ម​។ ដូច្នេះ​សម្ភារៈ​ពិសោធន៍​ទំនើប ដែល​ធនាគារ CIMB ឧបត្ថម្ភ​នា​ពេល​នេះ នឹង​ជួយ​ដល់​ការ​ស្រាវជ្រាវ​របស់​យើង ក្នុង​ការ​សម្រេច​បាន​ចំណី​សិប្បនិម្មិត នា​ពេល​អនាគត​»​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ក៏​បាន​សម្តែង​ការ​ថ្លែងអំណរគុណ ដល់​ធនាគារ CIMB ដែល​បាន​ចូលរួម​ស្តារ​វិស័យ​សូត្រ​ខ្មែរ ជាមួយនឹង​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ ហើយ​ឧបត្ថម្ភ​នូវ​សម្ភារៈ​ពិសោធន៍​ទំនើប ស្រប​តាម​តម្រូវការ និង​ទាន់​ពេលវេលា​។ មិនតែប៉ុណ្ណោះ ឯកឧត្តម​បណ្ឌិត​ក៏​មាន​ក្តី​សោមនស្ស​រីករាយ​ផង​ដែរ ដោយ​និស្សិត​ជីវសាស្ត្រ​៥​រូប ដែល​បម្រើ​ការងារ​ដោយ​ស្ម័គ្រចិត្ត ក្នុង​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ ទទួល​បានការ​លើកទឹកចិត្ត ជាមួយនឹង​ការ​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា ពី​ធនាគារ CIMB​។

ឯកឧត្តម​បណ្ឌិត​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន​ឡើង ពី​ដៃគូ​ឯកជន និង​អង្គការ​នានា ដែល​មាន​បេះដូង ក្នុង​ការ​ស្តារ​វិស័យ​សូត្រ​ខ្មែរ ដែល​ជា​អត្តសញ្ញាណ វប្បធម៌ សង្គម និង​វប្បធម៌​របស់​យើង​។ សព្វ​ថ្ងៃនេះ មាន​ផ្នែក​ឯកជន​កាន់តែ​ច្រើន​ឡើង បាន​ចូលរួម​ជាមួយនឹង​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ ក្នុង​ចិញ្ចឹម​ដង្កូវនាង និង​ដាំ​មន ដែល​ជា​ចំណី​ដង្កូវនាង ដោយ​ក្នុង​នោះ​មាន​សាខា​សហគមន៍​កសិករ នៅ​តាម​បណ្តា​ខេត្ត​សក្តានុពល​នានា រួម​មាន​ខេត្តកំពង់ស្ពឺ មណ្ឌលគិរី និង​បាត់ដំបង​ជាដើម​។ ហើយនឹង​មាន​ខេត្ត​ជា​ច្រើន​បន្ត​ទៀត ដែល​បាន​ចាប់អារម្មណ៍ និង​មាន​បេះដូង និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ចូលរួម​ជាមួយនឹង​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ធនាគារ CIMB បាន​ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ក្នុង​ប្រទេស​កម្ពុជា នៅ​ចុងឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន​១៤ តាម​បណ្តា​រាជធានី និង​ខេត្ត​សំខាន់​ៗ​។ ក្នុង​រយៈពេល​ប្រមាណ ១០​ឆ្នាំ​មកនេះ ក្រៅពី​រួមចំណែក ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​សេដ្ឋកិច្ច ក្នុង​ប្រទេស​កម្ពុជា ធនាគារ CIMB ក៏​បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន ដែល​រួម​មាន​វិស័យ​សំខាន់​ៗ ដូច​ជា​វិស័យ​អប់រំ ដោយ​ធនាគារ​បាន​ឧបត្ថម្ភ ដល់​សាលា​ដាច់​ស្រ​យ៉ា​ល​នានា និង​ផ្តល់​អាហារូបករណ៍ ដល់​និស្សិត សិក្សា​នៅ​ក្នុងស្រុក និង​ក្រៅប្រទេស | វិស័យ​សុខាភិបាល ដោយ​ធនាគារ​បាន​បរិច្ចាគ​ឈាម និង​ឧបត្ថម្ភ​បរិក្ខា​ពេទ្យ​ដល់​មន្ទីរពេទ្យ​នានា |​បរិស្ថាន ដោយ​ធនាគារ​បាន​រៀបចំ​កម្មវិធី​យល់​ដឹង និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​សម្ភារៈ​ប្លា​ស្ទិ​ក ក៏​ដូច​ជា​កម្មវិធី​ដាំ​ដើមឈើ នៅ​តាម​សាលារៀន​នានា និង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ និង​ផ្នែក​សង្គមកិច្ច ដោយ​ធនាគារ​បាន​ឧបត្ថម្ភ ដល់​កាកបាទក្រហម និង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នានា និង​ការ​ឧបត្ថម្ភ​សម្ភារៈ​ពិសោធន៍​ទំនើប ដល់​មជ្ឈមណ្ឌល​សូត្រ​ខ្មែរ នា​ពេល​នេះ​ជាដើម​។