រាជធានីភ្នំពេញ ៖ គ្រប់គ្នាគ្រាន់តែបានដឹងថា តារាចម្រៀង អូ រស្មី មានជាប់ពាក់ព័ន្ធរឿងរ៉ាវផ្សេងៗរហូតត្រូវជាប់សំណាញ់អស់ច្រើនខែ ធ្វើឱ្យបិទផ្លូវសិល្បៈដែលចែងចាំង ស្ទើរតែសាបប្រជាប្រិយភាពទំរាំដោះខ្លួនរើបឡើងវិញ។ ភាពលំបាករបស់ អូ រស្មី គ្មានសិល្បៈណាដឹងនោះទេ ដោយនាងប្រឹងព្យាយាមងើបឈរ ដើររកទីផ្សារ និងគន្លឹះក្នុងសិល្បៈឱ្យមានគេស្គាល់ឡើងវិញ។
នៅក្នុងជំនួបចៃដន្យមួយជាមួយអ្នកសារព័ត៌មានយើង ពេលមានវត្តមាននៅក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់អ្នកនាង ប៉ែន សុផានី តារាចម្រៀងរដឺនច្រៀងរណ្តំ អូ រស្មី បានឆ្លៀតពេលបកស្រាយរឿងរ៉ាវជីវិតឯកជនរបស់នាងថា « រយៈពេល២ឆ្នាំមកហើយ ដែលជីវិតនាងបានងើបមកវិញនៅរឿងរ៉ាវអាក្រក់ ដែលមិននឹកស្មានដល់។ នាងសុំមិននិយាយរឿងអាប់អួរពីមុននោះទេ គ្រាន់តែនាងផុតទុក្ខក្នុងខ្លួនសល់ប្រាក់៧០០ដុល្លារ ដើម្បីដោះស្រាយជីវិត»។
នាងមិនដឹងជាត្រូវធ្វើបែបណានោះទេ ចំណាយលុយប្រចាំថ្ងៃខើចទៅៗ ។ ពេលនោះហើយចាប់ផ្តើមប្រឹងរកវិធីដើរច្រៀងខ្លះ និងប្រឹងផលិតចម្រៀងតាមយូធូប ដោយចម្រៀងភាគច្រើនផ្តោតលើភ្លេងការមហោរី ជាដើម រហូតដល់មានគេស្គាល់។ បន្ទាប់ពីពេលនោះ ហើយគេស្គាល់ចាប់អារម្មណ៏ ហៅច្រៀងនៅទីនេះទីនោះ រហូតរវល់មមាញឹករាល់ថ្ងៃ។
អូ រស្មី ដែលឡើងសាច់ឈាមសស្អាតវិញ បាននិយាយទៀតថា សព្វថ្ងៃនេះ នាងទទួលឡើងច្រៀងតាមពិធីមង្គលការ ហើយពេលខ្លះគេជួលទៅច្រៀងដាច់មុខតែឯងមានច្រើន រោង ដោយសារគេអាណិតរាប់អាន។ ក្រៅពីនេះ នាងមានតែប្រឹងប្រែងលើការថតចម្រៀងលក្ខណៈប្រពៃណីខ្មែរ ច្រៀងបែបភ្លេងការ បង្ហោះលើយូធូប ដែលកំពុងមានការពេញនិយម មនុស្សចូលទស្សនាច្រើន ជាកម្លាំងចិត្តឱ្យនាងផលិតទៀត។
ក្រៅពីនេះ មានពេល ក៏ឆ្លៀតឡើងច្រៀងតាមកញ្ចក់ទូរទស្សន៍ ដោយនាងកន្លងមក មានគេហៅច្រៀងវិញតាមឆាកទូរទស្សន៍ តែរវល់ច្រៀងខាងក្រៅច្រើន ទើបចេះតែខកខាន និងអរគុណអ្នកដឹកនាំកម្មវិធីដែលអាណិតរាប់អានហៅនាងទៅច្រៀងរហូត។
មកទល់ពេលនេះ អូ រស្មី ក្លាយជានារីមេម៉ាយកូនមួយ ដោយនាងលើកបន្តថា អត់ទាន់យកប្តីទៀតទេ ពេលនេះគិតគូរតែការងារ ប្រឹងសន្សំលុយកាក់ទុក ព្រោះត្រូវបង់ផ្ទះរំលោះដែលទិញ ។ សំណាងហើយ ទិញផ្ទះបង់ដើមគេច្រើនភាគរយ រំលោះតិចខែ ។ ម្ល៉ោះហើយ អត់យកពេលទៅសាងស្នេហ៍ យកចិត្តបុរសណានាំទើសចិត្តនោះទេ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ