តំបន់​ទេសចរណ៍​ទើប​រក​ឃើញ​ថ្មី «​ទឹក​ធ្លាក់​​អូរ​គគី​» ស្រស់​ត្រកាល​ធ្វើ​ឱ្យ​រសាយ​​ទុក្ខ​កង្វល់


ខេត្តកំពង់ស្ពឺ ៖ ទឹកធ្លាក់​អូរ​គគី ដែល​ជា​កន្លែង​ទេសចរណ៍​ថ្មី​មួយ ទើបតែ​រក​ឃើញ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​តំបន់​ទេសចរណ៍​មួយ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ។

នៅ​តំបន់​ទឹកធ្លាក់​អូរ​គគី​នេះ ពុំ​សូវ​មាន​មនុស្ស​រស់នៅ​ទេ មាន​តែ​អ្នក​លក់ដូរ​អាហារ និង​អ្នក​ចាំ​តូប​តែ​ប៉ុណ្ណោះ ដោយឡែក​ភ្ញៀវ​ដែល​ទៅ​លេង​ភាគច្រើន​សុទ្ធសឹងតែ​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នេះ អ្នកខ្លះ​ចូល​ចត​សម្រាប់​ហូប​បាយ និង​អាហារ​ថ្ងៃត្រង់ ហើយ​បន្តដំណើរ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ដោយឡែក​អ្នកខ្លះ​ទៀត​ជា​អ្នក​ក្នុង​តំបន់​បាន​នាំ​គ្នា​ទៅ​ងូតទឹក​លេង​នៅ​ទំនប់​បង្ហៀរ​។

ទឹកធ្លាក់​អូរ​គគី​នេះ បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​4 ពី​កើត​ទៅ​លិច​ដល់​ចន្លោះ​គីឡូម៉ែត្រ 106 និង 107 យើង​នឹង​ឃើញ​ផ្លូវ​ក្រួស​ក្រហម​មួយ​បត់​ទៅ​ឆ្វេង​ដៃ​ចម្ងាយ 300 ម៉ែត្រ​យើង​នឹង​ទៅ​ដល់ទី​ធ្លា​ដែល​អាច​ហៅ​បាន​ថា ជា​កន្លែង​សម្រាក​ហូប​បាយ និង​កន្លែង​កម្សាន្ត​ដែល​ទើបនឹង​កើត​ថ្មី​នោះ គឺ​ទឹកធ្លាក់​អូរ​គគី ហើយ​នៅ​ទី​ឃ្លា​ទាំងអស់​មាន​តូប​តម្រៀប​ជា​ជួរ​សម្រាប់​លក់​ម្ហូបចំណី​ដល់​អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​ទីនោះ​ផង​ដែរ ដោយឡែក​ម្ហូប​វិញ​មាន​តម្លៃ​ធូរ​ថ្លៃ​អាច​ទទួលយក​បាន​។

ចំណែក​អ្នក​ដែល​ទៅ​កំសាន្ត​ភាគច្រើន គឺ​តែ​ថ្ងៃ​បុណ្យ ឬ​ថ្ងៃ​ឈប់​សម្រាក ហើយ​ជា​ទូទៅ​ទឹកធ្លាក់​អូរ​គគី​នេះ ពុំ​សូវ​មាន​មនុស្ស​ទៅ​សម្រាក​រហូត​ដល់​យប់​នោះ​ទេ​។ បើ​និយាយ​ពី​អារម្មណ៍​វិញ ពេល​​​មក​ដល់​ពិតជា​គួរ​ឱ្យ​សោមនស្ស​ណាស់ ត្បិត​តន្ត្រី​ធម្មជាតិ​ដែល​មាន​សំឡេង​ទឹកធ្លាក់ គួប​ផ្សំ​នឹង​សំឡេង​សត្វ​បក្សាបក្សី​យំ​អឺងកង​ផង​នោះ ធ្វើ​ឱ្យ​យើង​រសាយចិត្ត​ពី​ទុក្ខ​កង្វល់​បាន​មួយអន្លើ​។ ទោះជា​យ៉ាងណា អ្នក​មក​កម្សាន្ត​ភាគច្រើន គឺ​អ្នក​ចម្ងាយ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នេះ​តែ​ប៉ុណ្ណោះ​។ ហើយ​ទឹកធ្លាក់​អូរ​គគី​នេះ ត្រូវ​បាន​រក​ឃើញ និង​អភិវឌ្ឍ​ឡើង​ចន្លោះ​អំឡុង​ឆ្នាំ 2005 ឬ 2006 បើ​សួរ​ពី​កម្ពស់​ទឹកធ្លាក់​វិញ គ្មាន​អ្ន​កា​ណា​ដឹង​ឡើយ បើ​យើង​ឈរ​សម្លឹង​ពីក្រោម​ទៅ​លើ​នៅ​ពេល​ដែល​ធ្លាក់​ខ្លាំង ពិតជា​គួរ​ឱ្យ​ស្ញើប​ខ្លាំង​ណាស់​។

ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​មាន​អ្នក​ធ្លាប់​ឡើង​ទៅ​ដល់​កំពូល​ទឹកធ្លាក់​នោះ​ឡើយ? កុំ​ថា​ឡើយ​ទៅ​ឈរ​ពីក្រោម​ទឹកធ្លាក់ កុំ​ថា​ឡើយ​ឡើង​ទៅ​លើ សូ​ម្បី​តែ​ទៅ​ឈរ​ពីក្រោម​ទឹកធ្លាក់​ក៏​មិន​ហ៊ាន​ដែរ ព្រោះ​គេ​ខ្លាច​រអិល​គ្រប់​ៗ​គ្នា បាន​ត្រឹមតែ​មក​ងូតទឹក​លេង​កម្សាន្ត​នៅ​ទំនប់​បង្ហៀរ​តែ​ប៉ុណ្ណោះ​។

ចំពោះ​មូលហេតុ​ដែល​មិនសូវ​ជា​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ទឹកជ្រោះ​អូរ​គគី​នេះ ទំនង​ប្រហែល​បណ្ដាល​មក​ពី​ភាព​ព្រងើយកន្តើយ​របស់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មិន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ទើប​មិនសូវ​ជា​មាន​អ្នក​ស្គាល់ នឹង​មក​កម្សាន្ត​ទី​នេះ​ច្រើន​ដូច​កន្លែង​ទេស​ចរណ៍​ផ្សេង​ៗ​ទៀត​។

មហាជន​សង្ឃឹមថា ខាង​មន្ទីរ​ទេសចរណ៍​នឹង​យកចិត្តទុកដាក់ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ពី​កន្លែង​នេះ​ឱ្យ​បាន​ទូលំ​ទ​លាយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​ប្រជាជន​ទូ​ទាំង​ប្រទេស​បាន​ស្គាល់​កាន់តែ​ច្រើន​​ឡើង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ទេសចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ