ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ពីក្រោយ​ដែល​​ធ្វើ​ឱ្យ​រឿង​ភាគ​ថៃ ​មានការ​ពេញ​និយម​ជាង​រឿង​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​បច្ចុប្បន្ន​បើ​ទោះបីជា​ផលិតករ​ខ្មែរ​បាន​ខិតខំ​ផលិតភាព​យន្ត​ភាគ​ជា​បន្តបន្ទាប់​ក៏​ដោយ ប៉ុន្តែ​ប្រសិនបើ​ប្រៀបធៀប​ជាមួយ​រឿង​ភាគ​ថៃ​នោះ គឺ​ការ​និយម​គាំទ្រ​ពី​ទស្សនិកជន​នៅ​មាន​កម្រិត​នៅឡើយ ។ ភាពយន្ត​ថៃ​នៅ​តែ​ក្លាយ​ជាទី​ពេញ​និយម​នៃ​អ្នក​ទស្សនា​ដដែល ។ កត្តា​នេះ​ត្រូវ​អ្នកជំនាញ​លើក​ឡើង​ថា មានការ​កត្តា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​រឿង​ថៃ​អាច​ល្អមើល​ជាង​រឿង​ខ្មែរ មាន​កត្តា​ធនធានមនុស្ស…

រាជធានី​ភ្នំពេញ ៖​បច្ចុប្បន្ន​បើ​ទោះបីជា​ផលិតករ​ខ្មែរ​បាន​ខិតខំ​ផលិតភាព​យន្ត​ភាគ​ជា​បន្តបន្ទាប់​ក៏​ដោយ ប៉ុន្តែ​ប្រសិនបើ​ប្រៀបធៀប​ជាមួយ​រឿង​ភាគ​ថៃ​នោះ គឺ​ការ​និយម​គាំទ្រ​ពី​ទស្សនិកជន​នៅ​មាន​កម្រិត​នៅឡើយ ។ ភាពយន្ត​ថៃ​នៅ​តែ​ក្លាយ​ជាទី​ពេញ​និយម​នៃ​អ្នក​ទស្សនា​ដដែល ។ កត្តា​នេះ​ត្រូវ​អ្នកជំនាញ​លើក​ឡើង​ថា មានការ​កត្តា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​រឿង​ថៃ​អាច​ល្អមើល​ជាង​រឿង​ខ្មែរ មាន​កត្តា​ធនធានមនុស្ស និង​ថវិកា ក្រៅពី​នេះ​ក៏​មាន​ទំនោរ​ទោរទន់​នៃ​អ្នក​ទស្សនា​មួយ​ចំនួន​ផង​ដែរ ។

ផលិតករ​ជើង​ចាស់​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា យើង​អាច​មើលឃើញ​ស្ទើរ​គ្រប់​គ្នា​កុន​ភាគ​ថៃ​ដែល​យើង​បាន​នាំ​ចូល​នោះ ភាគច្រើន​យើង​យក​កុន​គេ​ដែល ល្អ​ៗ ដើម្បី​មក​ក្រ​កួត​ជាមួយ​កុន​ខ្មែរ​ដែល​ខំ​ផលិត​យ៉ាង​ត្រដាប​ត្រដួស ហើយ​ការ​ទិញ​នោះ​ទៀត​សោត​ក៏​មិនសូវ​ជា​ថ្លៃ​ផង​ដែរ ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ មាន​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ពេល​ដែល​នាំ​ចូល​រឿង​ថៃ​ណាមួយ​មក​បញ្ចាំង​ហើយ​នោះ គឺ​តែងតែ​ប្រ​ម៉ូ​ដ​យ៉ាង​គគ្រឹក​គ​គ្រែង និង​ថែម​ទាំង​ហៅ​តួ​សម្តែង​នោះ​មក​ជួយ​ផ្សព្វផ្សាយ​ផង​ដែរ ។

កត្តា​ខ្លះ​ទៀត​គឺ​មក​ពី​ផលិតករ​ខ្មែរ​យើង​មួយ​ចំនួន​តូច​ដែល​បាន​ប្រជែង​ជាមួយ​ផលិតករ​ខ្មែរ​គ្នា​ឯង ដើម្បី​បាន​ទទួល​សិទ្ធិ​យក​ទៅ​ថត បើ​ទោះបីជា​ការ​ចំណាយ​ថត​នោះ​តិចតួច​ក៏​ដោយ ។ កត្តា​នេះ​នាំ​ឲ្យ​ភាពយន្ត​ដែល​ផលិត​ចេញ​ទៅ​គ្មាន​គុណភាព​សម្រាប់​អ្នក​ទស្សនា​ឡើយ ។

បើ​តាម​ផលិតករ​ដដែល​ថា​ដោយសារ​ប្រទេស​ថៃ​មិន​បាន​ឆ្លងកាត់​សង្គ្រាម​ដូច​យើង​ហេតុនេះ​គេ​បាន​អភិវឌ្ឍ​កុន​របស់​គេ​បាន​យ៉ាង​លឿន ទាំង​ការ​ផលិត និង​តួ​សម្តែង ។ យ៉ាងណា​ក៏​ដោយ​ក្នុង​នាម​ជា​ផលិតករ​ខ្មែរ​មួយ​រូប​លោក​ក៏​មិន​បាន​ដាក់បន្ទុក​ទៅ​ផ្នែក​ណាមួយ​ឡើយ​ជុំវិញ​បញ្ហា​នេះ ។ លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ផលិតករ​ខ្មែរ​នា​ពេល​នេះ​នៅ​តែ​អាច​ផលិត​រឿង​របស់​ខ្លួន​ប្រកបដោយ​គុណភាព ប្រសិនបើ​យើង​មាន​ធនធាន​គ្រប់គ្រាន់ ។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ប៉ុក បូ​រក្ស បាន​អះអាង​ថា កត្តា​ដែល​នាំ​ឲ្យ​ភាពយន្ត​ថៃ​មានការ​និយម​ទស្សនា​ពី​ទស្សនិកជន​ខ្មែរ​ជាង​រឿង​ខ្មែរ​នោះ គឺ​មក​ពី​កត្តា​គុណភាព និង​ភាព​ទាក់ទាញ ។ កត្តា​ដែល​នាំ​ឲ្យ​កុន​គេ​មានគុណ​ភាព​ជាង​កុន​ខ្មែរ​យើង គឺ​ដោយសារ​គេ​មាន​ធនធាន និង​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​ផលិត ។ ធនធានមនុស្ស​របស់​គេ​មាន​សមត្ថភាព​សរសេរ​រឿង​ឲ្យ​មាន​ភាព​ទាក់ទាញ និង​មាន​ភាព​ប្រទាក់ក្រឡា ដោយសារ​តែ​គេ​បាន​ចូល​សាលា​បណ្តុះបណ្តាល​ត្រឹមត្រូវ ខណៈ​យើង​គឺ​មិន​ទាន់​មាន​ថ្នាល​សម្រាប់​បណ្តុះបណ្តាល​ផ្នែក​នេះ​ទេ គឺ​មាន​តែ​វគ្គ ខ្លី​ៗ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​ធនធាន​ថវិកា​គឺជា​រឿង​សំខាន់​ណាស់ ក្នុង​ពេល​រឿង​ភាគ​របស់​គេ​ត្រឹម​រយៈ​៤០​នាទី​គឺ​គេ​ចំណាយ​ប្រមាណ​៥​ទៅ​១០​ម៉ឺន​ដុល្លារ ចំណែក​រឿង​ភាគ​ខ្មែរ​យើង​វិញ​គឺ​ចំណាយ​ត្រឹមតែ​២​ទៅ​៥​ពាន់​ដុល្លារ​ប៉ុណ្ណោះ ។ កត្តា​នេះ​ដែល​នាំ​ឲ្យ​យើង​មើល​ឃើ​ញេ​ពី​ភាព​ខុស​គ្នា​ដូច​មេឃ និង​ដី​នៅ​ក្នុង​ការ​ផលិត ទាំង​ការ​រៀបចំ​ទីតាំង ពេលវេលា តួ​សម្តែង និង​សម្ភារ​បច្ចេកទេស​សម្រាប់​បម្រើ​ឲ្យ​ការងារ​សម្តែង​នេះ ។

ភាពយន្ត​ថៃ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​នាំ​ចូល​មក​បញ្ចាំង​ម្តង​រួច​មក​ហើយ​កាលពី​អំឡុង​ឆ្នាំ​២០១៣ បន្ទាប់​ពី​មានរឿង​រ៉ាវ​ដ៏​ចម្រូងចម្រាស​មួយ ដោយសារ​មហាជន​កម្ពុជា​បាន​ផ្ទុះ​កំហឹង​ទៅ​នឹង​ពាក្យ​សម្តី​របស់​តារា​ថៃ​មួយ​ដួង រហូត​នាំ​ឲ្យ​មានការ​ដុត​ស្ថានទូត​ថៃ និង​ទីកន្លែង​រកស៊ី​ជនជាតិ​ថៃ​មួយ​ចំនួន​ទៀត ។ បន្ទាប់​ពី​សភាពការណ៍​បាន​ស្ងប់ស្ងាត់ និង​ការ​រក្សា​ចំណងមិត្តភាព​លើ​ផ្នែក​សិល្បៈ និង​វប្បធម៌​រវាង​ថៃ និង​ខ្មែរ​ឡើង​វិញ​នោះ ភាពយន្ត​ថៃ​ក៏​បាន​ហូរ​ចូល​មក​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ថ្មី​ជា បណ្តើរ​ៗ​ឡើង​វិញ​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ។

ក្នុង​ពេល​ខ្សែភាពយន្ត​ថៃ​បាន​នាំ​ចូល​មក​បញ្ចាំង​ជា​ថ្មី​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា សន្ទុះ​នៃ​អ្នកគាំទ្រ​ទស្សនា​ពី​ទស្ស​និក​ខ្មែរ​គឺ​ហាក់​មានការ​ថមថយ​ជាង​មុន ដោយសារ​តែ​ភាពយន្ត​ភាគ​ខ្មែរ​បាន​ផលិត​ជា​បន្តបន្ទាប់ និង​ដាក់​បញ្ចាំង​នៅ​ក្នុង​ម៉ោង​មាស​ថែម​ទៀត​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ