ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ស្ត្រី​រង​គ្រោះ​ប្តឹង​ក្រុមហ៊ុន​លក់​ឱសថ​ថា ប្រពន្ធ​ខ្លួន​បាត់បង់​ជីវិត​ព្រោះ​ប្រើ​ប្រាស់​​ឱសថ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​នគរបាល​ស្រុក​ឆ្លូង​អះអាង​ថា នគរបាល​ជំនាញ​កំពុង​តែ​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ ដើម្បី​បន្ត​ស៊ើបអង្កេត​លើ​ករណី​ស្ត្រី​ម្នាក់​ដែល​បាន​បាត់បង់​ជិ​វិត​ទៅ​តាម​ពាក្យបណ្តឹង​របស់​ប្តី​ស្ត្រី​រង​គ្រោះ​ដែល​ចោទប្រកាន់​ថា ការ​បាត់បង់​ជីវិត​របស់​ប្រពន្ធ​ខ្លួន បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ឱសថ​របស់​ក្រុមហ៊ុន​ដែល​លក់​ចែកចាយ​មិន​មាន​ស្តង់ដា​។ អធិការ​នគរបាល​ស្រុក​ឆ្លូង លោក​វរសេនីយ៍ឯក ឆុង…

ខេត្តក្រចេះ ៖ បើ​តាម​នគរបាល​ស្រុក​ឆ្លូង​អះអាង​ថា នគរបាល​ជំនាញ​កំពុង​តែ​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ ដើម្បី​បន្ត​ស៊ើបអង្កេត​លើ​ករណី​ស្ត្រី​ម្នាក់​ដែល​បាន​បាត់បង់​ជិ​វិត​ទៅ​តាម​ពាក្យបណ្តឹង​របស់​ប្តី​ស្ត្រី​រង​គ្រោះ​ដែល​ចោទប្រកាន់​ថា ការ​បាត់បង់​ជីវិត​របស់​ប្រពន្ធ​ខ្លួន បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ឱសថ​របស់​ក្រុមហ៊ុន​ដែល​លក់​ចែកចាយ​មិន​មាន​ស្តង់ដា​។

អធិការ​នគរបាល​ស្រុក​ឆ្លូង លោក​វរសេនីយ៍ឯក ឆុង តូ​រ៉ា​ន់ បាន​ថ្លែង​ឲ្យ​ដឹង​ថា ករណី​នេះ​ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ នគរបាល​ជំនាញ​របស់​លោក បាន​សុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​ស៊ើបអង្កេត​។

លោក​អធិការ​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែធ្នូ នគរបាល​ស្រុក​បាន​ទទួល​បណ្តឹង​ពី​បុរស​ឈ្មោះ ច​ន ខេ​ង អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ក្រូច ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង បាន​ប្តឹង​មក​នគរបាល​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ ទាង ស៊ី​ធាង អាយុ​៣៨​ឆ្នាំ បាន​បាត់បង់​ជីវិត ក្រោយ​កើត​មាន​អ​កា​រៈ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ប្រើប្រាស់​ផលិតផល​ឱ​សថ របស់​ក្រុមហ៊ុន យូ​ស៊ី​ធី មួយ​រយៈពេល​រួច​មក​នោះ​។

បើ​តាម​ពាក្យបណ្តឹង​របស់​បុរស​ជា​ប្តី​រូប​នេះ បាន​ប្រាប់​មក​នគរបាល​ថា កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ ប្រពន្ធ​របស់​គាត់​មាន​ជំងឺ​ទន់​ដៃជើង​ម្ខាង និង​បាន​មក​ទិញ​ផលិតផល​ឱសថ​របស់​ក្រុមហ៊ុន យូ​ស៊ី​ធី នៅ​សាខា​ខេត្តក្រចេះ​ទៅ​ប្រើ​។ លុះ​ពេល​ចាប់ផ្តើម​ប្រើ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មាន​អាកា​រៈ​រាករូស​ខ្លាំង ហើយ​ក៏​ទំនាក់ទំនង​មក​សួរ​ព័ត៌មាន​ខាង​ក្រុមហ៊ុន​លក់​ឱសថ គេ​ប្រាប់​ថា ថ្នាំ​វា​ដេញ​ជាតិពុល និង​ឲ្យ​ព្យាយាម​ប្រើប្រាស់​បន្ត​ទៀត​។

ក្នុង​ពាក្យបណ្តឹង​របស់​បុរស​ជា​ប្តី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ក្រោយ​ប្រើ​ឱសថ​នេះ អស់​រយៈ​ជា​ច្រើន​ថ្ងៃ​តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន​ឱសថ​រួច​មក រហូត​ដល់​ថ្ងៃ​ទី​៦ ខែធ្នូ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​របស់​គាត់​កើត​មាន​អ​កា​រៈ​ដុនដាប​ខ្លាំង​ទៅ​ៗ ហើយ​រូប​គាត់​ក៏​សួរ​ព័ត៌មាន​ទៅ​ខាង​ក្រុមហ៊ុន​ឱសថ​នេះ​ម្តងទៀត ហើយ​ខាង​ក្រុមហ៊ុន​ឱសថ​បាន​ប្រាប់​ឲ្យ​គាត់​យកប្រពន្ធ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សិន ចាំ​មាន​កម្លាំង ចាំ​ប្រើ​បន្ត​ទៀត​។ តែ​ក្រោយ​គាត់​នាំ​ប្រពន្ធ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ពាក់​កណ្តាលផ្លូវ ប្រពន្ធ​របស់​គាត់​បាន​ដាច់ខ្យល់​បាត់បង់​ជីវិត​តែ​ម្តង​។

បុរស​ជា​ប្តី​រូប​នេះ​បាន​សន្និដ្ឋាន​ថា ការ​បាត់បង់​ជីវិត​របស់​ប្រពន្ធ​គាត់ គឺ​ផ្តើម​ដោយសារ​ប្រើប្រាស់​ឱសថ​របស់​ក្រុមហ៊ុន យូ​ស៊ី​ធី មួយ​នេះ​។

លោក​អធិការ​នគរបាល​ស្រុក​ឆ្លូង​បញ្ជាក់​ថា ករណី​ខាងលើ​នេះ នគរបាល​កំពុង​តែ​បើក​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ទៅ​តាម​ពាក្យបណ្តឹង​របស់​ប្តី​ស្ត្រី​រង​គ្រោះ តែ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិន​ទាន់​បាន​បង្ហាញ​នៅឡើយ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ