តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ការសម្រេចចិត្តរបស់ Cristiano Ronaldo ក្នុងការមិនមកចូលរួមពិធីប្រគល់ពាន Ballon d’Or ជាលើកទីពីរស្ទួនៗជាប់ឆ្នាំគ្នា កាលពីថ្ងៃចន្ទ ត្រូវបានមហាជនរិះគន់ថា Ronaldo មិនបានបង្ហាញការគោរព។ តែពេលនេះ ជើងចាស់ដែលជាអតីតម្ចាស់ពានកាលពីឆ្នាំ១៩៩៩ Rivaldo បានអះអាងថា ការមិនចូលរួមនេះ គឺគ្មានអ្វីខុសឡើយ។
នៅក្នុងសារព័ត៌មាន Betfair អ្នកឈ្នះពានរង្វាន់បាល់មាសឆ្នាំ ១៩៩៩ Rivaldo បានការពារការសម្រេចចិត្តរបស់ Ronaldo មិនចូលរួមព្រឹត្តិការណ៍ហ្គាឡាដ៏ល្បីល្បាញ បន្ទាប់ពីអ្នកឈ្នះ ៥ ដងត្រូវបានគេរិះគន់ចំពោះអវត្តមានរបស់គាត់។
Rivaldo បានសរសេរថា៖«មានពាក្យចចាមអារាមជាច្រើនទាក់ទងនឹងមូលហេតុដែលកីឡាករ Cristiano Ronaldo មិនបានបង្ហាញពានរង្វាន់ Ballon d’Or ប៉ុន្តែខ្ញុំមិនគិតថា វាខុសអ្វីនោះទេ។ យើងមិនប្រាកដថា ហេតុអ្វីបានជាគាត់មិនបង្ហាញខ្លួនឡើយ។ គាត់ប្រហែលជាមិនពេញចិត្តចំពោះការមិនឈ្នះពានរបស់គាត់»។
ជើងចាស់រូបនេះបានបន្តថា៖«សូម្បីតែ Lionel Messi ក៏ធ្លាប់បានធ្វើដូចនេះដែរ ហើយក៏ដោយសារតែហេតុផលដូចគ្នា។ នៅពេលដែលគាត់មានអារម្មណ៍ថាលទ្ធផលនេះអយុត្តិធម៌ចំពោះគាត់ អ្នកមិនអាចបន្ទោសគាត់ដែលមិនបានមកចូលរួមព្រឹត្តិការណ៍នេះបានឡើយ»។
Rivaldo ជឿជាក់ផងដែរថា Ronaldo សមនឹងបានលេខ២ ខណៈដែល Van Dijk សមនឹងបានលេខ៣។ ជើងចាស់រូបនេះយល់ថា លទ្ធផលហាក់បីដូចជាមិនសូវជាយុត្តិធម៌ ៕
ចែករំលែកព័តមាននេះ