តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីបានយកពានបាល់មាសលើកទី៦ ឈ្នះគូប្រជែងសិបឆ្នាំ Cristiano Ronaldo មក ជើងខ្លាំង Lionel Messi បាននិយាយពីគម្រោងចូលនិវត្តន៍ ។
កាលពីរាត្រីថ្ងៃចន្ទបុរសជនជាតិអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះទទួលបានពានរង្វាន់ Ballon d’Or ទី៦ ខណៈដែល Virgil van Dijk កីឡាកររបស់ Liverpool ឈរនៅលំដាប់ទី២ និង Cristiano Ronaldo របស់ Juventus ឈរនៅលំដាប់ទី៣ ។
ថ្លែងបន្ទាប់ពីទទួលពាន Ballon d’Or កីឡាករអាហ្សង់ទីនបានសារភាពថា គាត់មានអារម្មណ៍ថាការចូលនិវត្តន៍នៅមិនឆ្ងាយទេ ទោះបីជាពេលនេះគាត់នៅមានកម្លាំងរឹងមាំក៏ដោយ។ គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖«ខ្ញុំដឹងថាខ្ញុំពេលនេះចាស់ប៉ុណ្ណាហើយ ។ ខ្ញុំរីករាយនឹងពេលវេលាទាំងនេះខ្លាំងណាស់ ពីព្រោះខ្ញុំដឹងថាការចូលនិវត្ដជិតដល់ពេលហើយ»។
Messi បានបន្តថា៖«ខ្ញុំសង្ឃឹមថា ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យ ខ្ញុំនៅតែអាចបន្តលេងច្រើនឆ្នាំទៅមុខទៀត។ ឥឡូវនេះខ្ញុំមានអាយុ ៣២ឆ្នាំ ត្រៀមចូល ៣៣ឆ្នាំ នៅចុងរដូវកាលនេះ។ ដូចខ្ញុំនិយាយអ៊ីចឹង គ្រប់យ៉ាងគឺអាស្រ័យទៅលើកម្លាំងរាងកាយរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំមានអារម្មណ៍ល្អខ្លាំង ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចបន្តទៅមុខទៀតបានយូរបន្តិច»។
គួរបញ្ជាក់ផងដែរថា Messi ដែលមិនបានឡើងប្រកួត៥ដងនៅក្នុងរដូវកាលនេះ ដោយសារតែរងរបួស បានរកគ្រាប់បាល់ចំនួន១១គ្រាប់ និង ជួយទាត់ Assist បាន ៨ដង ក្នុងការប្រកួត១៤ដង សម្រាប់ Barcelona ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ