តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា Luka Modric ដែលបានឈ្នះពានរង្វាន់ Ballon d’Or ក្នុងឆ្នាំ២០១៨ នៅពេលដែលទាំងកីឡាករ Cristiano Ronaldo និង Lionel Messi មិនបានចូលរួមកម្មវិធីបានធ្វើឱ្យពួកគេចុកឈាម តែ Modric បានសម្តែងការគោរពដោយបានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ Ballon d’Or ឱ្យ Lionel Messi បើទោះបីជាមិនមានឈ្មោះជាអ្នកឈ្នះក៏ដោយ ។
ខ្សែបម្រើសញ្ជាតិក្រូអាស៊ីរូបនេះបានបញ្ចប់ការឈ្នះពានរង្វាន់ Ballon d’Or រយៈពេល១០ឆ្នាំរបស់ Messi និង Ronaldo នៅពេលដែលរូបគេបានចូលធ្វើជាម្ចាស់ពាននៅឆ្នាំ២០១៨ ។ នៅពេលដែល Modric ជាអ្នកឈ្នះ ទាំង Messi និង Ronaldo មិនបានមកចូលរួមកម្មវិធីទេ ។

បើទោះបីជាឆ្នាំនេះ Messi ជាអ្នកឈ្នះក៏ដោយ Modric ក៏នៅតែមកចូលរួមហើយធ្វើជាអ្នកប្រគល់ពានឱ្យទៅ Messi ថែមទៀតផង ។ ជាមួយគ្នានេះដែរ Ronaldo, Mohamed Salah និង Sadio Mane មិនបានចូលរួមកម្មវិធីឡើយ ។ បើនិយាយឱ្យចំទៅ Modric ឱ្យតម្លៃទៅលើការគោរពគ្នាទៅវិញទៅមក បើទោះបីជាគ្មានឈ្មោះជាអ្នកឈ្នះក៏ដោយ ។
Modric បាននិយាយថា ៖«ខ្ញុំសប្បាយចិត្តដែលបានមកទីនេះ ។ ខ្ញុំគិតថាបាល់ទាត់គឺអំពីការគោរព ហើយពេលណាអ្នកមិនឈ្នះ អ្នកត្រូវតែនៅទីនេះ ព្រោះវាជាការអបអរសាទរគ្នាក្នុងវិស័យបាល់ទាត់ ។ វាជារឿងមិនគួរឱ្យជឿ នៅពេលដែលអ្នកបានឃើញពាន Ballon d’Or ទាំងអស់នៅទីនោះ» ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ