តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្លិបហង្សក្រហម Liverpool លោក Jurgen Klopp នៅតែមិនជឿថា ជើងខ្លាំង Lionel Messi ជាម្ចាស់ពាន Ballon d’Or ឆ្នាំនេះ បើទោះបីជាលទ្ធផលចេញមកហើយក៏ដោយ។

កីឡាករសញ្ជាតិអាហ្សង់ទីន វ័យ៣២ឆ្នាំ រូបនេះបានលើកបាល់មាសទី៦របស់ខ្លួននៅទីក្រុង ប៉ារីសកាលពីយប់ថ្ងៃចន្ទ ដោយបានយកឈ្នះកីឡាករ Virgil van Dijk និង Cristiano Ronaldo ក្នុងការយកលេខ១ ។ ទោះយ៉ាងណាលោក Klopp ជឿជាក់ថា ខ្សែការពារហូឡង់របស់គាត់សក្តិសមជាងនេះ ។
លោកបានមានប្រសាសន៍ថា៖ «អ្វីៗដូចនេះគឺជាការសម្រេចចិត្តដែលធ្វើឡើងដោយអ្នកសារព័ត៌មាន ។ Lionel Messi ខ្ញុំបាននិយាយប្រហែលជា៥០០០០០ដង នៅក្នុងជីវិតរបស់ខ្ញុំរួចទៅហើយថា គាត់គឺជាអ្នកលេងល្អបំផុត ដែលខ្ញុំបានឃើញក្នុងឆាកជីវិតរបស់ខ្ញុំ»។

លោក Klopp បានបន្តថា៖«ខ្ញុំមិនដឹងថា អ្នកផ្សេងលេងយ៉ាងណាទេនៅសព្វថ្ងៃនេះ តែសម្រាប់ Messi នៅពលេនេះ គេមានពាន Ballon d’Or ៦ដង និង Ronaldo ឈ្នះបាន៥ដង តែខ្ញុំមិនចាប់អារម្មណ៍អ្វីជាងការលេងកាលពីរដូវកាលមុនរបស់ខ្សែការពាររបស់ខ្ញុំទេ ។ និយាយតាមត្រង់ វាគួរតែជា Van Dijk ជាអ្នកឈ្នះពាន» ។
គួរបញ្ជាក់ផងដែរថា Klopp មានកីឡាករហង្សក្រហម៤នាក់ក្នុងចំណោម ជើងខ្លាំង១០នាក់ចុងក្រោយលើចំណាត់ថ្នាក់ឡើងយកពាន Ballon d’Or ឆ្នាំ២០១៩ ដែលមាន Van Dijk ឈរនៅលេខ២ Sadio Mane នៅលេខ៤ Mohamed Salah នៅលេខ៥ និង Alisson Becker នៅលេខ៧ ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ