តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីកីឡាករ Cristiano Ronaldo មិនទៅចូលរួម Ballon d’Or 2019 ព្រោះតែរវល់ទៅចូលរួមយកពាន Serie A នៅល្ងាចនោះ តារាឆ្នើមរបស់ Juventus បានបង្កឱ្យមានភាពចម្រូងចម្រាសដោយមានការរាយការណ៍ថា រូបគេសុខចិត្តអង្គុយចាំក្នុងរថយន្តរហូតដល់ពេលហៅដល់ឈ្មោះឡើងទៅយករង្វាន់ ។
Ronaldo គឺជាអ្នកអវត្តមានគួរឱ្យកត់សម្គាល់នៅ Ballon d’Or gala នៅទីក្រុងប៉ារីស ដោយកីឡាករ Juve រូបនេះ ទៅចូលរួមកម្មវិធីពានរង្វាន់ Serie A នៅពេលល្ងាច ដើម្បីយកពានសម្រាប់រដូវកាល ២០១៨/១៩ ។

ទោះយ៉ាងណាអតីតតារាឆ្នើមរបស់ក្លិប Real Madrid រូបនេះបានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងព្រឹត្តិការណ៍ ដែលយោងទៅតាមអ្នកឆ្លើយឆ្លងព័ត៌មានកីឡារបស់សារព័ត៌មាន IN លោក Tancredi Palmeri បានរាយការណ៍ថា គាត់បានរង់ចាំនៅក្នុងឡានរបស់គាត់រហូតដល់ពេលដែលគាត់ត្រូវបានគេហៅឱ្យទទួលពានរង្វាន់។
លោក Tancredi បានសរសេរតាម Twitter ថា៖ «ស្ទើរតែមិនគួរឱ្យជឿ! Cristiano Ronaldo បានរង់ចាំនៅក្នុងឡានរបស់គាត់មិនចូលរួមក្នុងកម្មវិធី ហើយចេញមកនៅពេលគេហៅឈ្មោះមកយកពាន MVP Serie A។ នៅពេលដើរចេញពីឡានមក ក្រុមអង្គរក្សបានបញ្ចាំងពិលដាក់កាមេរ៉ាក្រុមសារព័ត៌មាន ដើម្បីកុំឱ្យថតជាប់»។
គួរបញ្ជាក់ផងដែរថា Ronaldo បានជាប់នៅចំណាត់ថ្នាក់លេខបី សម្រាប់ពាន Ballon d’Or ឆ្នាំ២០១៩ ដែលឈរនៅពីក្រោយ Virgil van Dijk និង Lionel Messi ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ