ដាំ​បន្លែ​លើ​ទឹក​មួយ​កន្លែង​ក្នុង​ក្រុង​កំពង់ឆ្នាំង​កំពុង​តែ​ត្រូវប៉ាន​ហើយ


ខេត្តកំពង់ឆ្នាំង ៖ វិធីសាស្ត្រ​នៃ​ការ​ដាំ​បន្លែ​លើ​ទឹក​ដែល​តាម​ភាសា​បច្ចេកទេស​ហៅ​ថា ហៃ​ត្រូ​បូ​និ​ច (Hydroponic) បច្ចុប្បន្ន​ត្រូវ​គេ​សង្កេត​ឃើញ​ថា ៖ មាន​អ្នក​ចាប់​មុខរបរ​នេះ​ជា​បន្តបន្ទាប់ ព្រោះ​បាន​ទទួលស្គាល់​ថា វិធីសាស្ត្រ​មួយ​នេះ​ពិតជា​ធ្វើ​ឲ្យ​បន្លែ​របស់​ខ្លួន​គ្មាន​សារធាតុ​គីមី និង​អតិថិជន​មាន​ជំនឿ​ទុកចិត្ត​ដោយ​បាន​ទិញ​យក​ទៅ​ទទួលទាន​គ្រប់​ៗ​គ្នា ។

នៅ​ក្នុង​ឱកាស​ដាក់​តាំង​ផលិតផល​ដំណាំ​កសិកម្ម​គ្មាន​ជាតិ​គីមី​ដែល​រៀបចំ​ដោយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង កាលពីដើម​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ លោក ចាប វិបុល ដែល​ជា​ម្ចាស់​កសិដ្ឋាន​ដាំ​បន្លែ​លើ​ទឹក​ក៏​បាន​នាំ​យក​ផលិតផល​របស់​ខ្លួន​មក​ដាក់​តាំង​លក់​ដូច​គេ​ដែរ ហើយ​ក៏​ត្រូវ​បាន​អតិថិជន​ទទួល​ការ​គាំទ្រ និង​ស្ងើចសរសើរ​គ្រប់​ៗ គ្នា ។

យុវជន​ឈ្មោះ ជ័យ វាសនា ដែល​ជា​មេការ​មើល​ការ​ខុស​ត្រូវ​ក្នុង​កសិដ្ឋាន​ដាំ​បន្លែ​លើ​ទឹក មា​នទី​តាំងនៅ​ភូមិ​ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា ៖ ការ​ដាំ​បន្លែ​លើ​ទឹក​របស់​លោក ចាប វិបុល ជា​ថៅកែ​របស់​ខ្លួន (​ថៅកែ​ទៅ​ប្រទេស​ថៃ​) គឺ​ចាប់ផ្ដើម​ដំណើរការ​នៅ​ខែកក្កដា និង​បាន​ចាប់ផ្ដើម​បាន​ដាំ​បន្លែ​នៅ​ខែសីហា បើ​គិត​មក​ដល់​ពេល​នេះ​ទទួលផល​២​លើក​រួច​មក​ហើយ ។ ថៅកែ​របស់​ខ្លួន​ជា​និ​សិ​ត្ស មួយ​រូប​ធ្លាប់​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ក្រៅប្រទេស​លើ​ផ្នែក​កសិកម្ម​រយៈពេល​វែង​ដោយ​ទទួល​បាន​សញ្ញាប័ត្រ​ទៀត​ផង ។

ចំពោះ​ការ​រៀប​កសិដ្ឋាន និង​ឧបករណ៍​មួយ​ចំនួន គឺ​បាន​នាំ​យក​ពី​ក្រៅប្រទេស​ដោយ​ក្នុង​កសិដ្ឋាន​មាន​ទំហំ​ធំ​ល្មម​បែប​នេះ គឺ​បាន​ចំណាយ​ដើមទុន​ធំ​ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ ។ ថ្វីបើ​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​លទ្ធផល គឺ​ទទួល​បាន​ល្អ​ប្រសើរ ហើយ​បើ​គិត​មក​ដល់​ពេល​នេះ គឺ​ទទួល​បាន​ផល​២​លើក​រួច​មក​ហើយ ។ ការ​ដាំ​បន្លែ​លើ​ទឹក​បែប​នេះ​ជួប​ការ​លំបាក​ខ្លះ​ៗ​ដែរ ដូច​ជា ទឹក​ត្រូវ​វាស់​កម្រិត​ប៉េ​-​ហាស់ (P-H) ត្រឹមត្រូវ​ទៅ​តាម​ស្ដង់ដា ហើយ​ក្នុង​១​ថ្ងៃ​ត្រូវ​វាស់ ២​ទៅ​៣​ដង​ដែរ ។

ជាង​នេះ​ទៅ​ទៀត​ការ​ដាំ​បន្លែ​លើ​ទឹក​នៅ​កសិដ្ឋាន​មាន​បំពាក់​ដោយ​បច្ចេកទេស​ទំនើប ដូច​ជា ក្នុង​១៥​នាទី​ម្ដង​មានការ​បាញ់​ទឹក​ដោយ​ស្វ័យប្រវត្តិ​សើច​ស្រោច​ពីលើ​បន្លែ​ក្នុង​កសិដ្ឋាន​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ស្បៃ​យ៉ាង​ជិត​ការពារ​សត្វល្អិត ដើម្បី​ឱ្យ​មាន​សីតុណ្ហភាព​ក្តៅ​សម​ល្មម ។

យុវជន ជ័យ វាសនា មេការ​កសិដ្ឋាន​រូប​នោះ​បាន​បញ្ជាក់​ថា ៖ បច្ចុប្បន្ន​មាន​អតិថិជន​គាំទ្រ ជា​ច្រើន​ដែល​បាន​មក​ទិញ​បន្លែ​ពី​កសិដ្ឋាន​ដោយ​ផ្ទាល់​នៅ​ទី​នេះ និង​មួយ​ផ្នែក​ទៀត​បាន​បញ្ជូន​តាម​ភោជនីយ៍ដ្ឋាន​នានា​ក្នុង​ខេត្ត និង​មានការ​បោះ​ដុំ​ទៅ​ក្រៅ​ខេត្ត​ខ្លះ​ដែរ ។ អតិថិជន​ទាំងនោះ​បានដឹង​ថា ៖ បន្លែ​ទៅ​ទី​នេះ​គ្មាន​សារធាតុ​គីមី​សូ​ម្បី​បន្តិច​មិន​ប៉ះពាល់​ដល់​សុខភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ