ជប៉ុន​សម្លឹង​មើលឃើញ​ពី​សក្តានុពល​ខេត្ត​ព្រះ​សីហ​នុ ខណៈ​ចិន​អន់​ថយ​បន្តិច


រាជធានី​ភ្នំពេញ ៖ ជប៉ុន​បាន​ចាប់ផ្តើម​សម្លឹង​មើលឃើញ​ពី​សក្តានុពល​របស់​ខេត្ត​ព្រះ​សីហ​នុ ដោយ​នឹង​ធ្វើ​ផ្សព្វផ្សាយ​ពី​ការ​រីក​ចំរើន​របស់​ខេត្ត​នោះ ដើម្បី​ប្រជាជន​ខ្លួន​បានដឹង និង​មក​ទស្សនា ។ នេះ​បើ​តាម​លោក​ទូត ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ។

ការ​សម្លឹង​មើលឃើញ​របស់​ជប៉ុន​នេះ ខណៈ​ជនជាតិ​ចិន​មួយ​ចំនួន​បាន​ត្រឡប់​ជា​បន្តបន្ទាប់​ពី​ទៅ​ស្រុក​វិញ ក្រោយ​ពី​ពួក​គេ​រស់នៅ និង​រកស៊ី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​មួយ​រយៈពេល​កន្លង​មក ។ យោង​តាម​បណ្តា​សង្គម​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហុ​បាន​ឲ្យ​ដឹង​ថា លោក MIKAMI MASAHIRO ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា​នេះ ជា​លើក​ទី​មួយ ដែល​លោក​មក​ទស្សនកិច្ច​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​មក​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ។

លោក​ថា កាលពី​ឆ្នាំ​មុន លោក​បាន​មក​ភ្នំពេញ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន ហើយ​មក​ដល់​បច្ចុប្បន្ន កម្ពុជា​មានការ​អភិវឌ្ឍ​ខ្លាំង ។ កម្ពុជា​ឆ្លងកាត់​សង្គ្រាម​ជា​ច្រើន​ឆ្នាំ​កម្ពុជា​សម្រេច​បាន​នូវ​សុខ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ ខេត្ត​ព្រះ​សីហ​នុ មាន​អគារ​ខ្ពស់​ៗ​ជា​ច្រើន​កំពុង​មានការ​អភិវឌ្ឍ​ខ្លាំង​គួរ​ឱ្យ​ចាប់អារម្មណ៍ ។ លោក​បញ្ជាក់​ថា ៖« រាជរដ្ឋាភិបាល​ជប៉ុន​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ពិសេស​ជនជាតិ​ជប៉ុន​ដែល​មក​រកស៊ី​នៅ​ខេត្ត​ព្រះ​សីហ​នុ​រង​គ្រោះ​ដោយសារ​ការ រលំ​បាក់​អគារ​កាលពី​កន្លង​មក ហើយ​រដ្ឋបាល​ខេត្ត​ក៏​ដូច​ជា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បាន​ទាន់​ពេលវេលា » ។

ក្នុង​ជំនួប​នោះ​ដែរ លោក​ឯកអគ្គរាជទូត​ជប៉ុន​ចង់​ដឹង​ពី​ការ​អភិវឌ្ឍ​ខេត្ត​លើ​បញ្ហា​ផ្លូវ​លូរ​ទឹក​ស្អុយ មាន​បញ្ហា​ប្រឈម​អ្វីខ្លះ និង​មាន​គម្រោង​អភិវឌ្ឍ​ខេត្ត​បែប​ណា និង​ថ្លែងអំណរគុណ​រដ្ឋបាល​ខេត្ត​បាន​សហការ​នៃ​កា​ចូល​ចត​នាវា​កង​កងទ័ព​ជើង ទឹក​ជប៉ុន​នៅ​ខេត្ត​ព្រះ​សីហ​នុ នៅ​ពេល​ខាង​មុខ​នឹង​មាន​នាវា​ជា​ច្រើន​ទៀត​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ខេត្ត​ព្រះ​សីហ​នុ​ដល់​ប្រជាជន​ជប៉ុន​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​កន្លង​មក ប្រជាជន​ជប៉ុន​ស្គាល់​តែ​អង្គរ ខេត្តសៀមរាប ។

នៅ​ក្នុង​ជំនួប​នោះ​ដែរ​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ជប៉ុន​គាំទ្រ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​ធ្វើ​ឲ្យ​ផ្លូវ​ក្នុង​ក្រុង​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ឈាន​ទៅ​ខូចខាត​ទាំងស្រុង បើ​យើង​មិន​បាន​ស្ថាបនា​ជួសជុល​នោះ​ទេ ។ ខេត្ត​ព្រះ​សីហ​នុ​ជា​ខេត្ត​ទេសចរណ៍ ការ​អភិវឌ្ឍ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង មាន​វិស័យ​សំខាន់​ៗ​ដូច​ជា វិស័យ​សំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹក​ជញ្ជូន និង​ទេសចរណ៍ ។

ខេត្ត​មាន​កំពង់​ផែ​អន្តរជាតិ​ទឹក​ជ្រៅ ព្រ​លាន​យន្តហោះ ផ្លូវដែក ផ្លូវគោក ដោយសារ​កំណើន​នៃ​ការ​ដឹក​ជញ្ជូន​មានការ​កើនឡើង​ក្នុង​មួយ​ថ្ងៃ​មាន​កុងតឺន័រ​ប្រមាណ​៧០០ ដឹក​ចេញ​ទៅ​កាន់​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត ។ លោក អភិបាលខេត្ត​បាន​ជម្រាប​ជូន​បន្ត​ថា កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ២០១៩​កន្លង មក​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី សម្តេច​តេ​ជោ បាន​បញ្ចេញ​កញ្ចប់​ថវិកា​សាងសង់​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​៣៤​ខ្សែ​គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា​ខាង​មុខ​នេះ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ