តើ​តម្លៃ​អចល​ទ្រព្យ និង​តម្លៃ​ជួល​ដី​នៅ​កំពត មាន​បញ្ហា ឬទេ ​ខណៈ​ខេត្ត​ព្រះ​សី​ហនុមាន​អ្នក​ទឹកភ្នែក?


រាជធានី​ភ្នំពេញ ៖ ការ​ទិញ​លក់ និង​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត ហាក់​នៅ​មានដំណើរ​ការ​ធម្មតា ខណៈ​ពេល​ដែល​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​ជាប់​គ្នា​នោះ​មាន​បញ្ហា​ក្នុង​ការ​ជួល ឬ​លក់​បន្ត​ទៅ​ភាគី​ម្ខាង​ទៀត ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ភ្នាក់ងារ​អចលនទ្រព្យ​ប្រចាំ​ខេត្តកំពត ។

បើ​តាម​លោក សុខ គែន ភ្នាក់ងារ​អចលនទ្រព្យ​មួយ​រូប​ប្រចាំ​ខេត្តកំពត បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ ការ​ទិញ​លក់ និង​តម្លៃ ជា​ពិសេស​ទៅ​លើ​ការ​ជួល​អ​លន​ទ្រព្យ​នៅ​ក្នុង​ខេត្តកំពត មិន​មាន​បញ្ហា​អ្វី​ចោទ​នោះ​ទេ ពោល​គឺ​នៅ​តែ​មានដំណើរ​ការ​ធម្មតា​បើ​ទោះបីជា​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​ដូច​គ្នា​នោះ​ដែរ កំពុង​មាន​បញ្ហា​ទៅ​លើ​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន ក្រោយ​ពី​ការ​ចាកចេញ​របស់​ជនជាតិ​ចិន ។ លោក​បន្ត​ថា​៖ «​មាន​ម្ចាស់​ដីធ្លី​ខ្លះ នៅ​ក្នុង​ខេត្តកំពត​ដែល​ប្រញាប់​ក្នុង​ការ​លក់ ព្រោះ​ត្រូវការ​លុយ​បន្ទាន់​នោះ គឺ​បាន​ទម្លាក់​តម្លៃ​បន្តិចបន្តួច​ដើម្បី​ឱ្យ​លក់​ឆាប់​ដាច់ ក៏​ប៉ុន្តែ​សម្រាប់​ម្ចាស់​អចលនទ្រព្យ​ដទៃ​ទៀត នៅ​តែ​ដាក់​តម្លៃ​ទីផ្សារ​ដដែល​មិន​មានការ​ប្រែប្រួល​អ្វី​ទេ​» ។

លោក​បន្ត​ទៀត​ថា យើង​ទទួល​បាន​ព័ត៌មាន​ពិតមែន​ថា​ខេត្ត​ព្រះ​សីហ​នុ មាន​បញ្ហា​មួយ​ចំនួន​លើ​អចលនទ្រព្យ ជា​ពិសេស​ទៅ​លើ​ការ​ជួល​អចលនទ្រព្យ​ជា​លក្ខណៈ​តូចតាច និង​គ្រួសារ ក៏​ប៉ុន្តែ​សម្រាប់​ខេត្តកំពត ដែល​ជា​ខេត្ត​ជាប់​សមុទ្រ​ផង​ដែរ​នោះ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ពោល​ក្នុងអំឡុងពេល​ជនជាតិ​ចិន​មិន​ទាន់​ចាកចេញ​ច្រើន​ពី​កម្ពុជា ក៏​ខេត្តកំពត​មិន​ទទួល​បាន​ផល​ច្រើន​ប៉ុន្មាន​ពី​ជនជាតិ​ចិន​នោះ​ដែរ ពោល​គឺ វិនិយោគិន​ចិន​មក​កាន់​ខេត្តកំពត​មិន​មាន​ច្រើន​ទេ មាន​តែ​ជនជាតិ​ផ្សេង អ៊ីចឹង​ហើយ​នៅ​ពេល​ដែល​ជនជាតិ​ចិន​ចេញពី​កម្ពុជា ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ និង​តំបន់​ផ្សេង​ទៀត​ក៏​ខេត្តកំពត​មិន​មាន​បញ្ហា​ទៅ​លើ​អចលនទ្រព្យ​ដែរ ។

លោក​បន្ថែម​ថា​៖ «​តាម​ពិត​ទៅ​កាលពីមុន​ក៏​មាន​វិនិយោគិន​ចិន​មួយ​ចំនួន​ដែរ ដែល​ចូល​មក​វិនិយោគ​នៅ​ក្នុង​ខេត្តកំពត ក៏​ប៉ុន្តែ​មិន​មាន​ច្រើន​ដូច​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​តំបន់​ផ្សេង​ទៀត​ដែល​មាន​សក្ដានុពល​ដូច​គ្នា​នោះ​ទេ ។ អ្នក​ចូល​មក​វិនិយោគ​លើ​អចលនទ្រព្យ​ដូច​ជា​ដីធ្លី និង​ផ្នែក​ផ្សេង​ទៀត ភាគច្រើន​ជា​ជនជាតិ​ខ្មែរ អឺរ៉ុប និង​ជប៉ុន​ជា​ដ​ដើម​» ។

ដោយឡែក​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ចាត់វិធានការ​លើ​ជនជាតិ​ចិន​ដែល​ប្រកប​របរ​ល្បែង​អន​ឡាញ ជា​ការ​ចាត់វិធានការ​បាន​ទាន់​ពេលវេលា ព្រោះ​បើសិនជា​ទុក​កាន់តែ​យូរ​ទៅ​ផល​ប៉ះពាល់​វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ។ លោក​ថា​៖ «​ផល​ប៉ះពាល់​វា​ប្រាកដជា​មាន​សម្រាប់​តំបន់​មាត់សមុទ្រ​ជា​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ក្រោយ​បិទ​ល្បែង​អន​ឡាញ ក៏​ប៉ុន្តែ​ផល​ប៉ះពាល់​នេះ គឺ​តិចតួច​ទេ ជាក់ស្ដែង​គម្រោង​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ មិន​មាន​គម្រោង​ធំ​ណាមួយ​ត្រូវ​បាន​ផ្អាក ឬ​គាំង​ដំណើរការ​នោះ​ទេ ពោល​គឺ​នៅ​តែ​មានការ​សាងសង់ ហើយ​គម្រោង​ថ្មី​ៗ​ក៏​នៅ​តែ​បន្ត​ចាប់ផ្ដើម​សាងសង់​បន្ថែម​ទៀត​ឱ្យ​ស្រប​នឹង​តម្រូវការ​» ។ លោក​បន្ត​ថា សម្រាប់​អ្នក​វិនិយោគ​ទាំង​ខ្មែរ និង​បរទេស​ដែល​ចង់​ទទួល​បាន​ជោគជ័យ គឺ​ត្រូវ​ឈ្វេងយល់​ឱ្យ​ច្បាស់​ពី​ព័ត៌មាន និង​របាយការណ៍​នានា ដោយ​មិន​គួរ​ប្រថុយប្រថាន​ដោយ​មាន​ភាព​មិន​ច្បាស់លាស់​នោះ​ទេ វា​បណ្ដាល​ឱ្យ​មានការ​ខាតបង់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បានឱ្យ​ដឹង​ថា វិស័យ​អចលនទ្រព្យ និង​សំណង់​ក្នុង​ប្រទេស​បាន​រួមចំណែក​ខ្ពស់​ក្នុង​វិស័យសេដ្ឋកិច្ច តែ​រហូត​មក​ដល់​ពេល​នេះ​វិស័យ​នេះ​ហាក់​មាន​កំណើន​ខ្ពស់​ខ្លាំង ដែល​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ចំពោះ​ការ​ផ្ដល់​ឥណទាន​ទៅ​លើ​វិស័យ​សំណង់ ដើម្បី​ទប់ស្កាត់​ហានិភ័យ​ណាមួយ​ដែល​អាច​កើតឡើង​នៅ​ពេល​ខាង​មុខ ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ