រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម កម្ពុជាបានអះអាងថាយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវមួយរបស់ប្រទេសចិនបានធ្វើឱ្យមានទំនាក់ទំនងគ្រប់ជ្រុងជ្រោយដើម្បីពង្រីកពាណិជ្ជកម្មរវាងកម្ពុជា និងចិនឱ្យកាន់តែធំធាត់រឹងមាំពីមួយឆ្នាំទៅមួយឆ្នាំស្របពេលដែលកម្ពុជាផ្តល់ការលើកទឹកចិត្តដល់វិនិយោគិនបរទេសទទួលបានអត្ថប្រយោជន៍កាន់តែច្រើនតាមរយៈការបណ្តាក់ទុននៅកម្ពុជា ។
លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក្នុងពិធីផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហ្វូជានប្រទេសចិនកាលពីថ្ងៃទី ២៨តុលា បានលើកឡើងថាស្របតាមយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវមួយ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជំរុញឱ្យកម្ពុជា-ចិន មានទំនាក់ទំនងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មឱ្យកាន់តែធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំ ។
លោកបានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលកម្ពុជា ជំរុញ និងខិតខំប្រឹងប្រែងផ្តល់ជូនពាណិជ្ជករបរទេស ដែលមានបំណងវិនិយោគនៅកម្ពុជា នឹងទទួលកិច្ចសម្រួលបំពេញបែបបទងាយស្រួល ព្រមទាំងផ្តល់ឱកាសវិនិយោគនៅកម្ពុជាលើការលើកលែងពន្ធ និងពន្ធបង់នូវកម្រិតទាបសម្រាប់នាំចេញ នាំចូលផលិតផលទៅកាន់ប្រទេសមួយចំនួនដូចជា សហភាពអ៊ឺរ៉ុប ជប៉ុន កាណាដា និងអាមេរិកជាដើម ។ កម្ពុជាបានសម្រួលជូននូវពាណិជ្ជករបរទេសនូវការវិនិយោគលើការលើកលែងពន្ធចំនួនពី ១-៩ ឆ្នាំ ការអនុគ្រោះពន្ធលើការបង់ពន្ធអប្បបរិមា ពន្ធលើប្រាក់ចំណេញមិនលើសពី ២០% អ្នកវិនិយោគអាចបង្វិលទុនមានភាពងាយស្រួល និងមានដើមទុនរបស់ខ្លួន ១០០%» ។
លោក LIU DEPEI ប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន ខេត្តហ្វូជាន ដែលស្ថិតតាមបណ្តោយឆ្នេរសមុទ្រចិន ដោយ ៤០ ឆ្នាំកន្លងមក ខេត្តនេះមានកំណែទម្រង់គ្រប់វិស័យ និងទំនាក់ទំនងល្អក្នុងការនាំចេញ-នាំចូលផលិតផលទៅកាន់ប្រទេសនានា ស្របតាមយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវមួយ បានជំរុញឱ្យកម្ពុជា-ចិនមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀត ។ លោក LIU DEPEI បានលើកនូវចំណុចសំខាន់ ៣ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ខេត្តហ្វូនជាន រួមមាន៖ ១-) ពង្រីកទំហំពាណិជ្ជកម្ម ដោយវិនិយោគនៅកម្ពុជាលើឧស្សាហកម្មធុនស្រាស កសិកម្ម និងធនធានរ៉ែ, ២-) ពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគនៅកម្ពុជា នឹងដឹកនាំសហគ្រាសខេត្តហ្វូជាន ធ្វើពាណិជ្ជកម្មលើវិស័យវាយភណ្ឌ ស្បែកជើង សម្លៀកបំពាក់ និងអាហារ ព្រមទាំងស្វាគមន៍ចំពោះពាណិជ្ជករកម្ពុជាវិនិយោគនៅខេត្តហ្វូជាននិង ៣-) ពង្រីក និងពង្រឹងការផ្លាស់ប្តូរ ការទំនាក់ទំនង និងទស្សនកិច្ចរវាងកម្ពុជា-ខេត្តហ្វូជាន ប្រទេសចិន ។
លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មធ្លាប់មានប្រសាសន៍ថ្មីៗនេះថា ទំហំពាណិជ្ជកម្មទ្វេភាគីវាងកម្ពុជា និងចិន សរុបបានបន្តកើនឡើងជាបន្តបន្ទាប់កាលពីឆ្នាំ ២០១៨ យើងសម្រេចបាន ៦.៤៥៧ លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០១៧ ត្រឹមតែ ៥.៥៧៧ លានដុល្លារ អាមេរិកនិងបើធៀបទៅ ៤ ឆ្នាំមុន គឺកាលពីឆ្នាំ២០១៥ ត្រឹមតែ ៤,៣៣៣ លានដុល្លារអាមេរិក កើនឡើង ៤៩% ។
លោកបញ្ជាក់ថា «អ្នកវិនិយោគចិនជាច្រើន ដែលមានការជឿទុកចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយសម្រេចចិត្តដាក់ទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ។ ជាក់ស្តែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលមានផ្ទៃដីសរុប ១,១១៤ ហិចតា មានក្រុមហ៊ុនកំពុងវិនិយោគសរុបចំនួន ១៣១ ក្រុមហ៊ុន ទំហំទុនសរុបប្រមាណ ៤៦១ លានដុល្លារ ក្នុងនោះក្រុមហ៊ុនចិន មានចំនួនដល់ទៅ ១២១ ក្រុមហ៊ុន ស្នើនឹង ៩២.៣៦% ។ សូចនករទាំងនេះ ជាលទ្ធផល និងជាកត្តាលិករ នៃការសិក្សាឈ្វេងយល់អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា» ។
លោកលើកឡើងថា ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨ ប្រទេសចិន គឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជាក្នុងបរិមាណសរុប ៨,១ ពាន់លានដុល្លារអាមេរិក ដែលបានបោះទុនវិនិយោគលើគ្រប់វិស័យ ដែលរួមមាន៖ ការវិនិយោគផ្នែកតំបន់សេដ្ឋកិច្ចពិសេស រោងចក្រឧស្សាហកម្ម សហគ្រាស កសិកម្ម សំណង់ និងអចលនទ្រព្យជាដើម ។ បន្ថែមពីនេះ ដោយកម្ពុជារក្សាបាននូវកំណើនទេសចរណ៍ជារៀងរាល់ឆ្នាំ ក្នុងឆ្នាំ២ ០១៨ មានអ្នកទេសចរចំនួនប្រមាណ ៦,២ លាននាក់ កើនឡើង ១១% ដែលធ្វើឱ្យវិស័យទេសចរណ៍បានចូលរួមចំណែកប្រមាណជាង ១២.៧% នៃផលិតផលក្នុងស្រុកសរុប ។ ក្នុងនោះភ្ញៀវទេសចរណ៍ចិនឈរនៅលំដាប់នាំមុខគេ ដែលមានចំនួនប្រមាណ ១,៩ លាននាក់ កើនឡើងជាង ៧០% ហើយធ្វើឱ្យមានជើងហោះហើរត្រង់កម្ពុជា-ចិន កាន់តែច្រើនឡើង ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ