ខេត្តត្បូងឃ្មុំ ៖ ទ្វារទឹកដែលកសាងនៅក្នុងសម័យប៉ុល ពត ស្ថិតនៅក្នុងភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវបានទឹកហូរបុកដាច់ដី បណ្ដាលឲ្យបាក់អស់ ចំណែកច្រាំងមាត់ព្រែកជីកក៏បានបាក់ផងដែរ ជាហេតុធ្វើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមមាត់ព្រែកជីក ត្រូវបានបង្ខំចិត្តរុះរើជាបន្ទាន់ផងដែរ ហើយអាជ្ញាធរស្រុកក៏បានដាក់បំរាមមិនអោយរថយន្តធំៗបើកឆ្លងកាត់ស្ពានព្រែកជីកខាងលើ ព្រោះខ្លាចបាក់ដោយសារតែផ្ទុកលើសចំណុះនោះ។
លោកឌឹង ខុន អាយុ៧៣ឆ្នាំ មុខរបរលក់កាហ្វេ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ តុលា ឆ្នាំ២០១៩នេះថា គាត់បានសង់រោងសម្រាប់លក់កាហ្វេនៅមាត់ព្រែកជីកខាងលើនេះគិតរហូតមកដល់ពេលនេះមានរយៈពេលជាង១០ឆ្នាំមកហើយ មិនដែលមានបញ្ហាគ្រោះធម្មជាតិបាក់ច្រាំងនោះទេ។ តែមកដល់រដូវទឹកសម្រកក្នុងឆ្នាំ២០១៩ បណ្ដាលឱ្យហូរច្រោះដាច់រលំទ្វារទឹកសាងសង់ពីបេតុង ដែលកសាងនៅក្នុងរបបប៉ុល ពត ត្រូវបានបាក់ដួលខ្ទេចខ្ទីអស់កាលពីកន្លងទៅថ្មីៗនេះ។
លោកបានរៀបរាប់បន្តថា ដីបានបាក់ជិតមកដល់រោងរបស់គាត់ ធ្វើឱ្យគាត់មានការព្រួយបារម្ភ ជាមួយនោះគាត់ក៏បានជញ្ជូនរបស់របរដែលសំខាន់ៗយកទៅទុកនៅឯផ្ទះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរោងលក់ដូរ។ ដោយឡែកស្ពានបេតុងព្រែកជីក ដែលត្រូវបានគេដឹងថា កសាងឡើងនៅក្នុងសម័យសង្គមរាស្ត្រនិយមក៏ត្រូវបានយាយីដោយគ្រោះធម្មជាតិនេះដែរ។
លោកបានរៀបរាប់បន្តទៀតថា ដោយមើលឃើញស្ថានភាពបែបនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានចុះមកធ្វើអន្តរាគមន៍ ដោយដាក់បំរាមមិនឱ្យរថយន្តធុនធំបើកឆ្លងកាត់ស្ពាននេះ គឺយ៉ាងច្រើនអាចផ្ទុកចំណុះបានត្រឹមតែ៥តោនប៉ុណ្ណោះ។ ប្រសិនបើច្រាំងបាក់រហូតមកដល់រោងកាហ្វេរបស់គាត់នោះ គាត់នឹងត្រូវបញ្ឈប់ការលក់កាហ្វេ ដោយមិនមានកន្លែងលក់ដូរទៀតឡើយ។
អ្នកស្រីគឹង ឡាម៉ា អាយុ៥៥ឆ្នាំ មានផ្ទះនៅនឹងមាត់ព្រែកជីក បានរៀបរាប់ប្រាប់ឱ្យដឹងថា ចាប់តាំងពីពេលដែលគាត់និងប្ដីឈ្មោះវន សុខន អាយុ៥១ឆ្នាំ មកសាងសង់ផ្ទះឈើនៅទីនេះគឺទទួលសុខសាន្តជាបន្តបន្ទាប់ មិនដែលមានអ្វីកើតឡើងនោះទេ ហើយនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់គាត់គឺមានរបាំងធ្នួសដែលជាអតីតឡូត៍នេសាទលេខ៩ ដោយបានទប់ទឹកមិនឱ្យហូរគំហុកធ្លាក់ចូលទៅក្នុងទន្លេមេគង្គ។ ប៉ុន្តែចាប់តាំងពីក្រោយឡូត៍នេសាទត្រូវបានកាត់ចេញនោះ របាំងក៏ត្រូវបានរុះរើចេញក្នុងរយ:ពេលជិត១០ឆ្នាំចុងក្រោយនេះ ដោយទឹកព្រែកបានហូរបុកខ្លាំងដែលជាហេតុបណ្ដាលឱ្យដាច់ដីនិងបាក់ច្រាំងបន្តិចម្តងៗ ។
អ្នកស្រីបានបន្តថា លុះមកដល់ឆ្នាំ២០១៩ គ្រោះធម្មជាតិបានកើតឡើងហាក់ដូចជាប្លែកជាងបណ្ដាឆ្នាំណាៗទាំងអស់ ដោយទឹកហូរមកបុកទ្វារទឹកកសាងឡើងពីបេតុងក្នុងសម័យប៉ុល ពត ដែលមានសភាពរាងចាស់ផងនោះទើបបណ្ដាលឲ្យដួលបាក់ខ្ទេចខ្ទីអស់។ នៅថ្ងៃទី២៣ តុលា ឆ្នាំ២០១៩ ច្រាំងបានបាក់មកដល់ផ្ទះរបស់គាត់ ហើយត្រូវបានអ្នកភូមិផងរបងជាមួយ រួមនឹងអាជ្ញាធរឃុំស្រុក បានចុះមកជួយអន្តរាគមន៍រើផ្ទះបានទាន់ពេលវេលា ព្រមទាំងបានផ្ដល់ថវិកាមួយចំនួនដល់គ្រួសាររបស់គាត់សម្រាប់ទុកចំណាយថ្លៃរុះរើផងដែរ ។
អ្នកស្រីបានបន្តទៀតថា គាត់ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានគិតគូរជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមិនទុកឱ្យផ្ទះបាក់រលំនោះទេ ហើយនៅយប់ថ្ងៃទី២៤ តុលា ឆ្នាំ២០១៩ ច្រាំងមាត់ព្រែកជីកចេះតែបន្តបាក់មកបន្ថែមទៀតធ្វើឲ្យដីនិងផ្ទះរបស់គាត់ដែលមានទំហំ១០ម៉ែត្រគុណនឹង១៥ម៉ែត្រ ត្រូវបានបាក់អស់ ធ្វើឱ្យគាត់មិនមានដីសម្រាប់សាងសង់លំនៅដ្ឋាននោះទេ។ ហេតុតែជីវភាពរបស់គាត់មានការខ្វះខាត ដោយប្ដីរបស់គាត់ជាអ្នកនេសាទត្រីនៅតាមដងទន្លេមេគង្គ គាត់សូមលើកដៃម្រាមដប់សំពះសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត មេត្តាជួយផ្ដល់ដីនៅកន្លែងណាមួយបានសមរម្យល្មមសម្រាប់ឱ្យគាត់សាងសង់ផ្ទះរស់នៅ ហើយគាត់សង្ឃឹមថាថ្នាក់ដឹកនាំដែលជាម៉ែឪនឹងផ្ដល់ឱ្យកូនចៅតាមការគួរជាក់ជាមិនខាន។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកជីកបានប្រាប់ឱ្យដឹងថា ប្រសិនបើមានរថយន្តបើកឆ្លងកាត់ផ្លូវជាតិលេខ៧ ចូលមកដល់ឃុំទន្លេបិទ តាមផ្លូវបេតុងឆ្លងស្ពានព្រែកជីក ឆ្ពោះទៅកាន់ស្រុកកោះសុទិន ខេត្តកំពង់ចាម មិនអាចធ្វើដំណើរឆ្លងកាត់បាននោះទេ ព្រោះស្ពានទំនប់នៅព្រែកតាក្វាន់ ត្រង់ព្រំប្រទល់ស្រុកត្បូងឃ្មុំនិងកោះសូទិនត្រូវបានកាត់ផ្ដាច់ដោយគ្រោះធម្មជាតិនារដូវទឹកសម្រកនេះ។
លោកភិន ឈុន មេឃុំទន្លេបិទ មានប្រសាសន៍ឲ្យដឹងដែរថា បន្ទាប់ពីបានទទួលដំណឹងថាមានគ្រោះធម្មជាតិបាក់ច្រាំងនៅចំណុចព្រែកជីក លោកបានឲ្យកម្លាំងប្រជាការពារជាច្រើននាក់ចុះជួយរុះរើលំនៅដ្ឋានរបស់ស្ត្រីឈ្មោះឡាម៉ា រួមទាំងមានការឧបត្ថម្ភនូវថវិកាមួយចំនួនសម្រាប់ឲ្យទៅជាងរុះរើផ្ទះ ហើយការស្នើសុំរបស់ស្ត្រីខាងលើនេះ លោកនឹងរាយការណ៍បន្តទៅថ្នាក់លើបន្ថែមទៀត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ