ប្រទេសអ៊ីរ៉ាក់ ៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលដែលចាប់ពីដើមខែតុលាមក បណ្ដាលឲ្យមនុស្សស្លាប់ជាង១៥០នាក់ ក្រោយពីស្ងាត់មិនបានប៉ុន្មានថ្ងៃផង បានកក្រើកឡើងវិញកាលពីយប់ថ្ងៃទី២៤តុលា មុនការប្រមូលផ្ដុំមនុស្សរបស់មេដឹកនាំស៊ីអ៊ីត លោកម៉ុកតាដាសាដ្រដ៏មានឥទ្ធិពលច្រើននាក់។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអាដែលអាប់ដែលម៉ាហ៍ឌី បានដាក់កងកម្លាំងសន្តិសុខទាំងមូល ឲ្យស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ចាប់ពីយប់ថ្ងៃទី២៤តុលាទៅ។ ប្រឈមមុខនឹងកងកម្លាំងសន្តិសុខ លោកម៉ុកតាដាសាដ្រមានបំណងបង្កើនទម្ងន់របស់លោកក្នុងចលនាតវ៉ា ដែលបរិហារអំពើពុករលួយរបស់បណ្ដាមេដឹកនាំ ហើយទាមទារការងារនិងធ្វើឲ្យបណ្ដាសេវាកម្មសាធារណៈដើរ ក្នុងប្រទេសសម្បូរដោយប្រេងកាតនោះ តែនៅខ្វះអគ្គិសនីព្រមទាំងទឹកស្អាតប្រើរ៉ាំរៃ។
លោកម៉ុកតាដាសាដ្រជាអតីតប្រមុខកងជីវពលសីស៊ីអ៊ីតអ៊ីរ៉ាក់ដ៏មានឥទ្ធិពល ហើយក្លាយជាវីរបុរសរបស់ពួកបាតុករប្រឆាំងអំពើពុករលួយ បានអំពាវនាវដល់បណ្ដាអ្នកគាំទ្រលោក ឲ្យលើកគ្នាធ្វើបាតុកម្មនិងស្នើដល់បណ្ដាយុទ្ធជនរបស់លោក ឲ្យត្រៀមខ្លួនការពារបាតុករ នាំឲ្យមានការភ័យខ្លាចដល់អំពើហិង្សាថ្មីៗ។
ចាប់តាំងពីដើមខែតុលាមកបើតាមតុល្យការផ្លូវការថា មនុស្សយ៉ាងតិច១៥៧នាក់ហើយបានត្រូវស្លាប់ភាគច្រើនជាពួកបាតុករ។ ដោយស្រែកពាក្យថា ពួកគេសុទ្ធតែជាចោរមនុស្សច្រើនរយនាក់បានប្រមូលផ្ដុំគ្នានៅទីលានតារៀរក្រុងបាដាដ ដែលកាលពីដើមខែតុលាជាចំណុចកណ្ដាលនៃការតវ៉ា។ រដ្ឋមន្ត្រីមហាផ្ទៃអីុរ៉ាក់លោកយ៉ាស៊ីនអាល់យ៉ាសឺរីបានទៅកាន់ទីលាននោះ ដើម្បីអះអាងប្រាប់ពួកបាតុករថាប៉ូលិសលើកមកកាន់ទីនោះ ដើម្បីការពារពួកគេ។ ចំណែកនៅទីក្រុងណាសីុរីយ៉ាចម្ងាយ៣០០គីឡូម៉ែត្រភាគខាងត្បូងក្រុងបាដាដ ពួកបាតុករបានអំពាវនាវឲ្យធ្វើបាតុកម្មដោយអង្កុយ រហូតដល់ការដួលរលំនៃរបបបច្ចុប្បន្ន។
បាតុកម្មរីកធំនាព្រឹកថ្ងៃទី២៥តុលា ហើយនាវេលារសៀលបាតុកម្មនឹងចូលរួមដោយបណ្ដាមនុស្សរបស់លោកម៉ុកតាដាសាដ្រជាអ្នកឈ្នះក្នុងការបោះឆ្នោតសភាហើយចាកចេញពីរដ្ឋាភិបាលចម្រុះ រួចទាមទារឲ្យរដ្ឋាភិបាលនោះលាលែងនិងឲ្យមានការបោះឆ្នោតមុនកាលកំណត់ ក្នុងប្រទេសដែលមានពួកស៊ីអ៊ីតភាគច្រើន។ មនុស្សរបស់លោកម៉ុកតាដាសាដ្រ ធ្លាប់បានវាយលុកកាលពីឆ្នាំ២០១៦ តំបន់បៃតងក្រុងបាដាដ ហើយកាន់កាប់ស្ថាប័នជាន់ខ្ពស់របស់រដ្ឋស្ទើរទាំងមូល៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ