រាជធានីភ្នំពេញ ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍ក្រុមហ៊ុនស៊ិនទ្រី ត្រូវបានដកហូតសិទ្ធិមកជារបស់រដ្ឋ គ្រប់គ្រងវិញ ព្រោះថា ក្រុមហ៊ុននេះមិនបានបំពេញការងាររបស់ខ្លួនបានទេ ។ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែតុលា នេះ សម្តេចបន្ត កន្លងមកក្រុមហ៊ុនស៊ិន ទ្រី បានធ្វើការប្រៀបដូចជា ការបក់ផ្សែងអីញ្ចឹង ។
ត្រូវតែមានបើកឲ្យក្រុមហ៊ុនធ្វើការដេញថ្លៃ ដោយមានក្រុមហ៊ុន ៣ ឬ៤ ក្នុងនោះក៏មានក្រុមហ៊ុន ស៊ិន ទ្រី តែមិនអនុញ្ញាតឲ្យច្រើនដូចគេទេ ។ ដោយបានបែកចែកតំបន់នៅរាជធានីភ្នំពេញជា ៤ផ្នែក ។ សម្តេចបានគូសបញ្ជាក់ថា បញ្ហាសំរាមនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមានការត្អូញត្អែរផងដែរ ព្រោះពេលខ្លះសំរាមមិនទាន់យកចេញ ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានផ្តាំទៅបណ្តាខេត្តមួយចំនួនដែលធ្វើដូចនៅរាជធានីភ្នំពេញ គឺបញ្ចូលថ្លៃប្រមូលសំរាមជាមួយវិក្កយបត្រភ្លើងត្រូវតែដកចេញដូចគ្នា ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ឆ្នាំ២០២០ ។
សម្តេចតេជោបានបន្តថា ក្រុមហ៊ុន ស៊ិនទ្រី តាំងពីទទួលកិច្ចសន្យាពីរាជរដ្ឋាភិបាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០០២មក ក្រុមហ៊ុននេះពុំទាន់បានបំពេញកាតព្វកិច្ចបំរើប្រជាជនឲ្យសាកសមតាមការរីកចម្រើនរបស់រាជធានីភ្នំពេញ និងបម្រើតម្រូវការរបស់ប្រជាពលរដ្ឋដូចការរំពឹងទុកឡើយ» ។ សម្តេចបន្តថា ក្រោយការដកហូតនេះក្រុមហ៊ុនស៊ិន ទ្រី នឹងទទួលបានការប៉ះប៉ូវ សមស្រប និងយុត្តិធម៌ ហើយធនធានមនុស្សទាំងអស់របស់ក្រុមហ៊ុន បច្ចុប្បន្ននឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាព រាជធានីភ្នំពេញជូនប្រជាពលរដ្ឋ ។
សម្តេចបញ្ជាក់ថា«ចំណុចនេះ ខ្ញុំសូមបញ្ជាក់ថា យើងមិនអាចពឹងពាក់ទៅលើស៊ិន ទ្រី ហើយចេះតែនិយាយលើស៊ិនទ្រី មិនចេញចប់ ប្រៀបដូចជា ការអង្គុយបក់ផ្សែងនៅពេលកន្លងទៅ ។ ខ្ញុំពុំមានជម្រើស ដើម្បីឲ្យសភាពការណ៍អូសបន្លាយតទៅទៀតបានទេ ។ កន្លងទៅខ្ញុំបានសម្រេចឲ្យបែងចែកជា៤តំបន់ សម្រាប់ទាញយកសំរាមទៅដាក់ ប៉ុន្តែរយៈពេលសឹងតែពេញ១ ឆ្នាំទៅហើយមិនទាន់មានកន្លែងណាមួយបានយកសំរាមទៅដាក់ទេ »។
សម្តេចបានសង្កត់ធ្ងន់ថា ៖« ដូច្នេះការដកហូតសិទ្ធិពីក្រុមហ៊ុនឯកជនមួយនេះ មកឲ្យអង្គភាពរដ្ឋគ្រប់គ្រងជាបណ្តោះអាសន្ន គឺជាការចាំបាច់ ។ ដូច្នេះត្រូវធ្វើសកម្មភាពបន្ទាន់ ដើម្បីធ្វើការគ្រប់គ្រងគ្រប់មធ្យោបាយក៏ដូចជា កម្លាំងមនុស្ស ដើម្បីដោះស្រាយបញ្ហាក្នុងការឆ្លើយតប ក្នុងការចង់បានរបស់ប្រជាពលរដ្ឋរបស់យើង» ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា បន្ទាប់ពីអង្គភាពស្វ័យមានប្រសិទ្ធិភាព ហើយរាជរដ្ឋភិបាលនឹងរៀបចំឲ្យមានការដេញថ្លៃប្រកួតប្រជែង និងមានតម្លាភាពដោយស្វែងរកក្រុមហ៊ុនចូលរួមយ៉ាងតិច៤ ធ្វើការប្រមូលសំរាម និងសំអាតទីក្រុងឲ្យបានល្អ ប្រសើរទាំងគុណភាព និងបរិមាណ ដែលប្រជាពលរដ្ឋអាចទទួលយកបាន ។
រាជរដ្ឋាភិបាលសង្ឃឹមថា យន្តការថ្មីនេះ និងជួយបង្កើនការងារជួនដល់បងប្អូនកម្មករជាច្រើន បន្ថែមទៀតផងដែរ ។ សម្តេចថា«អីញ្ចឹងចំណុចនេះសុំបញ្ជាក់យើងយកមកគ្រប់គ្រងទាំងមូលសិន ហើយមានស្ថេរភាព យើងចាប់ផ្តើមបែងចែកជា៤តំបន់ ដោយមួយក្រុមហ៊ុនមិនគ្រប់គ្រាន់ទេ ព្រោះថាក្រុងភ្នំពេញពីមុនមានតែជាង៣០០គីឡូម៉ែត្រការ៉េទេ ឥឡូវដល់៦០០គីឡូម៉ែត្រការ៉េទៅហើយ »។ សម្តេចក៏បានលើកឡើងថា ត្រូវតែធ្វើការដាក់ឲ្យក្រុមហ៊ុនដេញថ្លៃ ក្នុងនោះក៏មានក្រុមហ៊ុនស៊ិនទ្រីផងដែរ តែមិនអនុញ្ញាតឲ្យពេញនោះទេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ