រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង សួស វីហ្សា បានបង្អួតនូវរថយន្តថ្មីដែលមានតម្លៃជាង ២០ម៉ឺនដុល្លារ បញ្ឈឺអ្នកដែលធ្លាប់មើលងាយនាង និងគ្រួសារពីភាពក្រីក្រនាពេលកន្លងមក ។ រថយន្តថ្មីដែលតារាចម្រៀងរូបនេះទើបតែយកចូលផ្ទះកាលពីថ្ងៃទី២២ ខែតុលានោះ គឺម៉ាក Lexus 570kuro ស៊េរីឆ្នាំ 2020 ដែលមានតម្លៃជាង ២០ដុល្លារ ។
ការបង្ហាញនូវរថយន្តទំនើប និងមានតម្លៃថ្លៃនាពេលនេះត្រូវបាន សួស វីហ្សា អះអាងថា មិនមែនជាការបង្អួតនោះឡើយ ពោលគឺនាងគ្រាន់តែចង់បញ្ជាក់ប្រាប់ទៅមនុស្សមួយចំនួនដែលធ្លាប់មើលងាយគ្រួសារនាង និងមើលងាយអ្នកក្រប៉ុណ្ណោះ ។
ជាមួយរូបភាពរថយន្តថ្មីនេះតារាចម្រៀងក្នុងផលិតកម្មហង្សមាស នាង សួស វីហ្សា បានភ្ជាប់សារថា «មួយជីវិតនេះ អ្វីដែលត្រូវធ្វើ គឺខ្ញុំបានលះបង់អស់ហើយសម្រាប់គ្រួសារមួយនេះ» ។
នាងបញ្ជាក់ថា «កាលពីមុនគ្រួសារយើងធ្លាប់ក្រលំបាកឆ្អែតហើយ ហើយអារឿងគេមើលងាយមើលថោកក៏វាឆ្អែតដែរ តែយើងមិនដែលតបតគេដោយវិធីអាក្រក់ទេ យើងតែងរើសយកវិធីឈ្នះពួកនោះវិញ ដោយការប្រឹងប្រែងរកស៊ីសាងកេរ្តិ៍ឈ្មោះ សាងកិត្តិយសអោយអ្នកទាំងនោះបានឃើញ នឹងប្រឹងដោយសមត្ថភាព និងមិនបានបៀតបៀន និងបំផ្លាញអ្នកណាទាំងអស់» ។
បើតាម សួស វីហ្សា ការផុសរូបទាំងនេះ គឺគ្រាន់តែចង់ប្រាប់ទៅអ្នកដែលចូលចិត្តតាំងខ្លួនអស្ចារ្យមួយចំនួនថា សូមកុំមើលងាយមនុស្ស កុំមើលងាយអ្នកក្រ ធ្វើតែល្អៗទៅ ព្រោះរឿងវាសនាមនុស្សវាមើលមិនឃើញទេ ម្តងគេម្តងយើង ។
ជាកត់សម្គាល់ការទិញនូវរថយន្តថ្មី និងមានតម្លៃថ្លៃរបស់តារាចម្រៀងរូបនេះ មិនមែនជារឿងចំឡែកនោះឡើយ ដោយសារតែនាងកំពុងមានទីផ្សារខ្ពស់លើអាជីពសិល្បៈ ។
មុននឹងទិញរថយន្តនេះ សួស វីហ្សា ក៏បានបង្ហាញពីភាពហ៊ឺហារបស់ខ្លួនតាមរយៈការជិះរថយន្ត Mazda តម្លៃរាប់ម៉ឺនដុល្លារ ជាមួយនឹងការរស់នៅផ្ទះវីឡាដ៏ប្រណីតផងដែរ ។ យ៉ាងណារថយន្តទំនើបមួយនេះ ក៏ជាកាដូដ៏ពិសេសផងដែរ មុនពេលដែលនាងត្រូវចូលរោងការជាមួយតារាសម្តែងលោក ថមមី នាពេលខាងមុខនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ