មនុស្សយើងគ្រប់គ្នា មិនខ្វល់ថានរណាឡើងតែងតែចង់បានជីវិតដែលមានសុខភាពល្អរយៈពេលយូរ ដូច្នេះតើអ្នកគួរតែធ្វើដូចម្តេចទើបទទួលបានរឿងនេះទៅ។នោះគឺជាការចំណាយលុយតិច តួចដើម្បីធ្វើការម៉ាស្សាបាតជើងតែម្តង។ តើការម៉ាស្សានេះមានប្រយោជន៍អ្វីខ្លះទៅដល់ជីវិតរស់នៅយើងទៅ?
១-ជំរុញដល់សុខភាពផ្លូវចិត្តនិងការសុខស្រួល ៖ ការម៉ាស្សាបាតជើងរាល់ថ្ងៃអាចថែរក្សាសុខភាពផ្លូវចិត្តបានយ៉ាងល្អ។ ការសិក្សាមួយកាលពីឆ្នាំ ១៩៩៩បានរកឃើញថា ការម៉ាស្សាបាតជើង ៥នាទីអាចកាត់បន្ថយស្ត្រេស សម្ពាធឈាម និងចង្វាក់បេះដូងលើអ្នកជំងឺជាច្រើនបាន។
ការសិក្សាកាលពីឆ្នាំ ២០១០ បានបង្ហាញថា ការម៉ាស្សាទៅលើប្រអប់ដៃ ឬជើងអាចផ្តល់នូវផាសុកភាពខាងផ្លូវចិត្តលើមនុស្សដែលតែងតែមានការព្រួយបារម្ភច្រើន។ ក្រៅពីនេះវាក៏ជួយកាត់បន្ថយការថប់អារម្មណ៍ និងធ្វើឲ្យអារម្មណ៍ល្អឡើងវិញក្រោយពីម៉ាស្សាបាន ១០នាទីរួច។
២-បំបាត់ការឈឺចាប់តាមបែបធម្មជាតិ ៖ ការសិក្សាមួយកាលពីឆ្នាំ ២០០៤បានបង្ហាញថា អ្នកជំងឺក្រោយពីវះកាត់រួចដែលម៉ាស្សាបាតជើងរួចឃើញថាមានការថយចុះនូវការឈឺចាប់បានល្អជាងអ្នកដែលប្រើថ្នាំបំពាត់ឈឺចាប់តែមួយមុខ។
ចំពោះស្ត្រីដែលម៉ាស្សាបាតជើងក្រោយពីសម្រាលកូនដោយវះកាត់រួចក៏ឃើញថាអាចបន្ថយការឈឺចាប់បានយ៉ាងល្អដែរ។
៣-បំបាត់រោគសញ្ញារបស់ជំងឺមហារីកនិងផលរំខាននៃការព្យាបាលដោយថ្នាំមហារីក ៖ ការសិក្សាកំពុងតែបញ្ជាក់ថា អ្នកជំងឺមហារីកកំពុងតែមានអារម្មណ៍ធូរស្រាលពីការឈឺចាប់ច្រើនក្រោយពីម៉ាស្សាបាតជើងរួច។ ការសិក្សាមួយកាលពីឆ្នាំ ២០១២ បានបង្ហាញថា អ្នកជំងឺមហារីកសុដន់បានថយចុះនូវរោគសញ្ញាឈឺចាប់ក្នុងរាងកាយ ពិបាកដកដង្ហើម និងមានថាមពលឡើងវិញក្រោយពីម៉ាស្សាបាតជើងរួច។
៤-អាចបញ្ចុះសម្ពាធឈាម ៖ ការសិក្សាមួយបង្ហាញថា សម្ពាធឈាម Systolic និងកម្រិតជាតិខ្លាញ់ Triglyceride ក្នុងឈាមត្រូវបានថយចុះក្រោយពីធ្វើការម៉ាស្សាបាតជើងរួច។
ការស្រាវជ្រាវបន្ថែមត្រូវបានរកឃើញថា អ្នកជំងឺដែលមានសម្ពាធឈាមខ្ពស់ហើយទទួលយកការម៉ាស្សាជាពិសេសនោះ គឺបានធ្វើឲ្យសម្ពាធឈាមថយចុះ បំបាត់រោគសញ្ញារបស់ជំងឺ ហើយក៏អាចកាត់បន្ថយការប្រើប្រាស់ថ្នាំគ្រប់គ្រងសម្ពាធឈាមទៀតផង។
៥-បំបាត់រោគសញ្ញានៃការឈឺចាប់ពេលមករដូវ ៖ តាមការសិក្សាកាលពីឆ្នាំ ១៩៩៣ បានបង្ហាញថា ស្ត្រីដែលម៉ាស្សាបាតជើងរួច ឃើញថាមានការថយចុះរោគសញ្ញានៃការមករដូវរបស់ពួកគេយ៉ាងគួរឲ្យចាប់អារម្មណ៍។
៦-បំបាត់ការហើមជើង ៖ ការសិក្សាកាលពីឆ្នាំ ២០១០ បានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលហើមជើងអាចនឹងស្រកទៅវិញក្រោយពីធ្វើការម៉ាស្សាបាតជើងជាទៀងទាត់ (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ