ខ្វាក់មាន់បង្ហាញពីរោគសញ្ញានៃជំងឺមួយចំនួនដូចជា ជំងឺទឹកដក់ក្នុងភ្នែក ភ្នែកឡើងបាយ និងរលាកបាតភ្នែក ។ ខ្វាក់មាន់គឺជាការថយចុះនូវសមត្ថភាពក្នុងការមើលឃើញច្បាស់នៅពេលយប់ ឬនៅកន្លែងដែលមានពន្លឺមិនគ្រប់គ្រាន់ ។ ជួបជាមួយលោកសាស្រ្តា ចារ្យដោរ សីហា អនុប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជាមន្រ្តីសម្របសម្រួលកម្មវិធីជាតិសុខភាពភ្នែកនិងគំហើញ២០២០ បានប្រាប់កោះសន្តិភាពឲ្យដឹងថា ខ្វាក់មាន់គឺជាសញ្ញានៃជំងឺមួយចំនួនដែលមិនអាចមើលឃើញនៅពេលយប់ឬក៏មើលមិនឃើញច្បាស់នៅពេលយប់ ដែលខ្វាក់មាន់ប្រភេទខ្លះអាចព្យាបាលបាន និងប្រភេទខ្លះទៀតមិនអាចព្យាបាលបានដូចជា ៖
- ខ្វាក់មាន់ពីកំណើត ជំងឺនេះកើតមានច្រើនណាស់ ជាពិសេសកើតឡើងដោយសារតែហ៊្សែន(តំណពូជ)ដែលភាគច្រើនឃើញមានចំពោះបុរស-ស្ត្រីដែលរៀបការជាមួយបងប្អូនជីដូនមួយនឹងគ្នា គឺមិនអាចព្យាបាលបានទេ ។ ជំងឺនេះអាចវិវឌ្ឍបន្តិចម្តងៗរហូតដល់អាយុ៥០ឬ៦០ឆ្នាំ អ្នកជំងឺមើលលែងឃើញតែម្តង ។
– ការកង្វះវីតាមីនA
វិតាមីនAមានសារសំខាន់ណាស់ក្នុងការជួយដល់ភ្នែកទាំងគូរបស់មនុស្ស ហើយបើសិនជាកង្វះវិតាមីនAនោះកូនៗរបស់លោកអ្នកអាចនឹងថយចុះនូវការមើលឃើញបន្តិចម្តងៗរហូតងងឹតសូន្យសុង ។ ប៉ុន្តែបច្ចុប្បន្ននៅកម្ពុជា មិនសូវជាមានបញ្ហានេះទេដោយសារតែកុមារភាគច្រើនទទួលបានការបន្តក់ថ្នាំវីតាមីនA។ ជាពិសេសអង្គការមួយចំនួនធំក៏បានចុះតាមសហគមន៍នានាដើម្បីបង្រៀនប្រជាជនគ្រប់រូបឲ្យយល់ដឹងអំពីបញ្ហាជំងឺខ្វាក់មាន់នឹងប្រាប់ពីរបៀបការពារជំងឺជាពិសេសគឺបង្រៀនអំពីអាហារូបត្ថម្ភសម្រាប់បំប៉នកុមារ ។ ប៉ុន្តែជំងឺនេះបែរជាកើតមានច្រើននៅក្នុងប្រទេសអាហ្វ្រិកទៅវិញ ។
– កើតឡើងដោយសារតែជំងឺផ្សេងៗ
ការថយចុះនូវការមើលឃើញនេះក៏អាចកើតឡើងដោយសារតែលោកអ្នកកើតមានជំងឺមួយចំនួនដូចជា ភ្នែកឡើងបាយ ទឹកដក់ក្នុងភ្នែក រលាកបាតភ្នែកជាកត្តាដែលធ្វើឲ្យភ្នែករបស់លោកអ្នកថយចុះនូវការមើលឃើញ ។
ការព្យាបាលជំងឺខ្វាក់មាន់ត្រូវអនុវត្តតាមវិធីមួយចំនួនដូចជា ៖
– ចៀសវាងរៀបការជាមួយបងប្អូនជីដូនមួយនឹងគ្នា ។
– ឪពុកម្តាយគ្រប់រូបគួរនាំកូនទៅបន្តក់ថ្នាំវីតាមីនA ហើយមានអាហារូបត្ថម្ភសម្រាប់បំប៉នកូនៗឱ្យគ្រប់គ្រាន់សម្រាប់ការលូតលាស់ ។
– បើសិនជាការមើលឃើញរបស់លោកអ្នកថយចុះគួរតែប្រញាប់ព្យាបាលឲ្យបានទាន់ពេលវេលា ។
ត្រូវចងចាំថា អាហារដែលសម្បូរទៅដោយវីតាមីនAមានដូចជា បន្លែពណ៌បៃតងចាស់ ផ្លែឈើដែលមានពណ៌ទឹកក្រូច និងថ្លើមសត្វជាដើម ។ គេសង្កេតឃើញថា កុមារដែលកើតជំងឺខ្វាក់មាន់ដោយសារកង្វះវីតាមីនAច្រើនកើតមានចំពោះក្មេងដែលមានអាយុក្រោម៦ឆ្នាំ ហើយស្រ្តីដែលមានផ្ទៃពោះក៏អាចកើតមានជំងឺប្រភេទនេះបានដែរដូច្នេះទើបគេទាមទារឲ្យស្រ្តីមានផ្ទៃពោះទទួលទានវីតាមីនAឲ្យបានគ្រប់គ្រាន់ដើម្បីសង្គ្រោះទារកពីជំងឺខ្វាក់មាន់ ៕
ចែករំលែកព័តមាននេះ