ខេត្តព្រះសីហនុ ៖ ជុំវិញករណីកឺកឺវាយគ្នា ផ្អើលពេញក្រុងព្រះសីហនុ នៅថ្ងៃទី១៦ តុលា មជ្ឈដ្ឋាននានាបានភ្ញាក់ផ្អើលពីវីដេអូឃ្លីបមួយ ដែលបានបង្ហោះពីទិដ្ឋភាពជនជាតិចិនដែលខ្មែរហៅពួកគេថា «កឺកឺ»វាយគ្នាយ៉ាងវក់វីនៅក្រុងព្រះសីហនុ ។

យោងតាមប្រភពពីលោកវរសេនីយ៍ទោ សាំ ប្រាក់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានគូសបញ្ជាក់ប្រាប់កោះសន្តិភាពពីបាតុភាពនោះ នារសៀលថ្ងៃទី១៦ តុលា ថា ចំពោះវីដេអូឃ្លីបដែលគេបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៦ តុលា គឺជាករណីកើតឡើងតាំងពីថ្ងៃទី១៣ តុលាមកម្ល៉េះ ប៉ុន្តែវីដេអូនេះត្រូវបានក្រុមម៉ូតូឌុបដែលថតបាននោះ ពុំបានបង្ហោះភ្លាមៗនោះទេ ទើបតែព្រឹកថ្ងៃទី១៦ តុលានេះ អ្នកដែលថតបានសកម្មភាពនេះបានបង្ហោះ ទើបឲ្យមានការភាន់ច្រឡំថាករណីនេះកើតឡើងនៅព្រឹកថ្ងៃទី១៦ តុលា ។

ប្រភពដដែលបានបន្តថា ចំពោះសំណុំរឿងនេះ ត្រូវបានសមត្ថកិច្ចកោះហៅគូភាគីមកធ្វើការសម្របសម្រួលរួចរាល់តាំងពីថ្ងៃទី១៤ តុលា មកម្ល៉េះ ។ លោកវរសេនីយ៍ទោ បានបន្ថែមទៀតថា ចំពោះមូលហេតុដែលឈានដល់ការវាយតប់គ្នានេះ ដោយសារតែកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៣ តុលា ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈ ptt ស្ថិតក្នុងក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុភាគីទាំងពីរបានបើករថយន្ត ប៉ះគ្នាបន្តិចរវាងជនជាតិចិនដូចគ្នា ក៏បង្កឲ្យមានការជជែកគ្នាតឹងសរសៃករកត្រូវរៀងៗខ្លួន រហូតក្លាយទៅជាហិង្សាវាយតប់គ្នាតែម្ដង ប៉ុន្តែមិនបណ្ដាលឱ្យភាគីណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ។

សូមបញ្ជាក់ថា ជនសង្ស័យជាតិចិនចំនួន៤នាក់ដែលកន្លងមកបានអង្រួនក្រុងព្រះសីហនុ ពាក់ព័ន្ធនឹងអំពើចោរកម្ម ដែលប្រដាប់ទៅដោយឧបករណ៍ស្វ័យប្រវត្តិទំនើប លួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនករណីកន្លងទៅនេះ នាព្រឹកថ្ងៃទី១៦ តុលា ត្រូវបានស្នងការដ្ឋាននគរបាលខេត្តបង្ហាញមុខជាសាធារណៈ មុននឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។

ជុំវិញករណីបង្ក្រាបអំពើចោរកម្មដ៏កក្រើកក្រុងព្រះសីហនុ កម្លាំងនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានគូសបញ្ជាក់ឱ្យដឹងថា កម្លាំងល្បាតផែននគរបាលព្រហ្មទណ្ឌ បានប្រទះឃើញជនសង្ស័យជាជនជាតិចិន២នាក់ កំពុងធ្វើសកម្មភាពកាច់បំបែកសោ.កម៉ូតូ ។ ឃើញដូចនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងធ្វើការត្រួតពិនិត្យឃើញមានឧបករណ៍សម្រាប់កាច់សោ.កម៉ូតូមួយចំនួន ។ បន្ទាប់មកបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ ។ ក្រោយពីការសួរនាំជនសង្ស័យរួច សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ចាប់បានបក្សពួកជនសង្ស័យចំនួន២នាក់បន្ថែមទៀត ។

ជនសង្ស័យចំនួន៤នាក់ ឈ្មោះ Zhou Wen អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ លិខិតឆ្លងដែន (គ្មាន), ឈ្មោះ Tan Bei អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២សង្កាត់២ ក្រុងព្រះសីហនុ លិខិតឆ្លងដែន (គ្មាន) ឈ្មោះ Lin Wei អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ លិខិតឆ្លងដែន (គ្មាន) និងឈ្មោះ Li HongLiang អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ លិខិតឆ្លងដែនក៏គ្មានដែរ ។

វត្ថុតាងចាប់យកបានរួមមាន ឧបករណ៍សម្រាប់ចម្លងសោ ឧបករណ៍សម្រាប់ឆ្កឹះសោ សក់ក្លែងក្លាយចំនួន២ សម្រាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ) ស្រោមមុខខ្មៅឃើញតែរង្វង់ភ្នែកចំនួន៤ (សម្រាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ) ដំបងដែករលាស់ចំនួន២ដើម មួកចំនួន៣ ពិលឆក់១ វិទ្យុទាក់ទង១ ម៉ាស៊ីនឆូតលុយ១ លិខិតឆ្លងដែន២ច្បាប់ ផ្លែកាច់សោ.កម៉ូតូចំនួន១៤ផ្លែ ដងសម្រាប់កាច់បំបែកសោ.កម៉ូតូលេខ៨ចំនួន២ដើម ដែកកាច់បំបែកសោ Solex ពីរដើម ឧបករណ៍សម្រាប់បើកLock សន្ទះសោម៉ូតូ១ ម៉ាស់ចំនួន១០ សោម៉ូតូចំនួន៣ សោអក្សរ«T»ចំនួន២ ឧបករណ៍សម្រាប់បំបែកកញ្ចក់រថយន្ត១ ឧបករណ៍សម្រាប់ផ្តាច់ប្រព័ន្ធ Lockរថយន្ត១ ឧបករណ៍សម្រាប់កាច់បំបែកសោទូដែក១ ឧបករណ៍សម្រាប់ឆ្កឹះសោទា្វររថយន្ត ទ្វារផ្ទះ សោម៉ូតូ សោផ្ទះ មួយចំនួនធំ និងម៉ូតូម៉ាក Air Blade ចំនួន៦គ្រឿង ។

តាមចម្លើយសារភាពជនសង្ស័យជនជាតិចិនទាំង៤នាក់បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យជនជាតិចិន៤នាក់ មានជនសង្ស័យជនជាតិចិន២នាក់គឺឈ្មោះ Zhou Wen និងឈ្មោះ Tan Bei ដែលបានប្រព្រឹត្តបទល្មើស វាយប្លន់ជនរងគ្រោះម្នាក់ជាជនជាតិចិនដូចគ្នា កាលពីថ្ងៃទី៩ តុលា វេលាម៉ោង១១យប់នៅតាមផ្លូវជិតអង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ Liu Chuan ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ សម្ភារបាត់បង់ប្រាក់១.៧០០ដុល្លារ ទូរស័ព្ទ១គ្រឿងម៉ាក i-Phone ។ ករណីទាំង២ខាងលើនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ។







ចែករំលែកព័តមាននេះ