ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក យស់ បូ​វណ្ណៈ នឹង​ដឹកនាំ​បេក្ខជន​ជ័យ​លា​ភី​ពី​អា​មេ​រិ​កមក​កម្ពុជា​ហើយ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស្ស​វត្ស​ន៍​ឆ្នាំ ៩០ លោក យស់ បូ​វណ្ណៈ នឹង​ដឹកនាំ​ម្ចាស់​ជ័យ​លា​ភី​ពី​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​មហោស្រព​ប្រឡង​ចម្រៀង​ខ្មែរ​សកល​ឆ្នាំ​២០១៩ ដែល​នឹង​ព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស្ស​វត្ស​ន៍​ឆ្នាំ ៩០ លោក យស់ បូ​វណ្ណៈ នឹង​ដឹកនាំ​ម្ចាស់​ជ័យ​លា​ភី​ពី​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​មហោស្រព​ប្រឡង​ចម្រៀង​ខ្មែរ​សកល​ឆ្នាំ​២០១៩ ដែល​នឹង​ព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់ ២៦ ខែតុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

តាម​គម្រោង​លោក យស់ បូ​វណ្ណៈ នឹង​មក​ដល់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ ២០១៩ ដោយ​លោក​នឹង​នាំ​បេក្ខជន​ដែល​ទទួល​បាន​ជ័យ​លា​ភី​នៅ​អា​មេ​រិ​ក ដើម្បី​មក​ប្រឡង​វគ្គ​ផ្តាច់​ព័​ត្រ​នៅ​កម្ពុជា ។

បេក្ខជន​ដែល​លោក​នឹង​នាំ​មក​នោះ​មាន​ដូច​ជា បេ​ក្ខ​នារី គឹ​ម សោ​ភ័​ណ្ឌ​, បេក្ខជន សម សា​រិ​ន និង​បេក្ខជន​ដែល​ទទួល​បាន​ចំណាត់​លេខ ១ គឺ​លោក ឡាយ ប៊ុ​ន​ឡេ​ង ដែល​បេក្ខជន​ទាំង​អស់នេះ ជា​ម្ចាស់​ជ័យ​លា​ភី​ដែល​បាន​ជ្រើសរើស​ពី​គណៈកម្មការ​ប្រឡង​ប្រចាំ​ទីក្រុង​ឡុ​ង​ប៊ិ​ច សហ រដ្ឋអាមេរិក ។

បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី លី ស៊ី​ថា​រី ភរិយា​របស់​លោក យស់ បូ​វណ្ណៈ បាន​ឲ្យ​ដឹង​ថា លោក យស់ បូ​វណ្ណៈ គឺជា​មេ​ប្រយោគ​កិត្តិយស​នៃ​គណៈកម្មការ​មួយ​រូប​ក្នុង​កម្មវិធី​ប្រឡង​ខាងលើ ប្រចាំ​ទីក្រុង​ឡុ​ង​ប៊ិ​ច ហើយ​លោក​ក៏​ជា​គណៈប្រតិភូ​ក្នុង​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ ដើម្បី​ដឹកនាំ​បេក្ខជន​ពី​សហរដ្ឋអាមេរិក​មក​ប្រឡង​នៅ​កម្ពុជា​ផង​ដែរ ។

អ្នកស្រី​បន្ថែម​ថា លោក យស់ បូ​វណ្ណៈ នឹង​ចំណាយពេល​នៅ​ស្រុក​ខ្មែរ​ចំនួន ២ ស​ប្តា​ហ៍ ដើម្បី​ចូលរួម​មើល​ការ​ប្រឡង​រហូត​ដល់​ថ្ងៃ​បញ្ចប់ ហើយ​ចំណាយពេល​ខ្លះ​ទៀត​ក្នុង​ការ​ចូលរួម​សម្ពោធ​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង «​លោកឪពុក​» ដែល​លោក​បាន​ចូលរួម​សម្តែង ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​នឹង​ឆ្លៀត​ជួប​សួរសុខទុក្ខ​បងប្អូន​ដែល​រស់នៅ​ស្រុក​ខ្មែរ​ផង​ដែរ ។

អ្នកស្រី​អះអាង​ថា កម្មវិធី​ប្រឡង​ចម្រៀង​ខ្មែរ​ជាស​កល​នេះ គឺ​ធ្វើ​ឡើង​ដោយ​មានការ​ជ្រើសរើស​បេក្ខជន​ជា​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក ដោយសារ​ក្រសួង​វប្បធម៌​ចង់​ឲ្យ​មានការ​រឹតចំណង​មិត្តភាព​ខ្មែរ​ទាំងអស់ ដើម្បី​ចូលរួម​ថែរក្សា និង​លើក​តម្លៃ​សិល្បៈ​វប្បធម៌ ប្រពៃណី​ខ្មែរ​យើង ។

បើ​តាម​អ្នកស្រី លី ស៊ី​ថា​រី ទាំង​លោក យស់ បូ​វណ្ណៈ អ្នកស្រី និង​គ្រួសារ​ទាំងអស់ ព្រមទាំង​បង ប្អូន​ខ្មែរ​ដែល​រស់នៅ​អា​មេ​រិ​ក​នេះ គឺ​តែងតែ​លើក​ស្ទួយ និង​បណ្តុះបណ្តាល ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​ជា​និច្ច ដោយ​ពួក​យើង​មិន​ដែល​បំភ្លេច​ឡើយ បើ​ទោះបីជា​កំពុង​រស់នៅ​ឯនាយ​សមុទ្រ​ក៏​ដោយ ។

ដោយឡែក​សម្រាប់​បេក្ខជន​ដែល​នាំ​មក​ប្រកួត​នេះ គឺជា​បេក្ខជន​ដែល​ពោរពេញ​ដោយ​សមត្ថ ភាព​ពិតប្រាកដ ដែល​ត្រូវ​បាន​ជ្រើស​ពី​គណៈកម្មការ​នៅ​ទី​នេះ ហើយ​អ្នកស្រី​រំពឹង​ថា បេ​ក្ខ​ទាំង ៣​ខាងលើ​នេះ អាច​នឹង​ដណ្តើម​ចំណាត់​ល្អ​ទៀត​ពេល​ចូលរួម​ប្រកួត​នៅ​ស្រុក​ខ្មែរ ។

អ្នកស្រី និង​ក្រុម​គ្រួសារ​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ដែល​បាន​សម្រេច​​ផ្តល់​កិត្តិយស​ងារ​ជា​ឯកឧត្តម​ដល់​លោក យស់ បូ​វណ្ណៈ ក្នុង​នាម​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ ក្នុង​ពេល​ដែល​លោក​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អប់រំ និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​នៅ​ក្រៅប្រទេស ។ អ្នកស្រី​ថា ងារ និង​តួនាទី​នេះ គឺជា​ការ​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ​ពី​លោក យស់ បូ​វណ្ណៈ ដោយ​លោក​មិន​ទទួល​ប្រាក់ខែ​ពី​រដ្ឋ​នោះ​ឡើយ ក្នុង​ពេល​ដែល​លោក​ក៏​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការងារ​ជា​មន្ត្រីរាជការ​ម្នាក់​នៅ​ក្នុង​ក្រសួង​វប្បធម៌​ស្រុក​ខ្មែរ​នោះ​ដែរ ។

គួ​រំឭក​ថា ការ​មក​ស្រុក​ខ្មែរ​ពី​អតីត​តារាភាពយន្ត​លោក យស់ បូ​វណ្ណៈ នា​ពេល​នេះ មិនមែន​ជា​លើក​ទី​មួយ​ទេ ពោល​គឺ​លោក​បាន​មក​ស្រុក​កំណើត​ជា​បន្តបន្ទាប់​តាម​ការ​ចាំបាច់ ហើយ​លោក​តែងតែ​នឹករលឹក​ដល់​ទស្សនិកជន​ខ្មែរ​ដែល​ធ្លាប់​គាំទ្រ​ការ​សម្តែង​របស់​លោក​កន្លង​មក ។ លោក​ធ្លាប់​អះអាង​ថា លោក​នៅ​តែ​ស្រឡាញ់​វិស័យ​សិល្បៈ ប៉ុន្តែ​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ថត​ភាព​យន្ត​ឡើង​វិញ គ្រាន់តែ​លោក​មាន​រយៈពេល​ខ្លី​ដែល​មានឱកាស​បាន​ចូលរួម​ថត​រឿង «​លោក​ឪពុក​» របស់​ផលិតកម្ម​មហាហង្ស ដែល​ទើប​ចាក់​បញ្ចាំង​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ។

បើ​ទោះបីជា​លោក​កំពុង​រស់នៅ​អា​មេ​រិ​ក​ក៏​ដោយ ប៉ុន្តែ​ទាំង​លោក ភរិយា និង​កូន​ៗ គឺ​សុទ្ធតែ​ចូល​រួម​នៅ​ក្នុង​វិស័យ​សិល្បៈ​នៅ​ទីនោះ​ផង​ដែរ ហើយ​ជា​រឿយ​ៗ​គ្រួសារ​របស់​លោក​តែងតែ​ជួយ​ជំរុញ និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ខ្មែរ​ឲ្យ​បងប្អូន​ខ្មែរ​ដែល​កំពុង​រស់នៅ​ទីនោះ​បាន​ដឹងផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ