រាជធានីភ្នំពេញ ៖ សាស្ត្រាចារ្យផ្នែកមនាត្យសាស្ត្រអ្នកគ្រូ សំ សុភាព បានទទួលមរណភាពហើយ កាលពីម៉ោង១១អធ្រាត្រ ថ្ងៃទី២៤ មេសា ២០១៤ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយសារជំងឺមហារីក និងចាស់ជរា ហើយបច្ចុប្បន្នសពរបស់អ្នកគ្រូត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ។
ប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច បានឱ្យដឹងថា ការបាត់បង់អ្នកគ្រូ សំ សុភាព គឺជាការបាត់បង់នូវវត្ថុមរតកដ៏មានតម្លៃនៃសិល្បៈជាតិយើងមួយចំណែកផងដែរ ។ លោកនិយាយថា «ខ្ញុំក្តុកក្តួលខ្លាំងណាស់ ព្រោះពេលគាត់ឈឺ គាត់និយាយថា លោកក្មួយប្រធានអើយ ខ្ញុំចង់រស់បន្តបង្រៀនកូនសិស្សតទៅទៀត ។ ទាំងពីរនាក់ប្តីប្រពន្ធគាត់ រួមចំណែកធំធេងណាស់ក្នុងការបណ្តុះបណ្តាលសិល្បៈ រហូតគាត់ទាំងពីរអស់សង្ខារគួរឱ្យសោកស្តាយ ។ ក្នុងនាមប្រធានសមាគំសិល្បករខ្មែរ លោក និងអ្នកសិល្បៈទាំងអស់គ្នានឹងចងចាំនូវវីរភាពរបស់អ្នកគ្រូជានិច្ច និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូបានទៅកាន់សុខតិភពកុំបីឃ្លាងឃ្លាតឡើយ» ។
លោកសុះ ម៉ាច បានបញ្ជាក់ទៀតថា ដំណឹងនេះទុកដូចជាការអញ្ជើញសិល្បករ សិល្បការិនីទាំងអស់ចូលរួធ្វើបុណ្យឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធអ្នកគ្រូសាស្ត្រាចារ្យ សំ សុភាព ឱ្យបានច្រើនគ្រប់ៗគ្នា ។ សមាគមសិល្បៈសូមចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដោយក្តីក្រៀមក្រំបំផុត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ