រាជធានីភ្នំពេញ ៖ អ្នកចម្រៀងលោក ឃុំ ប៉ុណ្ណាដែត ដែលធ្លាប់បានសាងកេរ្តិ៍ឈ្មោះក្នុងវិថីសិល្បៈកាលពីជាង១០ឆ្នាំមុន នៅតែធ្វើឲ្យប្រិយមិត្តទស្សនិកជននឹករឭក ដោយចង់ឃើញលោកចាប់គូច្រៀងជាមួយភរិយា អ្នកនាង យក់ ឋិតរដ្ឋា ដូចកាលវ័យកំលោះក្រមុំ ។

ទោះជាយ៉ាងណា ពេលវេលាប្រហែលជាមិនអាចឲ្យលោកបកមកសារជាថ្មីនោះទេ បន្ទាប់ពីលោកបានក្លាយជាមន្ត្រីប៉ូលិស ។ ហើយប្រិយមិត្តនៅតែចងចាំតារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត ដែលកាលពីប៉ុន្មានឆ្នាំមុនមានប្រជាប្រិយភាពខ្លាំងផងដែរ ហើយលោកបានចាប់ដៃសាងសុភមង្គលជាមួយអ្នកនាង យក់ ថិរដ្ឋា តារាចម្រៀងដ៏ល្បីមួយរូបទៀតផង ។ គេនៅចាំបានថា កន្លងមក អ្នកទាំងពីរក៏មានកេរ្តិ៍ឈ្មោះហក់ឡើងខ្ពស់ផងដែរ ដោយឈរលើលំដាប់កំពូលនៃទីផ្សារសិល្បៈទាំងក្នុង និងក្រៅប្រទេស ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នាពេលនេះ គឺថ្មីៗមកនេះក៏បានលេចនូវរូបភាពជាច្រើនសន្លឹករបស់លោក ឃុំ ប៉ុណ្ណាដែត ក្រោយពីលោកបានចាកចេញពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ដោយលោកគឺជាមន្ត្រីប៉ូលិសមួយរូប ។
នេះជារឿងមួយដែលធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងបានបញ្ចេញមតិថា បាត់លោក ឃុំ ប៉ុណ្ណាដែត មិនដឹងទៅណា ស្រាប់តែពេលនេះក្លាយជាមន្ត្រីប៉ូលិសដ៏ស្រស់សង្ហារ។

លោក ឃុំ ប៉ុណ្ណាដែត មិនអាចត្រឡប់មកតារាចម្រៀងដូចពីមុនទៀតនោះទេ បន្ទាប់ពីលោកមមាញឹកការងារមន្ត្រីរាជការ និងមើលថែទាំប្រពន្ធកូន នេះជាមូលហេតុដែលលោកមិនមានពេលវេលាបកក្រោយវិលរកការងារសិល្បៈវិញបាន ។

លោកនៅតែស្រឡាញ់សិល្បៈ ទើបលើកស្ទួយជំរុញឱ្យភរិយារបស់លោកចាប់យកអាជីពដូចពីមុន ព្រោះភរិយារបស់លោកនៅតែមានការគាំទ្រពីទស្សនិកជនច្រើន ។ ជាពិសេសបទចម្រៀងរបស់អ្នកនាងចេញមកម្តងៗនៅផលិតកម្មថោន ប្លែកពីរោះត្រូវអារម្មណ៍មហាជនខ្លាំងណាស់ ៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ