រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ក្នុងចំណោម៦នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ក្រាំងពង្រដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនបានកាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បន្ទាប់ពីជនសង្ស័យទាំងនោះធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាឌ្រីមសេ១១០ មួយគ្រឿង រួមនឹងទូរស័ព្ទដៃ១គ្រឿងបានសម្រេចកាលពីជាងកន្លះខែមុន ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់នោះរួមមានទី១-ឈ្មោះ ស៊ុំ ពេជ្ររស្មី ហៅ ឌុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ, ទី២-ឈ្មោះ សំ សម្បត្តិ ហៅ វ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅក្នុងភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទី៣-ឈ្មោះ ឈិន ចាន់អ៊ូរ៉ាន់ ហៅ រ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិសាយគៀច ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយនគរបាលដកហូតយកបានទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន០៣គ្រឿង និងបង្កាន់ដៃបញ្ចាំម៉ូតូ០១សន្លឹកទៀត ។
រីឯបក្សពួក៣នាក់ទៀតកំពុងរត់គេចខ្លួនរួមមានទី១-ឈ្មោះ អឿង វិរៈ ហៅ ចយ ភេទប្រុស អាយុ២៥ឆ្នាំ, ទី២-ឈ្មោះ យន្ត ប៊ុនលី ហៅ អាត្នោត ភេទប្រុស អាយុ២០ឆ្នាំ និងទី៣-ឈ្មោះ យុទ្ធ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ ។ ដោយឡែកជនរងគ្រោះឈ្មោះ ស៊ុយ កុសល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១១០ (អាសង់ប៊ិច)ពណ៌ខ្មៅ គ្មានស្លាកលេខ និងទូរស័ព្ទដៃ០១គ្រឿងម៉ាក Iphone 7plus ។
នគរបាលដដែលបានបន្តថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១និង២០នាទីរសៀល ជនរងគ្រោះរួមជាមួយមិត្តភក្តិចំនួន០២នាក់ទៀត បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១១០(អាសង់ប៊ិច) ពណ៌ខ្មៅ គ្មានស្លាកលេខ ទៅអង្គុយលេងនៅខ្យូស(កញ្ចុះ)មួយកន្លែងស្ថិតនៅក្នុងបុរីសាន់ស៊ីម៉ិច ក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
លុះពេលកំពុងតែអង្គុយនិយាយគ្នាលេងបណ្តើរហូបនំប៉ាវបណ្តើរ ស្រាប់តែមានជនសង្ស័យទាំង៦នាក់ខាងលើជិះម៉ូតូ០៣គ្រឿងទៅដល់ក្បែរកន្លែងជនរងគ្រោះអង្គុយរួចបានចុះពីលើម៉ូតូរត់សំដៅមករកជនរងគ្រោះដោយមានកាន់ដំបងដែកបំពង់ទីបជ្រុងហើយស្រែកគំរាមថា «ហ្នឹងហើយៗ» ។
ប្រភពខាងលើបានបន្តថា ពេលនោះយុវជនជនរងគ្រោះ និងមិត្តភក្តិមានការភ័យខ្លាចយ៉ាងខ្លាំងក៏បាននាំគ្នារត់គេចខ្លួនចោលម៉ូតូ និងទូរស័ព្ទហើយក្រុមជនសង្ស័យក៏បានយកម៉ូតូ និងទូស័ព្ទដៃម៉ាក Iphone 7plus របស់ជនរងគ្រោះជិះគេចខ្លូនបាត់តែម្តង ។
ក្រោយពេលកើតហេតុយុវជនរងគ្រោះ និងមិត្តភក្តិក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រដើម្បីជួយអន្តរាគមន៍ហើយភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ខាងលើរួមជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុងបុរីសាន់ស៊ីម៉ិច ហើយបានកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន០២នាក់ក្នុងចំណោម០៦នាក់នោះគឺទី១-ឈ្មោះ ស៊ុំ ពេជ្ររស្មី ហៅឌុន និងទី២-ឈ្មោះ យន្ត ប៊ុនលី ហៅ អាត្នោត ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់មកកម្លាំងបានធ្វើការស្រាវជ្រាវជាងកន្លះខែ រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២និង៥០នាទី ទើបឈានឃាត់ខ្លួនបានចំនួន០៣នាក់ជាបន្តបន្ទាប់នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ប៉ុន្តែនៅសល់៣នាក់ទៀតកំពុងបន្តរត់គេចខ្លួននៅឡើយ ។
ក្រោយមកកម្លាំងបាននាំជនសង្ស័យទាំង០៣នាក់ខាងលើទៅធ្វើការសាកសួរហើយពួកគេបានសារភាពថា ពួកខ្លួនរួមនឹងបក្សពួកដែលកំពុងរត់គេចខ្លួន៣នាក់ទៀតពិតជាបានធ្វើសកម្មភាពប្រើដំបងដែកទីបជ្រុងដេញវាយប្លន់យកម៉ូតូ និងទូរស័ព្ទរបស់ជនរងគ្រោះខាងលើនោះមែន ហើយបន្ទាប់ពីប្លន់បានសម្រេចទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវ ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រួចបានយកលុយចែកគ្នាស៊ីចាយអស់ហើយ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ