នាយ​ចេក​​រៀបរាប់​​យ៉ាង​ស្រងូតស្រងាត់​ជា​មួយ​ក្តី​សង្ឃឹមថា ​ខ្លួន​នឹង​​ឡើង​ឆាក​​​កំប្លែងវិញ


រាជធានី​ភ្នំពេញ​ ៖ នាយ​ចេក ជាតា​រា​កំប្លែង​ប្រចាំ​ក្រុម​នាយ​កុយ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​តស៊ូ​សម្តែង ហើយ​សង្ឃឹមថា​មាន​និរន្តរភាព​អាជីព​នៅ​ក្នុង​ក្រុម ។ ក្រោយ​ពេល​ការ​សម្តែង​កំប្លែង​តាម​ទូរទស្សន៍​កាន់តែ​ខ្សត់​ទៅ​ បណ្តាល​ឲ្យ​នាយ​ត្រូវ​ដក​ចេញពី​ក្រុម ដូច្នេះ​នាយ​ក៏​ពិបាក​ទប់ទល់​ជីវភាព​រស់នៅ តែ​នៅ​ចិញ្ចឹមចិត្ត​ចង់​សម្តែង​ដូច​មុន​ដដែល ។

មហាជន​បានដឹង​ថា តារា​កំប្លែង​ជើង​ចាស់​នាយ​ចេក បាន​បាត់​មុខ​ពី​ក្រុម​នាយ​កុយ​ជា​យូរ​មក​ហើយ ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ​លោក​បាន​ជ្រើសរើស​មុខរបរ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ ដើម្បី​សម្រាល​ជីវភាព​របស់​ខ្លួន ទោះបី​លំបាក​បន្តិច​ក្តី ប៉ុន្តែ​លោក​នៅ​តែ​តស៊ូ​មិន​រួញរា​ឡើយ​។ នាយ​ចេក​វ័យ​កាន់តែ​ជ្រេ​ទៅ​ហើយ ក៏​ប៉ុន្តែ​នៅ​តែ​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ការងារ​រកស៊ី​របស់​ខ្លួន ដើម្បី​គ្រួសារ ជា​ពិសេស កូន​ៗ​ឲ្យ​សិក្សា​បាន​ខ្ពង់ខ្ពស់​នឹង​គេ ។

ក្នុង​អំឡុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ទើប​រំលង​ទៅ ថ្មី​ៗ​នេះ​មាន​តារា​ប្រុស​ស្រី​ជា​ច្រើន​បាន​លេចមុខ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ក៏​ប៉ុន្តែ​នាយ​ចេក​បែរជា​នៅផ្ទះ​លក់ដូរ​តាម​ផ្លូវ​ទៅ​វិញ​។ ទន្ទឹម​នោះ​នាយ​ចេក​បាន​រៀបរាប់​យ៉ាង​ស្រងូត ជាមួយនឹង​ក្តី​សង្ឃឹមថា​ខ្លួន​នឹង​បាន​ឡើង​ឆាក​ដូច​តារា​ដទៃ​វិញ ។

នាយ​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ៖ «​កាលពីមុន​ដល់​រដូវ​បុណ្យ ម្ដង​ៗ តែងតែ​ជូនពរ​បងប្អូន តាម​រយៈ​ស្ថានីយទូរទស្សន៍ បាន​ផ្អាក​មួយ​រយៈ​មកនេះ ពីព្រោះ​មេក្រុម​គេ​ថា​លុយ​តិច មនុស្ស​ច្រើន​ចែក​មិន​គ្រាន់​ក៏​ឲ្យ​ខ្ញុំ​ផ្អាក​ពី​ការ​សម្ដែង​ទាំង​មានការ​ស្ដាយ​ថា​ធ្លាប់​សម្ដែង​ជូន​បងប្អូន​សើច​សប្បាយ​រីករាយ និង​មានការ​គាំទ្រ​ខ្ញុំ​ទាំង​ចាស់​ក្មេង​ផង​ដែរ​។ តែ​សព្វថ្ងៃ​ខ្ញុំ​នៅ​តែ​លេង​ជូន​បងប្អូន កូនក្មួយ​តាម​រយៈ​ភ្លេង​ការ ភ្លេងសម័យ អា​យ៉ៃ កំប្លែង បុក​ល័​ក្ខ និង​ទៅ​តាម​បណ្តា​ខេត្ត ដែល​មាន​តម្លៃ​សមរម្យ​ផង​ដែរ ហើយ​ខ្ញុំ​ក៏​នៅ​មានការ​សង្ឃឹមថា គង់​ថ្ងៃ​ណាមួយ​នឹង​មាន​វត្តមាន​តាម​ស្ថានីយទូរទស្សន៍​វិញ​ជា​មិន​ខាន ។ សូម​អគុណ​បងប្អូន​ដែល​នៅ​គាំទ្រ​ការ​សម្ដែង​រហូត​មក​»​។

បើ​ទោះបីជា​នាយ​ចេក​លើក​ឡើង​បែប​នេះ​ក៏​ដោយ​ក៏​នៅ​មិន​ទាន់​មាន​តម្រុយ​ថា​អាច​ចូលរួម​សម្តែង​បាន​វិញ​ទេ ដោយសារ​មាន​មតិ​ខ្លះ​លើក​ឡើង​ថា​ទូរទស្សន៍​ឥឡូវ​ខ្សត់​អ្នក​មើល ហើយ​ទស្សនិកជន​និយម​មើល​ការ​កម្សាន្ត​តាម​ស្មា​ត​ហ្វូ​ន ។

យ៉ាងណា​ក៏​ដោយ​អ្នកគាំទ្រ​មួយ​ចំនួន​រំពឹង​ថា​អ្នកដឹកនាំ​កម្មវិធី​ក​ម្ស​ន្ត ផ្សេង​ៗ​ក៏​ដូច​ជា​ផេ​ក​សិល្បៈ ល្បី​ៗ ផលិតករ​នឹង​មើលឃើញ​ពី​ផល​លំបាក​របស់​នាយ​ចេក ហើយ​ជូន​ការងារ​ឲ្យគាត់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ