ខេត្តបាត់ដំបង ៖ ក្មេងស្រីតូចម្នាក់អាយុ៣ឆ្នាំបានស្លាប់ ដោយសារភ្លើងឆេះតូប បន្ទាប់ពីឪពុកចាក់សាំងសាំងចេញពីប៊ីដុងចូលដបដើម្បីដាក់លក់ ដោយធ្វេសប្រហែសព្រោះនៅក្បែរភ្លើងចង្ក្រាន ក៏បណ្តាលឲ្យឆាបឆេះតូបនិងអីវ៉ាន់លក់គ្រឿងទេស ។ ហេតុការណ៍អគ្គិភ័យនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៩និង៤៩នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ។
ក្មេងស្រីដែលត្រូវភ្លើងឆេះរលាករលួយរហូតដល់ស្លាប់នេះឈ្មោះ សាក់ សុដាវី ចំណែកឪពុកឈ្មោះ ស៊ឹម សាក់ អាយុ៤៥ឆ្នាំ ម្តាយឈ្មោះ ឌៀប ចាន់រឿន អាយុ៣៨ឆ្នាំ ។ រីឯតូបលក់អីវ៉ាន់គ្រឿងទេសមានទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ធ្វើពីដែក ដំបូលប្រក់ស័ង្កសី ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នាព្រឹកថ្ងៃនោះបុរសជាឪពុកបានផ្ទេរសាំងពីប៊ីដុងដាក់ដបនៅជិតចង្ក្រានដាំបាយ ទើបបណ្តាលឲ្យឆាបឆេះតែម្តង រហូតកូនស្រីតូចរងគ្រោះត្រូវភ្លើងឆេះស្លាប់ និងមនុស្ស២នាក់ទៀត ក៏រងរបួសដែរ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ។
គ្រោះថ្នាក់បែបនេះមិនមែនជាលើកដំបូងនោះទេ សម្រាប់អ្នកលក់ប្រេងសាំងដែលប្រឈមហានិភ័យ ព្រោះមិនមានការធានាសុវត្ថិភាពដូចជា ការរក្សាប៊ីដុងប្រេងក្នុងផ្ទះ ឬចាក់ផ្ទេរដោយខ្វះការប្រុងប្រយ័ត្ន ៕
ចែករំលែកព័តមាននេះ