រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរដ្ឋគុយវ៉ែតដឹកនាំដោយលោក Abdulagig Masha’an Al Khaldi អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មនៃរដ្ឋគុយវ៉ែត កាលពីថ្ងៃទី០២ មេសា ២០១៤នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
នៅក្នុងជំនួបពិភាក្សានោះភាគីទាំងពីរបានសន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-គុយវ៉ែត កាន់តែរឹងមាំ សំខាន់ជម្រុញទំនាក់ទំនងលើវិស័យពាណិជ្ជកម្មកាន់តែមានទំហំទ្វេឡើងថែមទៀត ។
នាឱកាសនោះលោកបណ្ឌិតសភាចារ្យ សុខ អាន ក៏ជម្រាបជូនគណៈប្រតិភូនៃរដ្ឋគុយវ៉ែតបានដឹងអំពីស្ថានភាពនៃវិស័យកសិកម្មដែលកម្ពុជាមានសក្តានុពលខ្លាំងលើវិស័យនេះហើយផ្តើមពីនោះកម្ពុជាមានលទ្ធភាពក្នុងការនំាអង្ករចេញទៅក្រៅប្រទេសប្រមាណ៤លានតោនក្នុងមួយឆ្នាំៗផងដែរ ។ លោកបណ្ឌិតសភាចារ្យ សុខ អាន ក៏បានលើកឡើងអំពីសក្តានុពលនៃវិស័យទេសចរណ៍ដែលបាននិងកំពង់ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនចូលមកទស្សនាប្រទេសកម្ពុជា ។
ចែករំលែកព័តមាននេះ