ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សពកូនភ្លោះ២នាក់ រួមទាំងប្តីជនរងគ្រោះម្នាក់ទៀតដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ៤១ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុកាលពី៦និង២៦នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញានោះ បានបូជាហើយក្រោមការស្តាយស្រណោះអាឡោះអាល័យជាពន់ពេកពីសំណាក់ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ប៉ុន្តែអ្វីដែលអាសូរបំផុតនោះ មុនពេលបូជាកូនស្រីរបស់ខ្លួន គឺម្តាយនិងប្អូនប្រុសសន្លប់បាត់មាត់បាត់កឈឹងតែម្តង។
សេចក្តីរាយការណ៍បន្តថា សពជនរងគ្រោះទាំង៣នាក់ខាងលើនេះ ត្រូវបានញាតិមិត្តរៀបចំដាក់លើមេរុតំរៀបគ្នាហើយបូជាដំណាលគ្នាតែម្តង ដោយបូជានៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សេចក្តីរាយការណ៍បន្តទៀតថា ជនរងគ្រោះ៣នាក់នេះ ១-ឈ្មោះ សីហា ភេទប្រុស អាយុ២៧ឆ្នាំ (ស្លាប់) ឌុបមនុស្ស២នាក់ ទី១-ឈ្មោះ តាំង គឹមលី ភេទស្រី អាយុ២៣ឆ្នាំ (បានស្លាប់ ហើយត្រូវជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះសីហា) និងទី២-ឈ្មោះ តាំង គឹមចេង ភេទស្រី អាយុ២៣ឆ្នាំ(ស្លាប់) អ្នកទាំងត្រូវជាកូនភ្លោះ ហើយអ្នកទាំង៣នាក់ជាកម្មកររោងចក្រ រស់នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី និងម៉ូតូទី២ ម៉ាកធូដេ (Today) ពាក់ស្លាកលេខកបង់ស្ពឺ1K-3898 មិនទាន់ស្គាល់ឈ្មោះអ្នកបើកបរ និងទីលំនៅនោះទេ បានរងរបួសធ្ងន់ ។ រីឯអ្នកបង្កមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនក្រោយបង្កហេតុរួច។
ចំណែកប្តីរបស់ស្ត្រីរងគ្រោះ (តាំង គឹមចេង) ឈ្មោះផេន បានរៀបរាប់ទាំងក្រៀមក្រំថា «បើយើងបានជាគូនឹងគ្នាហើយ ហេតុអ្វីនៅមិនអាចរស់នៅជាមួយគ្នាបានពេញមួយជីវិតចឹងអូន ទើបនឹងដើរជាមួយគ្នាបាន៥ឆ្នាំ ហើយទើបនឹងងើបធូរធារតិចតួច ហេតុអ្វីអូនមិននៅរង់ចាំមើលគំរោងដំណើរការទៅមុខជាមួយបងចឹងអូន?»។
ពិតជាស្រណោះស្រណោកយ៉ាងខ្លាំងនៅពេលដែលពិធីបូជាបានចាប់ផ្តើមឡើង ដោយអ្នកខ្លះលើកឡើងតាមបែបជំនឿអរូបីយ៍ថា «កូនភ្លោះកើតក្នុងថ្ងៃខែតែមួយ ត្រូវតែស្លាប់ទៅវិញក្នុងថ្ងៃខែតែមួយចឹងហើយ»។ តែអ្នកខ្លះទៀតលើកឡើងថា «ការលើកឡើងនេះវាមិនដូចការយល់ឃើញរបស់បុគ្គលនោះឡើយ។
រឿងនេះ អ្នកទាំង៣គឺជាជនរងគ្រោះដែលបង្កឡើងដោយរថយន្តហ្វតដែលអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ទើបក្លាយជាគ្រោះថ្នាក់បែបនេះ។ ហើយអ្វីដែលគួរឱ្យអាសូរបំផុតនោះ គឺក្មេងស្រីដ៏តូចជាកូនរបស់សីហា និងគឹមលី ដែលគ្នាត្រូវកំព្រាឪពុកម្តាយ ហើយត្រូវរស់នៅជាមួយជីដូន»។
គួរបញ្ជាក់ថា ញាតិមិត្តជនរងគ្រោះទាំង៣នាក់ខាងលើ ក៏បានសំណូមពរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមមេត្តាស្រាវជ្រាវឃាត់ខ្លួនម្ចាស់រថយន្តបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីឱ្យព្រលឹងរបស់អ្នកទាំង៣បានស្ងប់ផង។
គួររំលឹកថា កាលពី៦និង២៦នាទីល្ងាចថ្ងៃទី១៨ ខែកញ្ញា នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤ទៅលេខ១៥ ស្ថិតក្នុងភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានគ្រោះថ្នាក់ចរាចរណ៍១ កើតឡើងបង្កដោយរថយន្ដ១គ្រឿងម៉ាកហ្វត (Ford) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A-1161 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនក្រោយបង្កហេតុរួច) ដោយបានបើកតាមបណ្តោយផ្លូវជាតិលេខ៤១ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុស្រាប់តែបុកម៉ូតូ២គ្រឿង ។
គួររំលឹកបន្តថា ដោយម៉ូតូ១គ្រឿងម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CU-8356 បើកដោយឈ្មោះ សីហា ហើយបានឌុបមនុស្ស២នាក់ ១-ឈ្មោះ តាំង គឹមលី និង២-ឈ្មោះ តាំង គឹមចេង ហើយជនរងគ្រោះទាំង៣នាក់ស្លាប់ទាំង៣នាក់ និងជាកម្មកររោងចក្រ រស់នៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ។ ចំណែកម៉ូតូទី២ ម៉ាកធូដេ (Today) ពាក់ស្លាកលេខកំពង់ស្ពឺ1K-3898 មិនទាន់ស្គាល់ឈ្មោះអ្នកបើកបរ និងទីលំនៅនោះទេ បានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់។
ក្រោយពីបុកម៉ូតូជនរងគ្រោះខាងលើរួច រថយន្តបង្កនេះបានជ្រុលទៅបុកផ្ទុបជាមួយរថយន្ដ១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ (ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ) ដឹកកម្មកររោងចក្រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AI-2110 បើកបរដោយឈ្មោះ រម្យ ភារុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិគ ឃុំទឹកល្អក់ ស្រុកគងពិសី ។
ហើយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើមនុស្ស៣នាក់ស្លាប់ ក្នុងនោះស្រី២នាក់ជាកូនភ្លោះ និងមនុស្ស៧នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល ។ ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងហៅរថយន្តសាមុយដឹកអ្នករងរបួសទៅព្យាបាល ចំណែកសពប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ