តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Marcus Rashford បានអះអាងថាអតីតគ្រូបង្វឹក Jose Mourinho មិនយល់ពីកីឡាករច្បាស់ ព្រោះតែខ្វះបទពិសោធន៍លេងបាល់ ។ ខ្សែប្រយុទ្ធអង់គ្លេសបានសរសើរគ្រូបង្វឹកបច្ចុប្បន្ន Ole Gunnar Solskjaer ថាមានស្ថេរភាពក្នុងការដឹកនាំក្រុម ។
Rashford បាននិយាយប្រាប់ទៅកាន់ BBC ថា៖ «ការឆ្លើយតបទៅនឹងតាក់ទិក និងការហ្វឹកហាត់ផ្តល់ដោយលោក Solskjaer គឺពិតជាមិនធម្មតា ។ គាត់មានគម្រោងច្បាស់លាស់ មិនមែនត្រឹមតែសម្រាប់រដូវកាលនេះ ឬ រដូវកាលក្រោយទេ ។ ពោលគឺគាត់មានគម្រោងសម្រាប់ច្រើនឆ្នាំខាងមុខ»។

ផ្ទុយទៅវិញ កាលពីក្លិបត្រូវបានដឹកនាំដោយលោក Mourinho គេសង្កេតឃើញថា មានការទាសទែងគ្នារវាងគ្រូបង្វឹក និងកីឡាករខ្លាំងៗមួយចំនួនដូចជា Paul Pogba និង Anthony Martial។ នៅពេលគេសួរយោបល់របស់ Rashford គេបានឆ្លើយថា គ្រូបង្វឹកទាំងពីរ (Solskjaer និង Mourinho) ខុសគ្នាត្រង់លោក Solskjaer យល់ពីកីឡាករជាង ។
Rashford បានឆ្លើយថា ៖«លោក Solskjaer គឺខុសគ្នា ព្រោះតែគាត់បានលេងបាល់ ហើយយល់ពីកីឡាករច្បាស់ ។ សម្រាប់ខ្ញុំ នៅពេលដែលគ្រូបង្វឹកធ្លាប់លេងបាល់ពីមុន គាត់យល់ពីកីឡាករច្រើន»៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ