សម័យបច្ចុប្បន្នយុវវ័យមួយចំនួនងាយនឹងត្រូវក្រុមសង្គមងងឹតអូសទាញឱ្យធ្លាក់ទៅក្នុងផ្លូវអបាយខ្លាំងណាស់ ដូច្នេះដើម្បីកុំឲ្យកូនប្រព្រឹត្តខុសគន្លងកន្លងដំបូន្មាន ឪពុកម្ដាយគួរតែបណ្ដុះគុណធម៌៥យ៉ាងដល់កូនគឺៈ
១-បង្រៀនកូនឱ្យមានសេចក្ដីស្រលាញ់ចំពោះមនុស្សទូទៅ ។
២-រកស៊ីក្នុងផ្លូវសុចរិត កុំកេងប្រវ័ញ្ចអ្នកដទៃ បើធ្វើការងារត្រូវមានចិត្តស្មោះត្រង់។
៣-សទារសន្ដោសៈ អប់រំកូនឲ្យត្រេកអរចំពោះតែប្រពន្ធឫប្ដីខ្លួនមិនត្រូវប្រព្រឹត្តខុសចំពោះកូនឬប្រពន្ធប្ដីគេឡើយ ។
៤-បង្រៀនកូនឲ្យចេះនិយាយពាក្យពិត ពាក្យត្រង់ មិននិយាយបាតដៃខ្នងដៃឡើយ ។
៥-អប់រំកូនឱ្យវៀរចាកអំពើស្រវឹងពាលា ឲ្យឃើញទោសនៃគ្រឿងស្រវឹង ជាទោសធ្វើឲ្យមនុស្សវង្វេង ស្មារតីវិបល្លាស ។
កាលបើឪពុកម្តាយបានបណ្ដុះគុណធម៌៥យ៉ាងនេះដល់កូនហើយ តែកូននៅប្រព្រឹត្តព្រើលប្រាសចាកដំបូន្មានទៀត មាតាបិតាគួរផ្សាយនូវមេត្តាធម៌ចំពោះកូននិងណែនាំកូនថា ឪពុកម្ដាយបានយកចិត្តទុកដាក់ចិញ្ចឹមកូនតាមគន្លងល្អហើយ ឲ្យកូនដើរតាមផ្លូវល្អ កូននៅតែមិនប្រព្រឹត្តល្អទៀត ដូច្នេះពេលកូនធ្វើខុសអ្វីមួយទៅថ្ងៃមុខ ឪពុកម្ដាយមិនធានាខុសត្រូវចំពោះវាសនាកូនឡើយ ។
កូនត្រូវដឹងថា ឪពុកម្ដាយបានរិះរកគ្រប់វិធីសាស្ត្រដើម្បីកូនហើយ តែកូននៅតែដើរតាមផ្លូវខុសដដែល សូមកូនប្រព្រឹត្តទៅតាមដំណើរដែលកូនធ្វើចុះ តែទោះជាយ៉ាងណាកូនក៏នៅតែជាឈាមជ័ររបស់ពុកម៉ែដដែល ឪពុកម្ដាយនៅតែខំព្យាយាមដឹកនាំកូនឲ្យដើរផ្លូវល្អ រហូតដល់ពុកម៉ែលាចាកលោកនេះ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ