ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុត​ច្បាប់​ហើយ​នៅ​តែ​លួច​ធ្វើ​អាជីវកម្ម​…​ចៅហ្វាយស្រុក​ថា​អត់​ដឹង

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ទីតាំង​ជីក​យក​រ៉ែ​មាស​មួយ​ចំនួន​ឋិត​ក្នុង​តំបន់​ភ្នំ​អន្លង់​ផ្អាក សកម្មភាព​ក្រោយ​ពេល​ច្បាប់​អនុញ្ញាត​បាន​ផុត​សុពលភាព ដោយឡែក​ទីតាំង​មួយ​ចំនួន​នៅ​តំបន់​នេះ នៅ​តែ​លួចលាក់​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​ជា​ប្រចាំ ។ ជាក់ស្តែង​នៅ​ចំណុច​ព្រៃ​ទទឹង ឋិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម…

ខេត្តព្រះវិហារ ៖ ទីតាំង​ជីក​យក​រ៉ែ​មាស​មួយ​ចំនួន​ឋិត​ក្នុង​តំបន់​ភ្នំ​អន្លង់​ផ្អាក សកម្មភាព​ក្រោយ​ពេល​ច្បាប់​អនុញ្ញាត​បាន​ផុត​សុពលភាព ដោយឡែក​ទីតាំង​មួយ​ចំនួន​នៅ​តំបន់​នេះ នៅ​តែ​លួចលាក់​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​ជា​ប្រចាំ ។

ជាក់ស្តែង​នៅ​ចំណុច​ព្រៃ​ទទឹង ឋិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​អះអាង​ថា ជន​ទុច្ចរិត​មួយ​ចំនួន​ជា​ជនជាតិ​ចិន​បាន​ជួល​កម្មករ​ខ្មែរ និង​កម្មករ​ចិន​លួច​ជីក​កកាយ​យក​រ៉ែ​មាស​ដោយ​ខុសច្បាប់ បំភ័ន្ត​ភ្នែក​អាជ្ញាធរ​ដោយ​ប្រើ​គ្រឿង​ម៉ាស៊ីន និង​គ្រឿងចក្រ ដើម្បី​ជីក​កាយ​យក​រ៉ែ ក្រោម​ដី​ជម្រៅ​រាប់រយ​ម៉ែត្រ​ដោយ​គ្មាន​ញញើត​អាជ្ញាធរ​បន្តិច​ឡើយ ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ទឹម ឃុំ​រមទម ស្រុក​រវៀង សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ជីក​យក​រ៉ែ​មាស យ៉ាង​អនាធិបតេយ្យ​របស់​ជនជាតិ​ចិន​ដោយ​ខុសច្បាប់​ឋិត​ក្នុង​ចំណុច​ព្រៃ​ទទឹង តំបន់​ភ្នំ​អន្លង់​នេះ គឺ​តែងតែមាន​សកម្មភាព​ជា​ប្រចាំ​ដោយ​បាន​ជួល​ទាំង​កម្មករ​ខ្មែរ និង​កម្មករ​ចិន​ចូល​ទៅ​ក្នុង​រណ្តៅ​រ៉ែ ក្រោម​ដី​យ៉ាង​ជ្រៅ ដើម្បី​ជីក​កាយ​យក​រ៉ែ​មាស ។ ទោះជា​មាន​សកម្មភាព​បែប​នេះ​ក្តី ក៏​ពុំ​ឃើញ​អាជ្ញាធរ​ពិនិត្យ និង​បង្ក្រាប​បាន​ដែរ តែ​ពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ​កន្លែង​ជីក​កាយ​រ៉ែ​មាស​ហាក់បីដូចជា ក្រុម​ជនជាតិ​ចិន​ដឹង​មុន ហើយ​បាន​ផ្អាក​សកម្មភាព​ភ្លាម​ៗ ប៉ុន្តែ​ពេល​ដែល​អាជ្ញាធរ​ចាកចេញ​វិញ​ក្រុម​ថៅកែ​ចិន​បាន​បន្តសកម្មភាព​ដដែល ឬ​មួយ​ដូច​ពាក្យចាស់​ធ្លាប់​និយាយ​ថា បើ​ខ្មោច​ស្រុក​មិន​អោយដៃ​នោះ​ខ្មោច​ព្រៃ​ក៏​មិន​ហ៊ាន​ដែរ ។

តែ​ជុំវិញ​ករណី​នេះ​លោក ហោ ប៊ុ​ន​ហួ អភិបាលស្រុក​រវៀង​បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​ក្រុម​ជនជាតិ​ចិន​ដែល​កំពុង​ជីក​កាយ​កែ​ច្នៃ​រ៉ែ​មាស​នៅ​ចំណុច​ព្រៃ​ទទឹង ឋិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង លោក​ពុំ​បានដឹង​នោះ​ទេ ។ តែ​លោក​ទទួលស្គាល់​ថា ចាប់តាំងពី​ថ្ងៃ​ផុត​សុពលភាព​ការ​អនុញ្ញាត​ច្បាប់​ធ្វើ​អាជីវកម្ម​កែ​ច្នៃ​រ៉ែ​មាស ចាប់តាំងពី​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១៩​មក អាជ្ញាធរ​បាន​ចេញ​សេចក្តីជូនដំណឹង​ឲ្យ​ម្ចាស់​ទីតាំង​កែ​ច្នៃ​រ៉ែ​មាស​ត្រូវ​បញ្ឈប់​សកម្មភាព​ទាំងអស់ ។ តែ​ប្រសិនបើ​នៅ​តែ​មាន​សកម្មភាព​ទៀត អាជ្ញាធរ​នឹង​ចុះ​ទៅ​ដល់ទី​តាំង​បង្ក្រាប​នឹង​ចាប់ខ្លួន​អ្នក​ប្រព្រឹត្ត​ទាំងនោះ​ចាត់ការ​តាម​ច្បាប់​តែ​ម្តង ។ ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ