រាជធានីភ្នំពេញ៖ ខណៈពិភពលោកកំពុងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហា សង្គ្រាមពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក កម្ពុជាវិញក៏កំពុងតែរង់ចាំអ៊ុតមើលលទ្ធផល រឿងការអនុគ្រោះពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ថាតើនាងក្រមុំមួយនេះនឹងត្រូវបានសហភាពអឺរ៉ុបដកចេញពីកម្ពុជា ឬយ៉ាងណា។
ទន្ទឹងនឹងអ្នកធ្វើការងារលើវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកំពុងព្រួយចិត្តបារម្ភអំពីភាពមិនច្បាស់លាស់របស់ EBA ព្រោះការបាត់បង់នូវប្រព័ន្ធអនុគ្រោះពន្ធមួយនេះ គឺពិតជាជិះឥទ្ធិពលក្នុងកម្រិតណាមួយមកលើសេដ្ឋកិច្ចកម្ពុជានិងជីវភាពរបស់កម្មករ-កម្មការិនីរាប់សិបម៉ឺននាក់និងសមាជិកក្រុមគ្រួសាររបស់ពួកគេ។ ក៏ប៉ុន្តែអ្នកសេដ្ឋកិច្ចមើលឃើញថាកម្ពុជាគួរធ្វើពិធិធកម្មសេដ្ឋកិច្ចកុំពឹងផ្អែកតែទៅលើវិស័យកាត់ដេរនិងកសិកម្ម គួរងាកមកធ្វើពិពិធកម្មជំរុញវិស័យទេសចរណ៍និងនាំចេញផលិតផលផ្សេងៗទៅទីផ្សារក្រៅពីសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក។
លោក ង៉ែតជូ អ្នកសេដ្ឋកិច្ចនិងជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនៃក្រុមហ៊ុន EMC បានឱ្យដឹងថាសង្គ្រាមពាណិជ្ជកម្ម ចិន-សហរដ្ឋអាមេរិក យើងមិនទាន់ដឹងពីផលប៉ះពាល់ធំយ៉ាងណានៅពេលអនាគត ហើយយើងក៏មិនអាចទស្សទាយថាវាជះឥទ្ធិពលដល់ប្រទេសកម្ពុជាយើងយ៉ាងណាដែរ។ ទោះជាយ៉ាងប្រទេសកម្ពុជាមិនគួរពឹងផ្អែកទៅទីផ្សារនាំចេញដែលចង្អៀតមានន័យថាមានតែពីរបីប្រទេស ដូចជាវិស័យកាត់ដេរយើងពឹងផ្អែកតែលើការនាំចេញទៅទីផ្សារអឺរ៉ុបនិងអាមេរិក ។ លោក ង៉ែត ជូ មានប្រសាសន៍ថា «និយាយអីចឹង មិនមែនខ្ញុំឱ្យយោបល់ថាយើងនាំចេញសម្ភារៈកាត់ដេរទៅបណ្ដាប្រទេសផ្សេងទៀតនោះទេ។ ប៉ុន្តែយើងធ្វើយ៉ាងណាគួរធ្វើពិពិធកម្មសេដ្ឋកិច្ចកុំឱ្យផ្ដោតសំខាន់តែលើកាត់ដេរ និងកសិកម្ម អាចធ្វើពិពិធកម្មជំរុញលើវិស័យទេសចរណ៍ ឬក៏ផលិតអ្វីផ្សេងៗទៀតដែលអាចនាំចេញបណ្ដាប្រទេសផ្សេងៗដែលមិនមែនជាសហគមអឺរ៉ុបនិងអាមេរិក»។
លោកបានបន្តថា «ម្យ៉ាងទៀត ទាក់ទងនឹងប្រភពវិនិយោគពីបរទេសដូចគ្នា យើងគួរធ្វើពិពិធកម្មទាក់ទាញភ្ញៀវវិនិយោគក្រៅពីប្រទេសចិនឱ្យបានច្រើន ចៀសវាងយើងពឹងផ្អែកតែលើ FDI មកពីប្រទេសចិនជាង៥០% គឺវាមានហានិភ័យខ្ពស់ណាស់ មិនថាតែប្រទេសចិនទេ ទោះបីមានចំណងទាក់ទងជាមួយប្រទេសណាក៏ដោយបើយើងពឹងផ្អែកប្រភពវិនិយោគជាង៥០%មកពី ប្រទេសតែមួយ បើសិនប្រទេសនោះមានបញ្ហាយើងក៏មានបញ្ហាដែរ ។ ដូច្នេះគួរធ្វើពិពិធកម្មបែងការវិនិយោគពីបណ្តាប្រទេសផ្សេងៗទៀតឱ្យបានកាន់ច្រើន កាន់តែប្រសើរ»។
តាមអ្នកសេដ្ឋកិច្ចខាងលើបានបញ្ជាក់ថា «បញ្ហាEBA បើពិនិត្យមើលជាក់ស្ដែងមិនទាន់មានផលអវិជ្ជមានអ្វីធំដុំទេ។ ប៉ុន្តែគ្រាន់វាមានលក្ខណៈមួយ មានការខ្លាចផ្នែកចិត្ត
សាស្ត្រ ផ្នែកអារម្មណ៍ច្រើនជាង។ វាមិនទាន់មានផលអវិជ្ជមានអ្វីជាក់ស្ដែងនៅឡើយទេ។ បើយើងមើលទៅលើវិស័យសេដ្ឋកិច្ចកម្ពុជា ក្ដីព្រួយបារម្ភរបស់យើងគឺទាក់ទងនឹងវិស័យអចលនទ្រព្យទៅវិញទេ ព្រោះបច្ចុប្បន្ននេះទីផ្សារអចនទ្រព្យពឹងផ្អែកតែលើចិនហើយ
វិស័យអចលនទ្រព្យមិនសូវមានកំណើន»។
តាមលោក ង៉ែត ជូ ដើម្បីកាត់បន្ថយហានិភ័យការដក EBA នេះកម្ពុជាត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចជំរុញការផលិតកែច្នៃទៅលើផលិតផលកសិកម្ម ឧស្សាហ៍កម្មផ្សេងៗទៀត ក្រៅពីវិស័យកាត់ដេរនិងនាំចេញផលិតផលជាវត្ថុធាតុដើម។ ជាពិសេសធ្វើទំនើបកម្ម វិស័យទេសចរណ៍ដែលវាមានសក្តានុពលខ្លាំង តែកម្ពុជាមិនទាន់បានប្រើវាឱ្យអស់លទ្ធភាព មិនទាន់បានធ្វើទំនើបកម្ម មិនទាន់បានធ្វើទេសចរណ៍បែបបច្ចេកវិទ្យាដូចទៅនិងប្រទេសជិតខាងនោះទេ ។ ឧទារហ៍នៅប្រទេសថៃ គេមានភូកេតអែប អាចឱ្យភ្ញៀវទេសចរប្រើអែបនឹងជាហ្កាយ ដោយមិនគិតថ្លៃ មើលទៅភ្ញៀវទេសចរណ៍អាចពេញចិត្ត ងាយស្រួល អាចរកកន្លែងស្នាក់នៅ កន្លែងញ៉ាំ កន្លែងកម្សាន្តបាន។
ទាក់ទងនិងសង្គ្រាមពាណិជ្ជកម្មចិននិងសហរដ្ឋអាមេរិកនិងបញ្ហា EBA លោក ង៉ែតជូ បានលើកឡើងថា វាពិបាកប៉ាន់ស្មានថាមួយណានឹងមានឥទ្ធពលផលអវិជ្ជមានខ្លាំងមកលើសេដ្ឋកិច្ចប្រទេសកម្ពុជា ព្រោះវាសុទ្ធតែទាក់ទងនឹងពីរជំហ៊ាន ពោលក្នុងរយៈពេលខ្លី (Short-term) គឺមិនសូវមានបញ្ហាធំដុំអ្វីទេ ។ ប៉ុន្តែរយៈពេលវែង (Long-term) មិនដឹងថាការ
វិវត្តនៃសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិកយ៉ាងណានោះទេ ហើយដូចគ្នានៅក្នុងប្រទេស
កម្ពុជា ខ្ញុំបានពិភាក្សាជាមួយអ្នកបញ្ជាទិញក្នុងវិស័យកាត់ដេរហាក់ដូចជាមិនងាយទៅណាឆ្ងាយពីប្រទេសកម្ពុជាទេ ដោយសារតែប្រទេសផលិតផ្សេងៗទៀតដូចជា ចិន វៀតណាមហាក់ដូចជាឈប់ផលិតហើយ គឺគេងាកទៅរកផលិតរបស់ដែលមានតម្លៃថ្លៃជាងវិស័យកាត់ដេរ ចំណែកនៅប្រទេសភូមាក៏នៅមានបញ្ហាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស ហើយប្រទេសបង់ក្លាដេស ស្តង់ដារនៃការផលិតទាប។ អីចឹងចង់មិនចង់ប្រហែលបណ្ដាអ្នកបញ្ជាទិញវិស័យកាត់ដេរនៅបន្តទិញនៅកម្ពុជាទោះបីមានការប្រែប្រួលរឿង EBA ឥឡូវងាកមកពន្ធនៅចុងឆ្នាំ២០២០វិញក៏ដោយ អ្នកបញ្ជាទិញទំនងជានៅតែបន្តបញ្ជាទិញ។
លោកបានសង្កត់ធ្ងន់ថា «ចំពោះទស្សនៈខ្ញុំផ្ទាល់ផលប៉ះពាល់ទាំងឡាយដែលកើតឡើងពីសង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិក ក៏ដូចជានិន្នាការ ឬផ្លូវទៅអនាគតទាក់ទងនឹង EBA គឺថានឹងមិនមានផលប៉ះពាល់លើកម្ពុជាខ្លាំងភ្លាមៗនោះទេ។ ប៉ុន្តែវាអាចមានឥទ្ធពលជាអវិជ្ជមានជាបណ្ដើរៗ នៅចុងឆ្នាំ២០២០ ឬ ឆ្នាំ២០២១-២០២២ វាអាចមានឥទ្ធពលអវេជ្ជមានបណ្ដើរ អីចឹងកម្ពុជាហាក់នៅមានពេលវេលមួយចំនួននៅក្នុងការធ្វើពិពិតកម្មសេដ្ឋកិច្ចរបស់ខ្លួនជំរុញការវិនិយោគវិស័យដទៃទៀត»៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ