ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានដឹកនាំប្រតិភូ អន្តរមន្ទីរចុះពិនិត្យផ្លូវប្រឡាយទឹកកខ្វក់ ក្នុងក្រុងសៀមរាបនាថ្ងៃទី១១ ខែកញ្ញានេះ ព្រមទាំងការពង្រីក និងបើកសម្រួលផ្លូវមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋបានលើកជាសំណូមពរនាពេលកន្លងមកដោយផ្លូវមួយចំនួនបានបង្កឲ្យមានភាពតូចចង្អៀត និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងផ្លូវមួយចំនួនទទួលរងការខូចខាតដែលត្រូវរៀបចំធ្វើការជួសជុលស្ថាបនាឡើងវិញ ។
សូមបញ្ជាក់ថា ខេត្តសៀមរាបជាគោលដៅនៃភ្ញៀវទេសចរណ៍នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាក៏ដូចអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍន៍ខេត្តឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលឡើងថែមទៀតក្នុងការទទួលស្វាគមន៍ដល់ភ្ញៀវទេសចរ និង គណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ដែលបានចូលមកកាន់ខេត្តសៀមរាប ។ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើសេវាកម្មទេសចរណ៍អាជ្ញាធរខេត្តក៏បានលើកនូវគម្រោងក្នុងការជួសជុលផ្លូវក្នុងក្រុងសៀមរាប ។
ក្នុងការចុះពិនិត្យផ្លូវនាឱកាសនោះលោក ទៀ សីហា អភិបាលខេត្តក៏បានធ្វើការណែនាំមួយចំនួនដល់មន្ទីរសាធារណការ និងអាជ្ញាធរក្រុងសង្កាត់ គឺត្រូវសុំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យដោយផ្លូវទាំងនេះឲ្យពួកគាត់មានការចូលរួមសហការជាមួយក្រុមវិស្វកម្មសាធារណការក្នុងការរៀបចំប្រព័ន្ធលូបង្ហូរទឹកភ្លៀងឲ្យបានរួចរាល់មុនការរៀបចំធ្វើការជួសជុលស្ថាបនាផ្លូវទាំងនេះក្នុងការបញ្ជៀសនូវការទឹកដក់នៅលើទ្រូងផ្លូវដែលធ្វើឲ្យផ្លូវឆាប់ខូចខាត ព្រមទាំងសុំកុំឲ្យបងប្អូនយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវថ្មើរជើង និងអ្នកជិះកង់ម៉ូតូដែលធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពក្នុងក្រុងទៀតផង។
ក្នុងការពិនិត្យនោះ លោកក៏បានដាក់ផែនការឲ្យអាជ្ញាធរក្រុង សង្កាត់ ធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានសាងសង់លំនៅដ្ឋាន សណ្ឋាគារ រំលោភលើដីផ្លូវ និងនៅលើប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញដោយខេត្តមានគម្រោងធ្វើការរៀបចំផ្លូវមួយចំនួនសំខាន់ស្ថិតក្នុងតំបន់ផ្សាររាត្រី ដោយយកទ្រូងខ្នងលើប្រឡាយធ្វើជាផ្លូវក្នុងការបញ្ជៀសភាពកកស្ទះចរាចរណ៍ តែសម្រាប់យានយន្តតូចៗតែប៉ណ្ណោះ ។ ក្នុងនោះដែរដោយលោកបានទទួលសំណូមពរផ្ទាល់របស់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមតាមផ្លូវពីកេរ្ត៍សគោល ភ្ជាប់មកផ្លូវសម្តេចសង្ឃ ទេព វង្ស សុំឲ្យអាជ្ញាធរខេត្តបើកផ្លូវលក្ខណៈកដបនេះ ដែលមានប្រវែងប្រមាណ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ដែលបានជាប់គាំងជាច្រើនអាណត្តិមកហើយនោះ ។
លោក ទៀ សីហា ក៏បានជម្រាបបងប្អូនផងដែរថា ករណីផ្លូវនេះ គឺជាជំងឺរ៉ាំរ៉ៃយូរមកហើយ តែអាជ្ញាធរខេត្តក៏មិនប្រងើយកន្តើយផងដែរ ចំពោះលំនៅដ្ឋានទាំងពីរសង្ខាងផ្លូវនេះខេត្តនឹងធ្វើការអនុវត្តទៅតាមច្បាប់ភូមិបាលដែលបានកំណត់ចំពោះពួកគាត់ផងដែរ ។ ឱកាសនោះដែរ លោកនិងប្រតិភូក៏បានបន្តចុះពិនិត្យបណ្តាផ្លូវខ្នែង និងផ្លូវបំបែកចេញពីផ្លូវសម្តេចសង្ឃ ទេព វង្ស ដែលតភ្ជាប់ទៅផ្លូវប្រឡាយទឹកស្អុយ ផ្នែកខាងលិចដែលមានលក្ខណៈតូចចង្អៀត ហើយផ្លូវបទបែនជាច្រើនកន្លែងព្រមទាំងតែងបានបង្កឲ្យមានការគ្រោះថ្នាក់ទៀតផង ។
ម្យ៉ាងទៀតអាជ្ញាធរក្រុង និងចៅសង្កាត់ក៏ត្រូវធ្វើការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងការបើកពង្រីកផ្លូវមួយខ្សែនេះ ។ ក្នុងនោះដែរ លោកក៏សុំឲ្យមន្ទីរជំនាញក៏ត្រូវយកចិត្តទុកដាក់ត្រួត ពិនិត្យឡើងវិញនូវប្រព័ន្ធលូបង្ហូរទឹកភ្លៀងនៅតាមដងផ្លូវដែលក្រុមវិស្វកម្មមន្ទីរសាធារណការបានកំពុងធ្វើការជួសជុល ។ លោកក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សំខាន់បងប្អូនដែលមានលំនៅដ្ឋានតាមដងផ្លូវ និងប្រឡាយទឹកទាំងនេះ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក៏ដូចជា ក្រុមមន្ត្រីជំនាញ ក្នុងការថែរក្សាចំពោះ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈសុំកុំយកសម្រាមចាក់ចូលក្នុងលូ ឬប្រឡាយ ដែលធ្វើឲ្យស្ទះនូវចរន្តទឹកហូរ កកស្ទះក្នុងលូ ប្រឡាយទឹក និង ធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពក្រុងទៀតផង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ