ប្រទេសកូរ៉េខាងជើង ៖ បណ្ដាសារព័ត៌មានផ្លូវការរាយការណ៍នាថ្ងៃទី១១កញ្ញាថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន បានទៅពិនិត្យមើលការបាញ់សាកថ្មីនៃមីស៊ីលហ្វូងធុនធ្ងន់។ ការបាញ់សាកនោះដែលអះអាងមុននេះដោយកូរ៉េខាងត្បូង ធ្វើឡើងខណៈក្រុងព្យុងយ៉ាងស្នើដល់ក្រុងវ៉ាស៊ិនតោន ឲ្យធ្វើការចរចាឡើងវិញស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

កងទ័ពកូរ៉េខាងត្បូងធ្លាប់រៀបរាប់ ពីការបាញ់មីស៊ីលថ្មីរបស់ក្រុងព្យុងយ៉ាងកាលពីព្រឹកព្រលឹមថ្ងៃទី១០កញ្ញា ចេញពីភាគកណ្ដាលកូរ៉េខាងជើង។ មីស៊ីលទាំង២គ្រាប់នោះបានហោះហើរ ក្នុងចម្ងាយប្រមាណជា៣៣០គីឡូម៉ែត្រ មុនពេលធ្លាក់ទៅក្នុងសមុទ្រជប៉ុន។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើងKCNAរៀបរាប់ថា លោកគីមជុងអ៊ុនបានចុះទៅដឹកនាំផ្ទាល់លើទីលានសាកល្បង សំដៅស្ទង់មើលកម្លាំងរបស់មីស៊ីលនោះសម្រាប់យកទៅដាក់ពង្រាយ។ KCNAគូសបញ្ជាក់ទៀតថា នឹងមានការសាកល្បងថ្មីទៀតត្រូវបានគ្រោងធ្វើ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ