ប្រទេសជប៉ុន ៖ ព្យុះទីហ្វុងខ្លាំងមួយអមដោយខ្យល់បោកបក់និងភ្លៀងធ្លាក់ខ្លាំងបំផុត កាលពីយប់ថ្ងៃទី៨មកទី៩កញ្ញា បានវាយប្រហារតំបន់ក្រុងតូក្យូនាំឲ្យមានការណែនាំ ជម្លៀសមនុស្សចេញដ៏ច្រើន ការដាច់ភ្លើងព្រមទាំងការខូចខាតសម្ភារនានានិងកាត់ផ្ដាច់ការដឹកជញ្ជូន។
ជាមួយខ្យល់បោកបក់ក្នុងល្បឿនដល់២១៦គីឡូម៉ែត្រក្នុង១ម៉ោង ព្យុះទីហ្វុងឈ្មោះFAXAI បានបោកបក់ តាមបណ្ដោយឆ្នេរសមុទ្រCHIBA ភាគអាគ្នេយ៍ក្រុងតូក្យូក្រោយពីបោកកាត់ឆកសមុទ្រតូក្យូ។ អាជ្ញាធរបានចេញការណែនាំ ឲ្យជម្លៀសមនុស្សចេញជាង៣៩០.០០០នាក់។ បណ្ដាខណ្ឌក្នុងរាជធានី បានសម្រេចបិទទ្វារសាលារៀននាថ្ងៃទី៩កញ្ញា មកពីគ្រោះថ្នាក់នានា ទាក់ទិននឹងខ្យល់ដែលនៅតែខ្លាំង ទោះជាព្យុះបានបោកបក់ផុត ព្រោះខ្លាចធ្លាក់របស់របរនានាត្រូវ។
យោងតាមសារព័ត៌មាននានាថា ផ្ទះសម្បែងជាច្រើនរងការខូចខាត ក្នុងតំបន់ខាងត្បូងនៃទីក្រុងស៊ីហ្សូអូកាព្រមទាំងនៅទីក្រុងតូក្យូ។ បណ្ដារូបភាពផ្សាយតាមទូរទស្សន៍ បង្ហាញពីដំបូលស្ថានីយចាក់ប្រេងមួយត្រូវបាក់នៅក្រុងតាតេយ៉ាម៉ា ខាងត្បូងក្រុងតូក្យូ។
ការខូចខាតនានាក៏កត់សម្គាល់ឃើញ តាមបណ្ដាផ្លូវដែកក្នុងនោះមានការបាក់ដើមឈើ មកលើផ្លូវដែកដែលភ្ជាប់ក្រុងតូក្យូទៅតំបន់ជាយក្រុងភាគខាងត្បូង គឹទៅកាន់ក្រុងយូកូហាម៉ា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ