ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមគ្រោងសាកល្បង «តាក់ស៊ីហោះ» ប្រើយន្តហោះអគ្គិសនីឆ្លាតវៃ

2 ថ្ងៃ មុន

ប្រទេសវៀតណាម៖ ទីក្រុងហាណូយកំពុងសិក្សាគម្រោងសាកល្បងសេវា «តាក់ស៊ីហោះ» ដោយប្រើយន្តហោះអគ្គិសនីដែលអាចហោះឡើង និងចុះចតបញ្ឈរ ​ដើម្បីដឹកអ្នកដំណើរ និងទំនិញ។ គម្រោងនេះជាផ្នែកមួយនៃការសិក្សាអភិវឌ្ឍសេដ្ឋកិច្ចលំហអាកាសកម្ពស់ទាបរបស់ទីក្រុង។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dân Trí​។

កាលពីថ្ងៃទី២៨ ខែកញ្ញា នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ និងក្រុមហ៊ុន Hung Viet Trading, Investment and Technology JSC បានចុះកិច្ចព្រមព្រៀងសហការ ដើម្បីស្រាវជ្រាវ និងរៀបចំការសាកល្បងយន្តហោះស្វ័យប្រវត្តិ​នៅតំបន់ឧទ្យានបច្ចេកវិទ្យាខ្ពស់ Hoa Lac។

គម្រោងដែលស្នើឡើងនឹងអនុវត្តជាបួនដំណាក់កាល ហើយរួមមានការសិក្សាប្រព័ន្ធគ្រប់គ្រងចរាចរណ៍យន្តហោះគ្មានមនុស្សបើក ការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការ និងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធ។ ការសិក្សាក៏នឹងផ្តោតលើស្តង់ដាបច្ចេកទេស ច្បាប់ប្រតិបត្តិការ និងសុវត្ថិភាពនៃការហោះហើរ។

ទោះជាយ៉ាងណា ការចុះកិច្ចព្រមព្រៀងនេះ មិនមានន័យថា «តាក់ស៊ីហោះ» អាចចាប់ផ្តើមហោះសាកល្បងភ្លាមៗនៅហាណូយទេ។ ការសាកល្បងអាចធ្វើឡើងបាន លុះត្រាតែទទួលបានការអនុម័តជាផ្លូវការពីគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ៕